យោធា​អាមេរិក​ត្រៀម​ខ្លួន​ចាត់​វិធានការ​ប្រឆាំង​នឹង​អ៊ីរ៉ង់

លោក​ឧត្តមសេនីយ៍ Joseph Votel អគ្គមេបញ្ជាការ​នៃ​ទី​បញ្ជាការ​កណ្តាល​ស.រ.អា.​ហៅ​កាត់ថា​ CENTCOM ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​រដ្ឋ​មន្ត្រី​ការពារជាតិ Jim Mattis នៅ​មន្ទីរ​បញ្ចកោណ កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។

ស.រ.អា.​កំពុងទប់ទល់​នឹង​ឥទ្ធិពល​ប្រទេស​អ៊ីរ៉ង់​នៅ​ក្នុង​ភូមិភាគ​មជ្ឈឹមបូព៌ា​ជាមួយ​របៀប​ដោះស្រាយ​ខ្លាំង​ក្លា​ជាង​មុន​ក្នុង​វិស័យ​បណ្តាញ​អ៊ីនធឺណិត។​

លោក​ឧត្តមសេនីយ៍ Joseph Votel អគ្គមេបញ្ជាការ​នៃ​ទី​បញ្ជាការ​កណ្តាល​ស.រ.អា.​ហៅ​កាត់ថា​ CENTCOM បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា «ពួក​អ៊ីរ៉ង់​ធ្វើ​ប្រតិបត្តិការ​សឹង​តែ​ទាំង​ស្រុង​នៅ​ក្នុង​អ្វី​ដែល​យើង​ហៅ​ថា​តំបន់​មិន​ច្បាស់​ភាសា​អង់គ្លេស​ហៅ​ថា​ Gray Zone ដែល​ជា​កន្លែង​នៅ​ចន្លោះ​ការ​ប្រកួត​ប្រជែង​អន្តរជាតិ​ធម្មតា ​និង​សង្គ្រាម «ដោយ​លោក​បាន​ហៅ​វា​ថា​ជា» វិស័យ​មួយ​ដែលល្អ​ប្រសើរ​សម្រាប់​កិច្ចប្រតិបត្តិការ​នៃ​បណ្តាញ​អ៊ីនធឺណិត។

លោក Votel បាន​មាន​ប្រសាសន៍​ថា​ «យើង​នៅ CENTCOM កំពុង​ពិនិត្យ​មើលវិធី​សម្រាប់ប្រកួត​ប្រជែង​ក្នុង​តំបន់​មិន​ច្បាស់លាស់​នេះ​ដោយ​រូមបញ្ចូល​កិច្ច​ប្រតិបត្តិការ​នៃ​បណ្តាញ​អ៊ីនធឺណិត​ជា​ផ្នែក​មួយ​នៃ​របៀប​ដោះស្រាយ​ទាំង​ស្រុង​ដែល​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការណ៍​នេះ»។

ពួក​មន្ត្រី​ស.រ.អា.​ខាង​ការ​ស៊ើបការណ៍​សម្ងាត់​ និង​ពួកមន្ត្រី​យោធា​អាមេរិកាំង​បាន​ព្រមាន​ជា​យូរយារ​មក​ហើយ​អំពី «ឥទ្ធិពល​អាក្រក់» របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​នៅ​ក្នុង​ភូមិ​ភាគ​មជ្ឈឹមបូព៌ា។​ ពួក​មន្ត្រី​ទាំង​នេះ​បានថ្លែង​ថា​ប្រទេស​អ៊ីរ៉ង់​ពឹង​ពាក់​ច្រើន​ជាង​មុន​លើ​កិច្ចប្រតិបត្តិការ​ខាង​បណ្តាញ​អ៊ីនធឺណិត​របស់​ខ្លួន​ដើម្បី​ចាត់ចែង​កិច្ចការ​នៅលើ​សមរភូមិនិង​នៅ​ក្នុង​បរិស្ថាន​ខាង​ព័ត៌មាន​នៅ​ក្នុង​កន្លែង​នានាដូច​ជា​ប្រទេស​អ៊ីរ៉ាក់ ស៊ីរី​ និង​ប្រទេស​យេម៉ែន​ជាដើម៕