ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អ.ស.ប. និង​អូតង់ ប្រកាស​ប្រឆាំង​ការបំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ទីក្រុង​កាប៊ុល


រូបឯកសារ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅពេល​លោក​ទៅដល់​ថ្ងៃដំបូង​នៃ​កិច្ចប្រជុំកំពូល​សហភាព​អឺរ៉ុប​នៅ​អគារ​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​ទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្សិក កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក​ Antonio Guterres ​បាន​ប្រកាស​ប្រឆាំង​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នៅ​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន។​ នេះបើ​យោង​តាម​អ្នកនាំ​ពាក្យ​អង្គការ​សហ​ប្រជាជាតិ​លោក ​Stephane​ Dujarric។

យ៉ាងហោច​ណាស់​មនុស្ស​១០៣​នាក់​ ត្រូវ​បាន​សម្លាប់​ ក្នុង​នោះមាន​ជនជាតិ​អាហ្វហ្គានីស្ថាន​ ៩០​នាក់​ និង​បុគ្គលិក​យោធា​អាមេរិក​១៣​នាក់។​ នេះ​បើតាមទីភ្នាក់ងារ​សារ​ព័ត៌មាន Pajhwok​ នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​មន្ទីរបញ្ចកោណ។​ លោក ​Guterres ​ហៅ​ការវាយ​ប្រហារ​នេះ​ជា​ភេរវកម្ម​ ខណៈ​ហ្វូង​មនុស្ស​ជនជាតិ​អាហ្វហ្គានីស្ថាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ឯ​អាកាស​យានដ្ឋាន ដើម្បី​ភៀសខ្លួន​ចេញ​ពី​ប្រទេស​នៅ​ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​នៃ​ការ​ដឹកចេញ​ដ៏​ច្រើន​ បន្ទាប់ពី​ក្រុម​តាលីបង់​បាន​កាន់​កាប់​ប្រទេស​នេះ​ នៅពេល​ថ្មីៗ​នេះ។​

ក្នុង​អំឡុង​សន្និសីទកាសែត​ខ្លី​មួយ​លោក​ Dujarric ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ «ឧបទ្ទវហេតុ​នេះ​ បញ្ជាក់​ពី​ការងាយ​ប្រែប្រួល​ស្ថាន​ការណ៍​នៅ​មូលដ្ឋាន​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ​ប៉ុន្តែ​ក៏​ពង្រឹង​ការ​តាំង​ចិត្ត​របស់​យើង​ផងដែរ​ នៅពេល​យើង​បន្ត​ផ្តល់​ជំនួយ​បន្ទាន់​នៅទូទាំង​ប្រទេស​ក្នុង​ការ​គាំទ្រ​ប្រជាជន​អាហ្វហ្គានីស្ថាន»។ ​

អគ្គលេខាធិការអង្គការ​អូតង់​លោក ​Jens Stoltenberg ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ Twitter​ ថា​ លោក​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការវាយ​ប្រហារ​ភេរវកម្ម​ដ៏​រន្ធត់​នេះ​ ហើយ​ថា​ អាទិភាព​របស់​សម្ព័ន្ធ​មិត្ត​អូតង់នេះ ​គឺ​នៅតែ​បន្ត​ជម្លៀស​មនុស្ស​ជាច្រើន​ទៅ​កាន់ទី​សុវត្ថិភាព​ឱ្យបាន​លឿន​តាម​ដែល​អាចធ្វើ​ទៅ​បាន»។​

អ្នកនាំ​ពាក្យ​ក្រុម​តាលីបង់​លោក​ Suhail Shaheen ​បាន​និយាយ​ថា ​«យើង​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ហេតុការណ៍​ដ៏​អាក្រក់​នេះ​ ហើយ​នឹង​ចាត់​វិធានការ​គ្រប់បែប​យ៉ាង​ដើម្បី​នាំ​ពិរុទ្ធជនមក​កាត់​ទោស»។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បាន​រាយ​ការណ៍​ថា​ ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ទទួល​ខុស​ត្រូវ​ការវាយ​ប្រហារ​នេះ។

