អ្នកស្រី Kirstjen Nielsen រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានលាលែងពីតំណែង បន្ទាប់ពីបានកាន់តំណែងនេះបានរយៈពេល ១៦ ខែមក និងបន្ទាប់ពីរងសម្ពាធខ្លាំងក្លាពីសេតវិមានប្រធានាធិបតី និងសាធារណជន ពាក់ព័ន្ធនឹងស្ថានការណ៍នៅតាមបណ្ដោយព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក។
អ្នកស្រី Nielsen បានបញ្ជាក់នៅក្នុងលិខិតលាលែងពីតំណែងរបស់អ្នកស្រី ដែលបានផ្ញើជូនលោកប្រធានាធិបតី Donald Trump យ៉ាងដូច្នេះថា៖ «ទោះបីជាមានការវិវឌ្ឍទៅមុខនៅក្នុងការកែទម្រង់សន្តិសុខមាតុភូមិសម្រាប់យុគសម័យថ្មីក៏ដោយ ក៏ខ្ញុំបានសម្រេចថា នេះជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ខ្ញុំក្នុងការចុះចេញពីតំណែង»។
ទោះបីជាអ្នកស្រីមិនបានបញ្ជាក់ឲ្យបានច្បាស់ថា ហេតុអ្វីបានជាអ្នកស្រីលាលែងពីតំណែងក៏ដោយ ក៏អ្នកស្រីបានសរសេរថា អ្នកស្រីសង្ឃឹមថា រដ្ឋមន្ត្រីបន្ទាប់ «នឹងមានការគាំទ្រពីសភា និងតុលាការ នៅក្នុងរឿងកែទម្រង់ច្បាប់ណាដែលបានរារាំងដល់លទ្ធភាពរបស់យើង នៅក្នុងការការពារព្រំដែនសហរដ្ឋអាមេរិកឲ្យបានពេញលេញ និងច្បាប់ណាដែលរួមចំណែកនៅក្នុងការបង្កឲ្យមានការខ្វែងគំនិតគ្នានៅក្នុងការពិភាក្សាដេញដោលរបស់ជាតិយើង»។
ក្រោយមក អ្នកស្រី Nielsen បានបញ្ជាក់នៅលើ Twitter ថា ថ្ងៃចុងក្រោយដែលអ្នកស្រីកាន់មុខតំណែងនេះ គឺនៅថ្ងៃពុធខាងមុខនេះ។
កន្លងមក លោក Trump បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះស្ថានការណ៍នៅតាមបណ្ដោយព្រំដែនជាប់ប្រទេសម៉ិកស៊ិក ដែលនៅទីនោះ ជនចំណាកស្រុករាប់សែននាក់បានព្យាយាមឆ្លងចូលសហរដ្ឋអាមេរិក ដើម្បីគេចពីភាពក្រីក្រ និងឧក្រិដ្ឋកម្មនៅតាមបណ្ដាប្រទេសនៅទ្វីបអាមេរិកកណ្ដាល៕