សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា បានបើកការចរចាកាលពីថ្ងៃពុធដើម្បីធ្វើកំណែទម្រង់ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង ជាមួយនឹងអ្នកតំណាងខាងពាណិជ្ជកម្មរបស់អាមេរិក លោក Robert Lighthizer ដែលទាមទារពីដំបូងថា ការកែប្រែកិច្ចព្រមព្រៀងនេះនឹងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិកនិងបង្កើនការផលិតយានយន្តនៅអាមេរិកខាងជើង។
នៅពេលបើកសន្និសីទកាសែតក្នុងរដ្ឋធានី វ៉ាស៊ីនតោន លោកLighthizer បានមានប្រសាសន៍ថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនចង់កែប្រែកិច្ចព្រមព្រៀង NAFTA បន្តិចបន្តួចនោះទេ ដោយសារកិច្ចព្រមព្រៀងនេះ«បានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋអាមេរិកាំងជាច្រើន ហើយត្រូវការការកែតម្រូវច្រើនដើម្បីឲ្យប្រសើរឡើង»។
កិច្ចព្រមព្រៀងកាលពីឆ្នាំ ១៩៩៤ នេះ គឺជាអាទិភាពចម្បងមួយរបស់លោក ត្រាំ ក្នុងអំឡុងពេលដែលលោកឈរឈ្មោះសម្រាប់តំណែងនៅសេតវិមាន ដែលជារឿយៗហៅកិច្ចព្រមព្រៀង NAFTA នេះ ថាជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ» ហើយជាកិច្ចព្រមព្រៀងមួយដែលធ្វើឲ្យប៉ះពាល់យ៉ាងលំអៀងទៅលើពាណិជ្ជកម្មអាមេរិកដែលមានឱនភាពជាមួយនឹងម៉ិកស៊ិក ខណៈដែលអនុញ្ញាតឲ្យការងាររោងចក្រត្រូវទៅធ្វើម៉ិកស៊ិកវិញ។ សហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មចំនួន៦៤ពាន់លានដុល្លារជាមួយនឹងម៉ិកស៊ិកកាលពីឆ្នាំមុន។
រដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ិកស៊ិក លោក Ildefonso Guajardo Villarreal បានការពារកិច្ចព្រមព្រៀងនេះ ដោយថ្លែងថា ការកែប្រែកិច្ចព្រមព្រៀងនេះច្រើនគឺមិនចាំបាច់ឡើយ។ លោកបាននិយាយថា «បញ្ហាគឺមិនត្រូវធ្វើឲ្យបែកខ្ញែកកិច្ចព្រមព្រៀង NAFTA នោះទេ ប៉ុន្តែចរចាទៅលើថាតើកិច្ចព្រមព្រៀងនេះអាចដំណើរការប្រសើរជាងមុនយ៉ាងដូចម្តេច»៕