ពួកមន្ត្រីយោធាសហរដ្ឋអាមេរិកជាន់ខ្ពស់ប្រជុំគ្នាក្នុងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្រទី ២១មេសាបានបញ្ជាក់ជាថ្មីអំពីការសន្យារបស់សហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តថាគាំទ្រប្រទេសអ៊ុយក្រែនប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី«ទោះជាយូរបែបណាក៏ដោយ»។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin និងប្រធានក្រុមនាយអគ្គសេនាធិការ ចម្រុះយោធពលសហរដ្ឋអាមេរិកលោកឧត្តមសេនិយ Mark Milleyបាននិយាយទៅកាន់ពួកអ្នកកាសែតនៅក្រោយការប្រជុំលើកទី១១នៃក្រុមទំនាក់ទំនងការពារប្រទេសអ៊ុយ ក្រែន UDCG នៅមូលដ្ឋានកងទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់។
ក្រុមនេះមានប្រទេសជាតិជាង៥០ជាសមាជិក-គឺពួកសមាជិកអូតង់និងប្រទេសជាតិយ៉ាងតិចណាស់២០ទៀតដែលគាំទ្រដល់ការការពារអ៊ុយក្រែនប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ីដោយផ្តល់គ្រឿងឧបករណ៍យោធានិងការហ្វឹកហ្វឺន។
លោក Austin បានមានប្រសាសន៍ថាក្រុម UDCGបានផ្តល់ជំនួយសន្តិសុខជាង៥៥ ពាន់លានដុល្លារឱ្យអ៊ុយក្រែនតាំងពីក្រុមនេះត្រូវបានបង្កើតកាលពីមួយឆ្នាំមុននេះ ដោយផ្តល់ឱ្យប្រទេសនេះនូវសមត្ថភាពច្រើន រួមមានមីស៊ីលច្រើនប្រភេទកាំភ្លើងធំនិងប្រព័ន្ធការពារដែនអាកាស។
កាលពីពេលថ្មីៗបំផុតនេះ ក្រុម UDCG បានប្រគល់រថក្រោះជាង២៣០គ្រឿងនិងរថ ពាសដែកជាង១ពាន់៥រយ៥០គ្រឿងដែលអនុញ្ញាតឱ្យកងយោធាអ៊ុយក្រែនអាចបង្កើតកងពលតូចរថពាសដែកថ្មីៗជាង៩ថែមទៀត។
លោក Austin ក៏បានបញ្ជាក់ដែរអំពីការប្រគល់យ៉ាងលឿននូវរថក្រោះទំនើបផលិតដោយសហរដ្ឋអាមេរិកធុន M1A1 Abrams។ លោកបាននិយាយថារថក្រោះប្រុងប្រៀបប្រយុទ្ធ ទាំងនេះនឹងត្រូវប្រគល់ឱ្យអ៊ុយក្រែនមិនហួសពីខែតុលាឆ្នាំនេះទេ គឺឆាប់ជាងការរំពឹងទុកពីពេលមុន។ លោកបានថ្លែងថារថក្រោះត្រូវប្រើសម្រាប់តែការហ្វឹកហ្វឺននឹងដឹកជញ្ជូនដល់អ៊ុយក្រែនក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ពួកមន្ត្រីខាងការពារជាតិសហរដ្ឋអាមេរិកបាននិយាយថារថក្រោះទាំងនេះនឹងត្រូវបញ្ជូនទៅកាន់មូលដ្ឋានយោធាមួយនៅ Grafenwöhr ប្រទេសអាល្លឺម៉ង់ ដើម្បីឱ្យពួកទាហាអ៊ុយ ក្រែនអាចចាប់ផ្តើមហ្វឹកហ្វឺន១០អាទិត្យអំពីការប្រើប្រាស់រថក្រោះទាំងនេះ។ ការហ្វឹក ហ្វឺនដឹកនាំដោយសហរដ្ឋអាមេរិកនេះនឹងទាក់ទិនជាមួយជនជាតិអ៊ុយក្រែនប្រមាណ២៥០ នាក់ហើយពួកមន្ត្រីបាននិយាយថារថក្រោះធុន Abrams ៣១គ្រឿងនឹងត្រូវប្រគល់ឱ្យអ៊ុយក្រែនមិនហួសពីរដូវស្លឹកឈើជ្រុះទេ ដែលលឿនជាងការរំពឹងទុកពីមុន។
ចក្រភពអង់គ្លេសជាប្រទេសទីមួយដែលសន្យាផ្តល់កងរថក្រោះបស្ចឹមប្រទេសឱ្យប្រទេសអ៊ុយក្រែន ដោយបញ្ជូនរថក្រោះធុនChallenger 2 របស់ខ្លួនទៅជួយប្រយុទ្ធ។នៅក្រោយការប្រកាសអំពីការផ្តល់រថក្រោះសហរដ្ឋអាមេរិកធុន Abrams កាលពីខែមករា អាល្លឺម៉ង់បានប្រកាសថាខ្លួននឹងប្រគល់កងរថក្រោះធុនLeopard 2ឱ្យអ៊ុយក្រែនហើយអនុញ្ញាតឱ្យពួកសម្ព័ន្ធមិត្តឯទៀតៗដែលមានរថក្រោះផលិតដោយអាល្លឺម៉ង់ដូចជាប្រទេសប៉ូឡូញជាដើម ធ្វើដូច្នេះដែរ។
លោក Michael O’Hanlon ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅស្ថាប័នBrookings។ លោកបាននិយាយថាក្រុមទំនាក់ទំនងការពារប្រទេសអ៊ុយក្រែន UDCG ធ្វើការបានល្អជាងការរំពឹងទុកក្នុងការផ្គត់ផ្គង់យុទ្ធោបករណ៍ឱ្យអ៊ុយក្រែន ដែលបង្ហាញការប្តេជ្ញារបស់ពួកប្រទេសលោកខាងលិចក្នុងការប្រឈមនឹងអំពើឈ្លានពានរបស់រុស្ស៊ីហើយមាន«ការគាំទ្រដល់អ៊ុយក្រែនដោយគ្មានកងកម្លាំងពួកគេនៅលើសមរភូមិ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ វីអូអេ
មូលដ្ឋានទ័ពអាកាស Ramstein ប្រទេសអាល្លឺម៉ង់ —