ក្រសួងសន្តិសុខមាតុភូមិអាមេរិកបានប្រកាសនូវសំណើមួយដែលមានបំណងចង់ធានាថា អ្នកដែលចង់ចូលមករស់នៅក្នុងសហរដ្ឋអាមេរិក «នឹងមិនពឹងផ្អែកលើជំនួយដែលទទួលបានពីរដ្ឋ» ដូចជា កម្មវិធីជំនួយម្ហូបអាហារ ថ្នាំពេទ្យ ឬក៏ផ្ទះសម្បែងជ្រកកោននោះទេ។
ក្រសួងនេះបានប្រកាសដូច្នេះជាសាធារណៈកាលពីថ្ងៃសៅរ៍ម្សិលមិញ។ លោកស្រី Kirstjen Nielsen រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិបាននិយាយថា ក្រសួងចង់បានមតិពីសាធារណជនអំពីច្បាប់ដែលបានស្នើឡើងនេះដើម្បីធ្វើឲ្យមានតម្លាភាព។
លោកស្រីបាននិយាយយ៉ាងដូច្នេះថា៖ «ច្បាប់ដែលបានស្នើឡើងនេះ នឹងអនុវត្តច្បាប់មួយដែលបានអនុម័តដោយសភា ដែលមានគោលបំណងជំរុញឲ្យជនអន្តោប្រវេសន៍ពឹងផ្អែកលើខ្លួនឯង និងដើម្បីការពារធនធានរបស់រដ្ឋដែលមានកំណត់ដោយធានាថា ជនអន្តោប្រវេសន៍ទាំងនោះទំនងជានឹងមិនក្លាយទៅជាបន្ទុករបស់ពលរដ្ឋអាមេរិកដែលជាអ្នកបង់ពន្ធជូនរដ្ឋនោះទេ»។
សេចក្ដីប្រកាសរបស់ក្រសួងនេះបានបញ្ជាក់ថា «ការហាមឃាត់បុគ្គលណាម្នាក់ផ្អែកលើការណ៍ដែលបុគ្គលនោះពឹងផ្អែកលើជំនួយរបស់រដ្ឋ» គឺនឹងត្រូវកំណត់ដោយការវាយតម្លៃលើថាតើបុគ្គលនោះទំនងនឹងអាចក្លាយទៅជាជាអ្នកពឹងផ្អែកលើរដ្ឋនៅពេលណាមួយ ឬក៏អត់នៅពេលអនាគត។
សេចក្ដីប្រកាសនោះបានបន្តថា ពាក្យ «ពឹងផ្អែកលើរដ្ឋ» នេះ សំដៅលើមនុស្សម្នាក់ដែលទទួលបានជំនួយពីរដ្ឋលើសពី «ចំនួនដែលបានកំណត់» ឬក៏ទទួលបានជំនួយនោះយូរជាងពេលវេលាកំណត់ណាមួយ។
សេចក្ដីប្រកាសនោះក៏បានបន្ថែមទៀតផងដែរថា ក្រសួងសន្តិសុខមាតុភូមិនឹងកំណត់ថា «ការទទួលបានជំនួយពីរដ្ឋនៅពេលបច្ចុប្បន្ន និងកាលពីអតីតកាលលើសពីចំនួនកំណត់» គឺជា «កត្តាអវិជ្ជមានធ្ងន់ធ្ងរមួយសម្រាប់ថ្លឹងថ្លែង»៕