យោធា​អាមេរិក៖ អ្នក​បំផ្ទុះ​គ្រាប់បែក​នៅ​ក្រៅ​អាកាស​យានដ្ឋាន​កាប៊ុល​គឺ​​តែ​ម្នាក់ មិនមែន​ពីរនាក់​ទេ

  • Steve Herman

យុទ្ធជន​តាលីបង់​ម្នាក់កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២១ ​យាម​នៅ​ទី​កន្លែង​​ក្បែរ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល ដែល​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​កាល​ពី​​មួយ​ថ្ងៃ​មុន​នោះ ហើយ​ដែល​បាន​សម្លាប់​ទាហាន​អាមេរិក​១៣​នាក់នោះ។

ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃសុក្រ​នេះ​ថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​បាន​ធ្វើ​ឡើង​នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​ទីក្រុង​កាប៊ុល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​បាន​សម្លាប់​មនុស្ស​ជាង ១០០ នាក់ រួមទាំងបុគ្គលិក​យោធា​អាមេរិក​ផងដែរ តាម​ពិត​មានតែ​ម្នាក់​ទេ គឺ​ខុស​ពី​ការ​ជឿ​ជាក់​ពី​មុន​ដែល​គេ​បាន​គិត​ថាបាន​ធ្វើឡើង​ដោយ​មនុស្ស​ពីរនាក់​នោះ

ឧត្តមសេនីយ៍​យោធា​លោក Hank Taylor បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​មន្ទីរ​បញ្ចកោណ​ថា៖ «វា​មិនមែន​ជា​រឿង​គួរឲ្យ​ភ្ញាក់ផ្អើល​ទេ ដែល​ការ​ភ័ន្តច្រឡំនៅ​ពេល​មាន​ព្រឹត្តិការណ៍​ដ៏​ជ្រួលច្របល់​ខ្លាំង​បែប​នេះ អាច​បណ្តាល​ឱ្យ​មាន​ការរាយការណ៍​ព័ត៌មាន​ខ្លះ ខុស​នោះ»។

ហ្វូងមនុស្ស​ដែល​អន្ទះសា​ចង់​ចាកចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន បាន​ប្រមូលផ្តុំគ្នាជា​ថ្មីនៅ​ខាងក្រៅ​អាកាស​យានដ្ឋាន​ទីក្រុង​កាប៊ុល​នៅ​ព្រឹក​ថ្ងៃសុក្រ​ខណៈដែល​ជើង​ហោះហើរ​ជម្លៀស បាន​ចាប់ផ្តើម​ឡើងវិញ គឺ​មិន​ដល់​មួយថ្ងៃ បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់បែក​ដ៏​ប្រល័យ​នោះ។

រូប​ថត​ពី​វីដេអូ​បង្ហាញ​អំពី​មនុស្ស​ដែល​របួស​ពី​ការ​បំផ្ទុះ​អត្តឃាត​នៅ​ក្បែរ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១។

កាសែត The Wall Street Journal បាន​រាយការណ៍​ថា ក្រោយ​មកទៀត​នៅ​ថ្ងៃសុក្រ​ដដែល​នេះ ហ្វូង​មនុស្ស​បាន​បំបែកគ្នា នៅពេល​មាន​ពាក្យ​ចចាម​អារ៉ាម​ថា នឹង​មាន​ការវាយ​ប្រហារ​ភេរវកម្ម​មួយ​ទៀត នឹង​កើតឡើង។ អ្នក​យក​ព័ត៌មាន​របស់​វីអូអេ​ម្នាក់​ដែល​បាន​ទៅ​មើល​តំបន់​នោះ​នៅ​ព្រឹក​ថ្ងៃសុក្រ​បាន​ឃើញ​ថា តាម​ដងផ្លូវ​ភាគច្រើន គឺ​មាន​ភាព​ទទេរ​ដោយ​មាន​កងសន្តិសុខ​តាលីបង់​រារាំង​មិន​ឲ្យ​ចូល​ទៅកាន់​ផ្លូវ​ក្បែរ​អាកាស​យានដ្ឋាន​នោះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្តេជ្ញា​សងសឹក​ចំពោះ​អ្នក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការវាយប្រហារ​ដ៏​ប្រល័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​បាន​ធ្វើ​ឡើង​នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​ទីក្រុង​កាប៊ុល ដែល​បាន​សម្លាប់​បុគ្គលិក​យោធា​អាមេរិក​យ៉ាង​តិច ១៣ នាក់ និង​ជនស៊ីវិល​រាប់សិប​នាក់។ ពួកគេ​ទាំងនោះ បាន​ប្រមូលផ្តុំគ្នា​ដោយ​សង្ឃឹម​ថា នឹង​ភៀសខ្លួន​ចេញ​ពី​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​ក្រុម​តាលីបង់។

ក្រុម​រដ្ឋអ៊ីស្លាម បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅក្នុង​សេចក្តីរាយការណ៍​មួយ​នៅ​លើ​បណ្តាញ Telegram របស់​ទីភ្នាក់ងារ​ព័ត៌មាន​របស់​ខ្លួន នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​អ្នកបំផ្ទុះ​គ្រាប់បែក​អត្តឃាត បាន​វាយប្រហារ​ទីតាំង​ពីរកន្លែង មួយ​នៅ​ក្បែរ​បរិវេណ​នៃ​អាកាស​យានដ្ឋាន​អន្តរជាតិ Hamid Karzai ក្បែរ​ច្រកទ្វារ Abbey និង​មួយ​កន្លែង​ទៀត​នៅ​ខាងក្រៅ​សណ្ឋាគារ​នៅ​ក្បែរ​នោះ។

មន្រ្តី​សេតវិមាន​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃសុក្រ​ថា មនុស្ស​ប្រហែល ១០៥.០០០ នាក់ បាន​ចាកចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​តាម​យន្តហោះ​ជម្លៀស ចាប់តាំង​ពី​ថ្ងៃទី១៤ ខែសីហា​មក គឺ​មួយថ្ងៃ​មុនពេល​ក្រុមតាលីបង់​ចូល​កាន់កាប់​ទីក្រុង​កាប៊ុល ហើយ​មនុស្ស​សរុប​ប្រមាណ ១១០.៦០០​នាក់ ត្រូវបាន​ជម្លៀស ចាប់​តាំងពី​ចុង​ខែកក្កដា។ មន្ត្រី​រូបនេះ​បាន​និយាយ​ទៀត​ថា ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​មក មនុស្ស​ចំនួន ១២.៥០០ នាក់ ត្រូវបាន​ជម្លៀស​ចេញពី​ទីក្រុង​កាប៊ុល៕