កង​នាវា​សហរដ្ឋអាមេរិក​ថា យន្តហោះ​ចម្បាំង​រុស្ស៊ី​បាន​ស្ទាក់​យន្តហោះ​ស៊ើបការណ៍​អាមេរិក​ដោយ​ការ​បើក​មក​ជិត​បំផុត

រូប​ឯកសារ៖ រូបថត​កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩​នេះ​បង្ហាញ​ថា​ យន្តហោះ​ធុន Su-35 របស់​រុស្ស៊ី​កំពុង​ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ពអាកាស Hemeimeem នៅ​ក្នុង​ប្រទេស​ស៊ីរី។

មន្រ្តី​យោធា​សហរដ្ឋអាមេរិក​បាន​និយាយ​ថា យន្តហោះ​ចម្បាំង​មួយ​គ្រឿង​របស់​រុស្ស៊ី​បាន​មក​ជិត​យន្តហោះ​ស៊ើបការណ៍​សហរដ្ឋអាមេរិក​ដែល​ជា​គ្រោះថ្នាក់​បំផុត​នៅ​សមុទ្រ​មេឌីទែរ៉ាណេ ដោយ​ប្រឈម​មុខ​គ្នា​បែប​នេះ​២ដង​ក្នុង​រយៈពេល​៤ថ្ងៃ​នៅ​ក្នុង​តំបន់​នោះ។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ កង​នាវា​សហរដ្ឋអាមេរិក មិន​បាន​និយាយ​តើ​ការ​ប្រឈមមុខ​ដាក់​គ្នា​នោះ​បាន​កើត​មាន​នៅ​ទីកន្លែង​ណា​ពិតប្រាកដ​ទេ ដោយ​គ្រាន់តែ​ថា ការណ៍​នេះ​បាន​កើត​មាន​ឡើង​នៅ​ផ្ទៃ​ទឹក​អន្តរជាតិ។

ទីកន្លែង​ដែល​តាមដាន​យន្តហោះ​ជាច្រើន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ឧបទ្ទវហេតុ​នោះ​ បាន​កើត​មាន​ឡើង​នៅ​សមុទ្រ​មេឌីទែរ៉ាណេ​ខាង​កើត មិន​ឆ្ងាយ​ពី​ឆ្នេរ​សមុទ្រ​របស់​ប្រទេស​ស៊ីរី​ទេ។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​ធុន Su-35 បាន​បើក​មក​ជិត​យន្តហោះ​ធុន P-8A របស់​កងទ័ព​សហរដ្ឋអាមេរិក​ចំនួន​២លើក​កាលពី​ថ្ងៃអាទិត្យ ហើយ​ក្នុង​អំឡុង​លើកទី២ ឧបទ្ទវេហតុ​នេះ​បាន​កើត​មាន​ឡើង​នៅ​ចន្លោះ​ពី​គ្នា​៨ម៉ែត្រ​ពី​យន្តហោះ​របស់​សហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍​នោះ​បាន​បន្ត​ទៀត​ថា «ការ​ស្ទាក់​ជា​លើក​ទី២​បាន​ត្រូវ​កំណត់​ថា មិន​មាន​សុវត្ថិភាព​ហើយ​មិន​មាន​វិជ្ជាជីវៈ»។

ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី​បាន​ចេញ​សេចក្តីថ្លែងការណ៍​នៅ​លើទំព័រ Facebook របស់​ខ្លួន​កាលពី​ថ្ងៃចន្ទ ដោយ​បាន​បញ្ជាក់​ពី​ការ​ប្រឈម​គ្នា​ហើយ​និយាយ​ថា យន្តហោះ​ចម្បាំង​ធុន Sukhoi បាន​ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ពអាកាស Hmeimim បាន​ជួបប្រទះ​យន្តហោះ​របស់​សហរដ្ឋអាមេរិក ក៏ប៉ុន្តែ​ មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ទេ។

P-8A Poseidon របស់​សហរដ្ឋអាមេរិក ជា​យន្តហោះ​វាយប្រហារ​នាវា​មុជទឹក​និង វាយប្រហារ​កាំជ្រួច​រុស្ស៊ី មាន​មូលដ្ឋាន​នាវា​នៅ​កំពង់ផែ Tartus នៃ​ប្រទេស​ស៊ីរី នៅ​ក្នុង​ការ​គាំទ្រ​កិច្ចប្រតិបត្តិការ​តាម​អាកាស និង​ថ្មើរជើង​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ីរី។

សហរដ្ឋអាមេរិក​អង្គការ​អូតង់ និង​ប្រទេស​រុស្ស៊ី​មាន​ការ​ប្រឈមមុខ​គ្នា​ជា​ប្រចាំ​តាម​យន្តហោះ​នៅ​ជុំវិញ​ពិភពលោក៕