នាវាពិឃាដសហរដ្ឋអាមេរិកដែលបានបុកជាមួយកប៉ាល់ដឹកទំនិញមួយគ្រឿងនៅផ្ទៃ ទឹកទល់មុខឆ្នេរសមុទ្រជប៉ុនបានវិលត្រឡប់មកកាន់ទីតាំងរបស់ខ្លួនវិញហើយ។ នាវា USS Fitzgerald បានវិលត្រឡប់មកកាន់កំពង់ផែ Yokosuka នៃប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍ម្សិលមិញ។ កិច្ចខំប្រឹងប្រែងរុករកនិងជួយសង្គ្រោះបានបន្តដើម្បីរកនាវិក៧នាក់ដែលកំពុងបាត់ខ្លួន។
កាលពីដំបូង នាវាបានប្រាប់ឲ្យដឹងថា សមាជិកនាវិក២នាក់បន្ថែមទៀតក្រៅពីលោក Bryce Benson ដែលជាមន្រ្តីបញ្ជា្កការបានរងរបួសហើយបានជម្លៀសពីនាវាពិឃាត Fitzgerald ទៅកាន់មន្ទីរពេទ្យរបស់កងនាវាសហរដ្ឋអាមេរិកនៅទីក្រុងកំពង់ផែ Yokosuka។ មេបញ្ជាការរូបនោះត្រូវបានគេរាយការណ៍ថាបានស្ថិតនៅក្នុងស្ថានភាពនឹងនរ ខណៈដែលសមាជិកនាវិកផ្សេងទៀតបានត្រូវព្យាបាលរបួសនិងស្នាមជាំ។
កប៉ាល់ដឹកទំនិញឈ្មោះ ACX Crystal បានបើកទៅកាន់ទីក្រុងតូក្យូកាលពីរសៀលថ្ងៃសៅរ៍ដោយមានការខូចខាតបន្តិចបន្តួច។ គ្មានមនុស្សនៅលើកប៉ាល់ដឹកទំនិញដែលដាក់ទង់ជាតិប្រទេសហ្វីលីពីនបានត្រូវគេរាយការណ៍ថាមានរបួសទេ។
យោងតាមទីភ្នាក់ងារព័ត៌មាន Jiji បានប្រាប់ឲ្យដឹងថា កាពីតែនរបស់កប៉ាល់ដឹកទំនិញ ACX Crystal បាននិយាយថា កប៉ាល់របស់លោកបានធ្វើដំណើរក្នុងទិសដៅដូចគ្នានិងនាវាពិឃាតុសហរដ្ឋអាមេរិកហើយបន្ទាប់មកបានបុកគ្នាតែម្តង។
ការបុកគ្នាបានកើតមានឡើងប្រហែលនៅម៉ោង២:៣០ព្រឹកម៉ោងនៅក្នុងស្រុកកាលពីថ្ងៃសៅរ៍ដែលស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រភាគនារតីនៃទីក្រុង Yokosukaនៃប្រទេសជប៉ុន នេះយោងតាមកងនាវាទី៧ដែលប្រតិបត្តិការនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចនិងនៅក្នុងមហាសមុទ្រឥណ្ឌា៕