ក្រសួងការពារប្រទេសអាមេរិកបានបង្ហាញអំពីបញ្ជីនៃគម្រោងសាងសង់របស់យោធាដល់រដ្ឋសភាដែលអាចកាត់យកថវិកាទៅប្រើប្រាស់ ដើម្បីជួយដល់ការសង់ជញ្ជាំងនៅតាមទល់ដែនរវាងសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិក ដែលលោកប្រធានាធិបតី Donald Trump បានបញ្ជាឲ្យសាងសង់។
រដ្ឋមន្ត្រីស្តីទីក្រសួងការពារប្រទេសលោក Patrick Shanahan បានបញ្ជូនបញ្ជីនេះទៅរដ្ឋសភាកាលពីថ្ងៃចន្ទ គឺនៅមួយថ្ងៃបន្ទាប់ពីមានការប្រជុំសភាដ៏តានតឹងមួយ ដែលពេលនោះពួកសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យបានទាមទាររកបញ្ជីគម្រោងរបស់យោធាណា ដែលអាចរងផលប៉ះពាល់ពីការកាត់ថវិកាដើម្បីយកទៅសង់ជញ្ជាំងព្រំដែន។ បញ្ជីនេះរួមបញ្ជូលគម្រោងសាងសង់រាប់រយគម្រោងនៅតាមបណ្តារដ្ឋជាច្រើននៅទូទាំងសហរដ្ឋអាមេរិក ព្រមទាំងមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកនៅទូទាំងពិភពលោកផងដែរ។
មន្ត្រីក្រសួងការពារប្រទេសម្នាក់និយាយថា មិនមែនមានន័យថាគម្រោងទាំងអស់នៅក្នុងបញ្ជីនេះនឹងត្រូវកាត់បន្ថយថវិកានោះទេ ដោយសារតែថវិកាគម្រោងសាងសង់ទាំងអស់បញ្ជូលគ្នាមានចំនួនសរុបប្រមាណ១២ពាន់៩រយលានដុល្លារ ដែលចំនួននេះច្រើនជាងថវិកាជាង៣ពាន់៦រយលានដុល្លារដែលលោក Trump បានព្យាយាមកាត់ពីថវិកាយោធា។
សមាជិកព្រឹទ្ធសភាលោក Jack Reed ដែលជាគណកម្មាធិការកិច្ចការយោធាខាងគណបក្សប្រជាធិបតេយ្យបានផ្សព្វផ្សាយពីបញ្ជីគម្រោងយោធាដែលមានហានិភ័យនេះនៅលើបណ្តាញព័ត៌មាន និងបានរិះគន់លោក Trump ចំពោះផែនការប្រើប្រាស់ថវិកាយោធាសម្រាប់ជញ្ជាំងព្រំដែនរបស់លោក។
កាលពីខែមុន លោក Trump បានប្រកាសដាក់ប្រទេសជាតិក្នុងស្ថានភាពអាសន្នដើម្បីសង់ជញ្ជាំងនៅតាមទល់ដែនភាគខាងត្បូងសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋសភាមិនអនុម័តសំណើថវិកាសង់ជញ្ជាំងព្រំដែនរបស់លោក។ ការប្រកាសនេះអនុញ្ញាតឲ្យលោក Trump ប្រើប្រាស់ថវិកាពីគម្រោងសាងសង់របស់យោធាដើម្បីជួយចំណាយលើការសង់ជញ្ជាំងព្រំដែន៕