លោកស្រី Kirstjen Nielsen រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកបានត្រូវគេបង្ខំឲ្យចុះចេញពីតំណែង ជាជាងចុះចេញពីតំណែងដោយខ្លួនឯង។ នេះតាមសេចក្តីរាយការណ៍ជាច្រើនរបស់បណ្តាញផ្សាយព័ត៌មានរបស់សហរដ្ឋអាមេរិក។
លោកស្រី Nielsen បានបញ្ជូនលិខិតសុំលាលែងពីតំណែងរបស់លោកស្រី កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីជួបជាមួយប្រធានាធិបតី ត្រាំ នៅឯសេតវិមាន ដែលបានសម្តែងនូវការខឹងសម្បារស្ទើររៀងរាល់ថ្ងៃ ចំពោះជនចំណាកស្រុករាប់ពាន់នាក់មកពីតំបន់អាមេរិកកណ្តាល ដែលឆ្លងកាត់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកជាមួយប្រទេសម៉ិកស៊ិក ដើម្បីសុំសិទ្ធិជ្រកកោនក្នុងសហរដ្ឋអាមេរិក។
សេចក្តីរាយការណ៍ព័ត៌មាន បានប្រាប់ឲ្យដឹងថា លោកស្រីរដ្ឋមន្ត្រី Nielsen មិនមានបំណងចាកចេញពីតំណែងទេ នៅពេលដែលលោកស្រីបានទៅជួបជាមួយប្រធានាធិបតី ត្រាំ នោះ ក៏ប៉ុន្តែ គឺលោក ត្រាំ បានសម្រេចសុំឲ្យលោកស្រីលាចេញពីតំណែងរបស់លោកស្រី ដែលលោកស្រីបានបញ្ជូនសំណើលាចេញពីតំណែងភ្លាមៗបន្ទាប់ពីជំនួបនោះ។
អ្នកប្រកាន់នយោបាយតឹងរ៉ឹងប្រឆាំងនឹងជនអន្តោប្រវេសន៍ក្នុងសេតវិមាន រួមមានលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិនិងលោក Stephen Miller ទីប្រឹក្សាគោលនយោបាយអន្តោប្រវេសន៍ បានជំរុញប្រធានាធិបតី ត្រាំ ឲ្យបណ្តេញលោកស្រីរដ្ឋមន្ត្រីចេញពីតំណែង។ ពួកគេបានចាត់ទុកលោកស្រីរដ្ឋមន្ត្រី Nielsen មិនមានវិធានការខ្លាំងគ្រប់គ្រាន់ដើម្បីដោះស្រាយវិបត្តិនៅព្រំដែន។
ប្រធានាធិបតីត្រាំបានប្រកាសថា លោក Kevin McAleenan អគ្គស្នងការពន្ធគយនិងការពារព្រំដែន នឹងជំនួសលោកស្រី Nielsen ជារដ្ឋមន្ត្រីក្រសួងការពារសន្តិសុខមាតុភូមិស្តីទី ដោយលោកស្រី Nielson នឹងស្ថិតនៅរហូតដល់ថ្ងៃពុធស្អែកនេះដែលជាអន្តរកាលដ៏ខ្លីមួយ៕