អាជ្ញាធរប្រទេសម៉ិកស៊ិក និងអាជ្ញាធរសហរដ្ឋអាមេរិកបានសន្យាថានឹងកាត់ទោសអ្នកដែលពាក់ព័ន្ធនៅក្នុងអំពើហិង្សានៅឯព្រំដែនរវាងប្រទេសទាំងពីរ បន្ទាប់ពីការតវ៉ាដោយសន្តិវិធីមួយអំពីពេលវេលានៃនីតិវិធីដំណើរការពាក្យសុំសិទ្ធិជ្រកកោនកាលពីថ្ងៃអាទិត្យម្សិលមិញ បានបញ្ចប់ទៅដោយជនចំណាកស្រុកមួយក្រុមបំបែករបង និងព្យាយាមឆ្លងព្រំដែន ហើយភ្នាក់ងារល្បាតព្រំដែនរបស់សហរដ្ឋអាមេរិកបានទប់ទល់ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក។
រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិកលោកស្រី Kirstjen Nielsen បាននិយាយថា មន្ត្រីគយ និងល្បាតព្រំដែន «ត្រូវបានមនុស្សមួយចំនួននៃក្រុមជនចំណាកស្រុកគប់»។ ក្រសួងសន្តិសុខមាតុភូមិបានបញ្ជាក់ថា អាជ្ញាធរព្រំដែនបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីការពារសុវត្ថិភាព។
ក្រសួងមហាផ្ទៃម៉ិកស៊ិកបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា អាជ្ញាធរអាចទប់ទល់ក្រុមមនុស្សប្រហែល ៥ រយនាក់ «ដែលប្រើឥរិយាបថហិង្សា» ព្យាយាមឆ្លងព្រំដែននៅជិតច្រកព្រំដែន San Ysidro។ ក្រសួងនេះបានបន្ថែមទៀតថា អ្នកដែលចូលរួមនៅក្នុងករណីនេះនឹងត្រូវបញ្ជូនចេញពីប្រទេសម៉ិកស៊ិកភ្លាមៗ។
រដ្ឋាភិបាលម៉ិកស៊ិកបានបញ្ជាក់ថា អាជ្ញាធរបានចាប់ខ្លួនមនុស្ស ៣៩ នាក់ហើយដែលពាក់ព័ន្ធនឹងរឿងនេះ។
ជនចំណាកស្រុកប្រហែល ៥ ពាន់នាក់ ដែលភាគច្រើនមកពីប្រទេសហុងឌូរ៉ាស ក្វាតេម៉ាឡា និងអែលសាល់វ៉ាឌ័រ បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុង Tijuana បន្ទាប់ពីបានធ្វើដំណើរជាក្រុមដើម្បីស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ដោយគេចចេញពីភាពក្រីក្រ និងអំពើហិង្សានៅក្នុងប្រទេសកំណើតរបស់ពួកគេ៕