នៅថ្ងៃចន្ទនេះជាទិវារំឭកវិញ្ញាណក្ខន្ធយុទ្ធជននៅក្នុងសហរដ្ឋអាមេរិក ជាថ្ងៃដែលគោរពយុទ្ធជននិងយុទ្ធនារីសហរដ្ឋអាមេរិករាប់ពាន់នាក់ដែលបានលះបង់អាយុជីវិតរបស់ខ្លួនដើម្បីប្រទេសជាតិ។
ទង់ជាតិកំពុងបង្ហោះពាក់កណ្តាលដងនៅទូទាំងប្រទេសដើម្បីគោរពអ្នកទាំងនោះនៅក្រោមបញ្ជារបស់លោកប្រធានាធិបតីដូណាល់ ត្រាំចាប់តាំងពីថ្ងៃសុក្រសប្តាហ៍រហូតដល់ថ្ងៃចន្ទនេះដល់ពលរដ្ឋអាមេរិកាំងជិត១សែននាក់ដែលបានស្លាប់ដោយសារមេរោគកូរ៉ូណា។
ចំនួនមនុស្សស្លាប់នៅក្នុងសហរដ្ឋអាមេរិករហូតមកទល់ពេលនេះមានច្រើនជាងគេបង្អស់នៅក្នុងពិភពលោក រួមមានអតីតយុទ្ធជនជាង១ពាន់នាក់ដែលបានស្លាប់ដោយសារមេរោគកូវីដ១៩។ នេះតាមក្រសួងកិច្ចការអតីតយុទ្ធជនសហរដ្ឋអាមេរិក។
ថ្ងៃឈប់សម្រាកនេះក៏ជាការចាប់ផ្តើមក្រៅផ្លូវការនៅរដូវវិសមកាលរដូវក្តៅនៅក្នុងសហរដ្ឋអាមេរិក ក៏ប៉ុន្តែដោយមានការណែនាំឲ្យឃ្លាតនៅឆ្ងាយពីគ្នាការរឹតត្បិតខ្លះលើអ្នកធ្វើដំណើរមកពីបរទេស និងការបាត់បង់ការងាររាប់លាន រដូវនេះមានភាពខុសគ្នាពីរដូវនានាក្នុងប៉ុន្មានឆ្នាំមុនៗ។
លោកប្រធានាធិបតីត្រាំមានគម្រោងដាក់កម្រងផ្កានៅឯកន្លែងបញ្ចុះសពជាតិ Arlington ហើយបន្ទាប់មកចំណាយពេលមួយផ្នែកនៃទិវារំឭកវិញ្ញាណក្ខន្ធយុទ្ធជននៅ Fort McHenry ក្នុងទីក្រុងប៉ាល់ទីម័ររដ្ឋម៉ារីឡេនក្បែររដ្ឋធានីវ៉ាស៊ីនតោន ដែលជាសមរភូមិប្រវត្តិសាស្រ្តក្នុងសង្គ្រាមឆ្នាំ១៨១២។
លោក Jack Young អភិបាលក្រុងបាល់ទីម័រ បានសុំឲ្យប្រធានាធិបតីត្រាំកុំអញ្ជើញមក ដោយនិយាយថា ការណ៍នេះបញ្ជូនសារខុសនៅពេលដែលលោក អភិបាលក្រុងបានជំរុញអ្នកក្រុងបាល់ទីម័រកុំឲ្យធ្វើដំណើរ។ លោកប្រធានាធិបតី ត្រាំ បានបដិសេធមិនពាក់ម៉ាស់នៅកន្លែងសាធារណៈ ហើយលោកអភិបាល Young និយាយថា ដំណើរបំពេញទស្សនកិច្ចមិនមែនជាការចាំបាច់នោះទេ។
ពួកអ្នកជំនាញសុខាភិបាល និងអាជ្ញាធរមូលដ្ឋានកំពុងជំរុញប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់មាត់សមុទ្រឈប់សម្រាកពិកនិក និងចម្អិនម្ហូបអាហារនៅក្រៅឲ្យអនុវត្តវិធានការនៅឆ្ងាយពីគ្នា៕