មន្ត្រីយោធាកំពូលសហរដ្ឋអាមេរិកមួយរូបបានហៅមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ថាជា «បុរសដែលគោរពពាក្យសម្ដីរបស់ខ្លួន» ស្របពេលដែលមន្ត្រីយោធារូបនេះគាំទ្រការអះអាងរបស់មន្ត្រីយោធាសំខាន់ៗផ្សេងទៀតដែលថា ការពិភាក្សារបស់សហរដ្ឋអាមេរិកជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងជើងកំពុងតែវិវឌ្ឍទៅមុខបានល្អ។
លោកឧត្ដមសេនីយ៍ Vincent Brooks ដែលជាមេបញ្ជាការកងកម្លាំងសហរដ្ឋអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូង បាននិយាយថា តាំងពីពេលដែលកូរ៉េខាងជើងសាកល្បងគ្រាប់មីស៊ីលលើកចុងក្រោយកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ មក ភាសា និងកាយវិការរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង «បានបង្ហាញឲ្យឃើញពីការផ្លាស់ប្ដូរទិសដៅ ដែលប្រហែលជាការផ្លាស់ប្ដូរនៅក្នុងវិធីសាស្ត្រវែកញែករកហេតុផលដែលសហរដ្ឋអាមេរិកចង់ឃើញ»។
លោក Vincent Brooks បានថ្លែងដូច្នេះទៅកាន់ទស្សនិកជននៅឯវេទិកាសន្តិសុខ Aspen នៅក្នុងទីក្រុង Aspen រដ្ឋ Colorado សហរដ្ឋអាមេរិកតាមរយៈសន្និសីទវីដេអូ កាលពីថ្ងៃសៅរ៍ម្សិលមិញ។
ប្រធានាធិបតីអាមេរិកលោក Donald Trump និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានបង្ហាញសុទិដ្ឋិនិយមម្ដងហើយម្ដងទៀតអំពីការពិភាក្សាជាបន្តជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងជើង តាំងពីលោក Trump និងលោក Kim Jong Un បានជួបពិភាក្សាគ្នានៅក្នុងប្រទេសសិង្ហបុរីកាលពីខែមុនមក។
កាលពីថ្ងៃសុក្រ លោក Pompeo បាននិយាយថា លោក និងលោក Trump នៅតែមាន «សុទិដ្ឋិនិយម» ចំពោះក្ដីរំពឹងដែលថា ប្រទេសកូរ៉េខាងជើងនឹងបន្តធ្វើឲ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងដែលអាចផ្ទៀងផ្ទាត់បាន៕