នាវា​ដឹក​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​និងកងនាវា​អមដំណើរ​បានបើកកាត់​ច្រក​សមុទ្រ Hormuz

រូបឯកសារ៖ នាវាដឹកយន្តហោះ USS Abraham Lincoln នៅតំបន់ច្រកសមុទ្រ Hormuz កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

នាវា​ដឹក​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​និងកងនាវា​អមដំណើរ​បានបើកកាត់​ច្រក​សមុទ្រ Hormuz កាលពី​ថ្ងៃអង្គារ​នៅពេលមានកំណើនភាពតានតឹង​នៅ​ក្នុង​តំបន់ឈូង​សមុទ្រពែក។

នេះជា​លើក​ដំបូង​ហើយ​ដែលនាវា​ដឹក​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​និងកងនាវា​អមដំណើរ​របស់​សហរដ្ឋអាមេរិក​បានបើកកាត់​ផ្លូវ​ទឹក​សំខាន់នេះ​ចាប់តាំង​ពី​អ៊ីរ៉ង់​បានបាញ់​ទម្លាក់យន្តហោះដ្រូនអាមេរិកាំង​មួយ​គ្រឿងកាលពីខែ​មិថុនានៅ​ក្នុង​តំបន់នោះ។

សេចក្តី​ថ្លែងការណ៍​មួយ​របស់កង​ទ័ពជើងទឹក​សហរដ្ឋអាមេរិកបាននិយាយថា​ កងនាវាចម្បាំង​ Abraham Lincoln បានបើក​កាត់ច្រក​សមុទ្រ​នេះ​ដោយ​គ្មានឧប្បត្តិហេតុ​ទេ។

ភាពតានតឹង​នៅ​ក្នុង​ឈូង​សមុទ្រពែកបានកើនខ្លាំងឡើងៗ​ចាប់តាំង​ពី​មានការ​វាយប្រហារ​កាលពី​រដូវក្តៅ​មុន​ទៅលើនាវា​ដឹកប្រេង​នៅក្នុង​តំបន់នោះនិង​ទៅលើ​កន្លែង​ថាមពលក្នុង​ប្រទេសអារ៉ាប៊ីសាអូឌីត។​

សហរដ្ឋអាមេរិកបានចោទប្រកាន់​អ៊ីរ៉ង់ថា​ បានធ្វើការវាយប្រហារនោះ​ដែល​ជា​ការ​ចោទប្រកាន់មួយអ៊ីរ៉ង់​បានបដិសេធ។​

ប្រេងប្រមាណ​មួយភាគប្រាំ​នៃពិភពលោក​បានដឹក​ជញ្ជូន​ឆ្លង​កាត់ច្រក​សមុទ្រ​នេះ។​ប្រទេស​អ៊ីរ៉ង់​បានគំរាមកំហែង​បិទ​ច្រក​សមុទ្រ​នេះ​ប្រសិន​សត្រូវខ្លួន​ដូចជា​សហរដ្ឋអាមរិកជា​ដើម​ធ្វើសកម្មភាពអរិភាពប្រឆាំងនឹង​ខ្លួន៕