ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា ប្រទេសតួកគីនឹងកម្ចាត់ពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមដែលសេសសល់នៅក្នុងប្រទេសស៊ីរីចេញ បន្ទាប់ពីសហរដ្ឋអាមេរិកដកកងទ័ពរបស់ខ្លួនចេញ។
នៅក្នុងសារនៅលើ Twitter កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Trump បាននិយាយដូច្នេះថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan «បានប្រាប់ខ្ញុំយ៉ាងម៉ឺងម៉ាត់ថា លោកនឹងកម្ចាត់ពួកសកម្មប្រយុទ្ធ ISIS ដែលសេសសល់នៅក្នុងប្រទេសស៊ីរី។ លោកគឺជាមនុស្សម្នាក់ដែលអាចធ្វើរឿងនេះបាន ហើយចំណុចមួយទៀត គឺប្រទេសតួកគីជាប្រទេសជិតខាងស៊ីរី»។
លោក Trump បានបន្ថែមថា៖ «ទាហានរបស់យើងនឹងត្រឡប់មកកាន់មាតុភូមិវិញ»។
ការិយាល័យរបស់លោក Erdogan បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា លោក Erdogan និងលោក Trump បានឯកភាពគ្នា «ធានាឲ្យមាននូវការសម្របសម្រួលរវាងយោធា មន្ត្រីការទូត និងមន្ត្រីផ្សេងៗទៀតនៃប្រទេសរបស់លោកទាំងពីរ ដើម្បីជៀសវាងមិនឲ្យធ្លាក់ចូលក្នុងស្ថានការណ៍មួយដែលរដ្ឋាភិបាលគ្មានអំណាចពិតប្រាកដ ដែលករណីនេះអាចកើតឡើង បន្ទាប់ពីមានការរំលោភបំពានណាមួយលើដំណាក់កាលដកទ័ព និងដំណាក់កាលអន្តរកាលនៅក្នុងប្រទេសស៊ីរី»។
កាលពីសប្ដាហ៍មុន លោក Erdogan បាននិយាយថា ប្រទេសតួកគីផ្អាកប្រតិបត្តិការប្រឆាំងនឹងកងកម្លាំង Kurd នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីលោក Trump បានសម្រេចដកកងទ័ពអាមេរិកាំងចេញ។
កន្លងមក លោក Trump បានប្រកាសថា ពួកជ្រុលនិយមក្រុមរដ្ឋឥស្លាមបានទទួលបរាជ័យហើយ និងបាននិយាយថា វាដល់ពេលដែលប្រទេសជាសមាជិកដទៃទៀតនៃសម្ព័ន្ធភាពប្រឆាំងក្រុមភេរវជនរដ្ឋឥស្លាម ចាត់វិធានការបោសសម្អាតពួកភេរវជន ដែលនៅសេសសល់៕