អង្គការ​ណាសា​បង្ហោះ​យាន​ Solar Probe ​ទៅក្បែរ​ព្រះអាទិត្យ​

កាំជ្រួច​ Delta IV ដែល​មាន​ផ្ទុក​ Parker Solar Probe ​ត្រូវ​បាន​បង្ហោះ​ចេញ​ពី​បន្ទាយ​អាកាស​ Kennedy Space កាលពី​ថ្ងៃទី១២ សីហា ២០១៨។

បេសកកម្ម​ជាប្រវត្តិសាស្រ្តរបស់​អង្គការ​ណាសាឆ្ពោះទៅ​ព្រះអាទិត្យ​បានចាប់ផ្តើមហើយ។​

យានអវកាសParker Solar Probe ​បាន​ចាប់ផ្តើម​ហោះចេញ​ពី​ក្រុង​Cape Canaveral ​ក្នុង​រដ្ឋផ្លរីដា​នៅ​ព្រឹកថ្ងៃអាទិត្យ​នេះ។​

គោល​បំណងនៃ​យាននេះ​គឺ​ឆ្ពោះទៅ​បរិមណ្ឌលនៃព្រះអាទិត្យ​ដោយ​ធ្វើ​ដំណើរ​ឱ្យ​កៀក​នឹង​ព្រះអាទិត្យ​ជាង​យានអវកាស​ដទៃទៀត​ក្នុង​ពេល​កន្លង​មក។

យាន​អវកាស​ Parker Sola Probe ​មាន​ទំហំ​ប៉ុន​រថយន្ត​តូចមួយ​ដែល​មាន​ទំងន់​ជាង​៦០០គីឡូក្រាម​ហើយ​នឹង​មាន​អាច​ហោះ​រហូតដល់ល្បឿន​ជិត​៧សែន​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែល​ជាល្បឿន​លឿនជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​យាន​អវកាស។ បើប្រៀប​ធៀប​ល្បឿន​គឺ​យាន​នេះ​អាច​ហោះហើរ​ពីទីក្រុង​ហ្វីឡាដែលហ្វីយ៉ា​មក​រដ្ឋ​ធានី​វ៉ាស៊ីនតោន​តែ​ក្នុង​រយៈ​ពេល​មួយ​វិនាទីប៉ុណ្ណោះ។

អង្គការ​ណាសាមាន​បំណង​បញ្ជូន​យាន​អវកាស​ស្ទង់មើល​ទៅ​បរិមណ្ឌល​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​ជាយូរ​មកហើយ​ប៉ុន្តែ​មិន​មាន​បច្ចេកវិទ្យា​គ្រប់​គ្រាន់​ដើម្បី​ការ​ពារ​យាន​ពីកម្តៅព្រះអាទិត្យ។

ការហោះហើរ​នៃ​យាន​នេះ​កាត់តាម​បរិមណ្ឌល​នៃ​ព្រះអាទិត្យ​នឹង​ធ្វើ​ឱ្យ​គេ​សង្កេតមើលដឹង​ពី​ល្បឿន​ខ្យល់​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ដែល​លោក​បណ្ឌិត Eugene Parker ​ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​រូបវិទ្យា​បាន​ប៉ាន់ស្មាន​កាលពីឆ្នាំ​១៩៥៨​ថា​ពិតជាមានខ្យល់បក់​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ ​

លោក​Adams Szabo ​ប្រធាន​បេសកកម្ម​នេះ​បញ្ជាក់​ថា​លោក​មាន​ក្តី​រំភើប​ដែល​អាច​បញ្ជូន​យាន​អវកាស​នេះ​ទៅ​បរិមណ្ឌល​ព្រះ អាទិត្យ​ពីព្រោះ​វា​ជា​កន្លែង​ចុងក្រោយ​ដែល​អ្នក​វិទ្យាសាស្រ្តមិន​ទាន់​បាន​ស្រាវជ្រាវ។