សហរដ្ឋ​អាមេរិក​រំឭកខួប​ថ្ងៃ​១១​កញ្ញា

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា បាន​បំពាក់​កម្រង​ផ្កា​ក្នុង​ពិធី​រំឭក​ខួប​ទី​១៥នៃ​ថ្ងៃ៩កញ្ញា នៅមន្ទីរ​បញ្ចកោណ​ កាល​ពី​ថ្ងៃទី​១១​កញ្ញា។

ស.រ.អា.​រំឭក​ខួប​ឆ្នាំ​ទី​១៥​នៃ​ការ​វាយ​ប្រហារភេរវកម្ម​ កាលពី​ថ្ងៃ​ទី១១​ខែ​កញ្ញា​ឆ្នាំ២០០១​ ដែល​នៅ​ពេល​នោះ​ពួក​ភេរវជន​អាល់​កៃដា (al-Qaida) បាន​ប្លន់​យន្ត​ហោះ​បួន​គ្រឿង​ហើយ​បានបើក​យន្តហោះ​ទាំង​នេះ​បុក​ទម្លាយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភព​លោក​នៅ​ក្នុង​បូរី​ញូវយ៉ក​ និង​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​នៅ​ពេល​ដែល​យន្តហោះ​មួយ​គ្រឿង​ទៀត​បាន​ធ្លាក់​នៅ​ក្នុង​តំបន់​ជនបទ​នៃ​រដ្ឋ​Pennsylvania។​

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា បាន​ឋិត​នៅ​ស្ងៀម​ស្ងាត់​ស្មឹង​ស្មាធិ​មួយ​រយៈ​នៅ​ក្នុង​សេតវិមាន​កាលពី​ថ្ងៃ​អាទិត្យ​ នៅ​ម៉ោង​៨និង​៤៦នាទី​ព្រឹក​ ជាម៉ោងដែល​យន្តហោះ​ទី​មួយ​ក្នុង​បណ្តា​យន្តហោះ​ត្រូវ​ប្លន់​ទាំង​បួន​គ្រឿង​បាន​បើក​បុក​ទម្លាយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក ​នៅ​មុន​ពេល​លោក​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុង​ពិធី​មួយ​នៅ​ឯក្រសួង​ការពារ​ប្រទេស​អាមេរិក​ដែល​ជា​ទីបញ្ជាការធំ​របស់​កង​យោធា​ស.រ.អា.​ ដោយ​លោក​បាន​ផ្តល់​កិត្តិយស​ដល់​ពួក​ជន​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​ទាំង​នោះ។

លោក អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា៖ «យើង​នឹក​ឃើញ​ ហើយ​យើង​នឹងមិន​ភ្លេច​ដាច់​ខាត​នូវ​ជីវិត​ដ៏​ល្អ​ហ្មត់ហ្មង​ជិត​៣ពាន់​ដែល​បាន​ត្រូវ​យក​ពី​យើង​ដោយ​ឃោរឃៅ។ យើង​ចង់​ដឹង​ថា​ ប្រសិន​បើពួក​គេ​នៅ​រស់​តើ​ជីវិត​ពួក​គេ​មាន​ភាព​បែប​ណា តើ​ការ​ប៉ងប្រាថ្នា​របស់​ពួក​គេ​មាន​ទ្រង់​ទ្រាយ​បែប​ណា»។

លោក​ប្រធានា​ធិបតី​បាន​ប្តេជ្ញា​ថា​ ពួក​ភេរវជន «នឹង​មិន​អាច​យក​ជ័យជម្នះ​លើ​ប្រទេស​ជាតិ​មួយ​ដ៏ឆ្នើម​និង​ខ្លាំង​ដូច​ប្រទេស​អាមេរិក​បានទេ» ដោយ​លោក​បាន​សរសើរ​ពូជ​សាសន៍​ផ្សេងៗ​គ្នា​នៃ​ប្រជារាស្ត្រ​របស់​ប្រទេស​ដែល​មាន​មនុស្ស​មានពូជ​សាសន៍​និង​សាសនា​ទាំង​អស់​ថា​ជា​ «កម្លាំង​មួយ​ក្នុង​បណ្តា​កម្លាំង​ធំ​បំផុត​របស់​យើង»។

លោក អូបាម៉ា​ ​បាន​រំឭក​ដល់​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០០១​ជា​លើក​ចុង​ក្រោយ​ក្នុង​ឋានៈ​លោក​ជា​ប្រធានាធិបតី​នៃ​ប្រទេស​អាមេរិក​នៅ​មុន​ពេល​លោក​ចាកចេញពី​តំណែង​ក្នុង​ខែ​មករា។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ប្រទេស​អាមេរិក​ដែល​បាន​ត្រូវ​វាយ​ប្រហារ​កាល​ពី​ព្រឹក​នោះ​ ក្នុង​ខែ​កញ្ញា។ នេះ​ជា​ប្រទេស​អាមេរិក​ដែល​យើង​ត្រូវ​តែ​មាន​ស្វាមីភ័ក្តិ»។

ពួក​ជន​រង​គ្រោះ​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភព​លោក​បាន​ត្រូវ​រំឭក​នៅ​ក្នុង​បូរី​ញូវយ៉ក​ ដែល​នៅ​ទីនោះ​បេក្ខជន​ទាំង​ពីរ​នាក់​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៦​នេះ គឺ​លោក​ស្រី​ Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​លោក Donald Trump ​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​សម្តែង​ការគោរព​នៅ​ Ground Zero ​ដែល​ជា​កន្លែង​រង​ការ​វាយ​ប្រហារ​នោះ​ដោយ​លោក​ស្រី​និង​លោក​បាន​ផ្អាក​ការ​ឃោសនា​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ៕