នាយក​រដ្ឋមន្រ្តី​អង់គ្លេស​លោក​ Boris Johnson ​បាន​ពិពណ៌នា​ការ​វាយ​ប្រហារ​នេះ​ថា​ ជា​អំពើ​ព្រៃផ្សៃ។​ លោក​ក៏បាន​និយាយ​ផង​ដែរ​ថា​ ការវាយ​ប្រហារ​នេះ​ បាន​គូស​បញ្ជាក់​ពីសារៈ​សំខាន់​នៃ​ការ​បន្តជម្លៀស​ប្រជាជន​«ឱ្យបាន​លឿន​និង​មាន​ប្រសិទ្ធភាព​តាម​ដែល​អាចធ្វើទៅ​បានក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ដែល​នៅ​សល់​សម្រាប់​យើង» ​មុន​ថ្ងៃ​ផុត​កំណត់​ថ្ងៃទី ​៣១​ ខែ​សីហា។

បន្ទាប់ពី​ការ​វាយ​ប្រហារ​លើក​ដំបូង​ ក្រសួង​ដឹក​ជញ្ជូន​របស់​អង់គ្លេស​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ដល់​ក្រុមហ៊ុន​អាកាស​ចរណ៍​នានា​កុំឱ្យហោះ​ទាបជាង​៧,៦២០​ម៉ែត្រ​លើ​ប្រទេស​អាហ្វហ្គានីស្ថាន។ ​

អ្នក​តំណាង​រាស្ត្រ​សហ​រដ្ឋ​អាមេរិក​លោក ​Peter Meijer​ ដែលថ្មីៗ​នេះ ​ត្រូវ​បាន​គេ​រិះគន់​ចំពោះ​ការ​ធ្វើ​ដំណើរ​ដោយ​សម្ងាត់​ទៅ​កាន់​ទីក្រុង​កាប៊ុល​ដើម្បី​មើល​ឃើញ​ភាព​ច្របូក​ច្របល់​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​នោះ​ បាន​ហៅ​ការ​វាយ​ប្រហារ​នេះថា​ ជា​រឿង​អាក្រក់​ដែល​យើង​បាន​ធ្លាប់បាន​ភ័យខ្លាច​ថា នឹងកើតឡើង»។​

គណៈ​កម្មាធិការ​ទំនាក់ទំនង​ការ​បរទេស​ព្រឹទ្ធ​សភា​បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា ជា​អំពើ​កំសាក។​

«នេះ ​គឺ​ជា​វិបត្តិ​មនុស្ស​ធម៌​ពេញទី ​ហើយ​រដ្ឋាភិបាល​របស់​យើង​ត្រូវតែ​ធានា​ការពារ​អាកាស​យានដ្ឋាន ​និង​ជម្លៀស​ពលរដ្ឋ​អាមេរិក​និង​ជនជាតិ​អាហ្វហ្គានីស្ថាន​ងាយរង​គ្រោះ​ដែល​ព្យាយាម​ចាក​ចេញ​ពី​ប្រទេសនេះ»។ ​នេះបើតាម​ការ​បង្ហោះ​នៅលើ​គណនី Twitter ​របស់​គណៈ​កម្មាធិការ​នេះ។​

ប្រធាន​គណៈ​កម្មាធិការ​អឺរ៉ុប​លោកស្រី​ Ursula von der Leyen ​បាន​ថ្កោលទោស​ «ការ​វាយ​ប្រហារ​ដ៏​កំសាក​និង​អមនុស្សធម៌​នៅ​អាកាស​យានដ្ឋាន​ក្រុង​កាប៊ុល» រីឯ​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​លោក​ Charles Michel បាន​អំពាវនាវ​ឱ្យ​បន្ត​ការ​ជម្លៀស​ចេញ​ពី​ព្រលាន​យន្តហោះ​នេះ៕

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press Agence France-Presse និង Reuters។

XS
SM
MD
LG