សហរដ្ឋ​អាមេរិក​ចាត់​វិធានការ​បង្អាក់​បណ្ដាញ​ចែក​ចាយ​ប្រេង​របស់​អ៊ីរ៉ង់

រូបឯកសារ៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និង​លោក Hassan Rouhani ប្រធានាធិបតី​អ៊ីរ៉ង់។

ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​ចាត់​វិធានការ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដើម្បី​រារាំង​បណ្ដាញ​ដឹក​ជញ្ជូន​ប្រេង​របស់​អ៊ីរ៉ង់​ដែល​ខ្លួន​ចោទ​ថា​បាន​ឧបត្ថម្ភ​ដល់​អំពើ​ភេរវកម្ម ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​បង្ហាញ​សុទិដ្ឋិនិយម​អំពី​ការ​ទំនាក់​ទំនង​ជាមួយ​នឹង​អ៊ីរ៉ង់​ផ្នែក​ការទូត។

លោក ត្រាំ​ និយាយ​ដូច្នេះ​ថា៖ «អ៊ីរ៉ង់​ចង់​ចរចា។ អ៊ីរ៉ង់​ចង់​ធ្វើ​កិច្ច​ព្រមព្រៀង»។ លោក ត្រាំ​ បញ្ជាក់​ដូច្នេះ​នៅ​ក្នុង​ការិយាល័យ​របស់​លោក​ក្នុង​សេតវិមាន នៅ​ពេល​ដែល​អ្នក​កាសែត​បាន​សួរ​លោក​អំពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី ​ដែល​ក្រសួង​ហិរញ្ញវត្ថុ​បាន​ប្រកាស​ និង​អំពី​ថា​តើ​លោក​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ Hassan Rouhani ​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ពេល​ខាង​មុខ​នេះ​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ។

លោក ត្រាំ​ បាន​បញ្ជាក់​ជា​ថ្មី​ឡើង​វិញ​ថា ​សហរដ្ឋ​អាមេរិក​ «គ្មាន​បំណង​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ [នៅ​អ៊ីរ៉ង់] នោះ​ទេ»។

លោក ត្រាំ​ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា៖ «អ៊ីរ៉ង់​មាន​សក្ដានុពល​ធំធេង ហើយ​ខ្ញុំ​គិត​ថា ពួកគេ​ចង់​កេង​ប្រយោជន៍​ពី​នេះ»។

អ៊ីរ៉ង់​បាន​ប្រកាស​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ខ្លួន​នឹង​ដក​ថយ​បន្ថែម​ទៀត​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥។ កាល​ពី​ឆ្នាំ​មុន លោក ត្រាំ​ បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​នេះ។

ការណ៍​ដែល​អ៊ីរ៉ង់​ប្រកាស​ថា​ នឹង​ដក​ខ្លួន​ថយ​បន្ថែម​ទៀត​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នេះ​គឺ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ការិយាល័យ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល ១០ នាក់ អង្គភាព ១៦ និង​នាវា ១១ គ្រឿង ដែល​គ្រប់គ្រង​ដោយ និង​ផ្ដល់​ការ​ផ្គត់ផ្គង់​ផ្នែក​ថវិកា​ដល់​កង​កម្លាំង​ឆ្មាំ​បដិវត្តន៍​ឥស្លាម និង​ក្រុម Hezbollah ដែល​ជា​ក្រុម​ភេរវកម្ម​របស់​កង​កម្លាំង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​នេះ៕