ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យបញ្ចុះទង់ជាតិទាំងអស់នៅពាក់កណ្តាលដងនៅអាគាររដ្ឋាភិបាលសហព័ន្ធនិងបូជនីយដ្ឋាន ក្នុងរយៈពេល៣ថ្ងៃបន្ទាប់ទៀតដើម្បីរំឭក វិញ្ញាណក្ខន្ធ ដល់ពលរដ្ឋអាមេរិកាំងទាំងអស់ដែលបានបាត់បង់ជីវិតរបស់ខ្លួនដោយសារមេរោគកូរ៉ូណា។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើការប្រកាសកាលពីថ្ងៃព្រហស្បតិ៍តាម Twitter នៅពេលជាមួយគ្នានោះលោកបាននិយាយថា ទង់ជាតិដែលបានបញ្ចុះត្រឹមពាក់កណ្តាលដងនោះ ក៏នឹងគោរពយុទ្ធជននិងយុទ្ធនារីដែលបានធ្វើការលះបង់ដើម្បីប្រទេសជាតិរបស់យើងនៅពេលដែលសហរដ្ឋអាមេរិក ប្រារព្ធទិវារំលឹកវិញ្ញាណក្ខន្ធ យុទ្ធជន។
ក្នុងខណៈនោះដែរ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌របស់រដ្ឋ Michigan និយាយថា លោក ត្រាំ អាចមិនត្រូវបានគេអញ្ជើញឲ្យត្រឡប់ទៅកាន់រដ្ឋនោះទៀតទេ ប្រសិនបើ លោកបដិសេធមិនពាក់ម៉ាស់ក្នុងកន្លែងសាធារណៈនោះ។
លោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានទៅបំពេញទស្សនកិច្ចនៅរោងចក្រផលិតរថយន្ត Ford នៅជិតទីក្រុង Detroit ដែលបានប្រែក្លាយទៅជារោងចក្រស្ថាបនាម៉ាស៊ីនដកដង្ហើម។
នាយកប្រតិបត្តិក្រុមហ៊ុន Ford ទាំងអស់ ដែលបានបង្ហាញលោកប្រធានាធិបតី ត្រាំ ជុំវិញរោងចក្រនោះ បានពាក់ម៉ាស់។ ក៏ប៉ុន្តែ លោកប្រធានាធិបតី ត្រាំ ដូច ដែលលោក បានធ្វើជានិច្ចកាល បានបដិសេធពុំព្រមពាក់ម៉ាស់។
លោកស្រី Dana Nessel រដ្ឋមន្រ្តីក្រសួងយុត្តិធម៌រដ្ឋ Michigan បាននិយាយថា វាមិនមែនជាគោលនយោបាយរបស់ក្រុមហ៊ុន Ford Motor ដែលតម្រូវឲ្យភ្ញៀវទាំងអស់ទៅទស្សនារោចក្រនោះពាក់ម៉ាស់ វាក៏ជាច្បាប់របស់រដ្ឋដែរ។
លោកស្រី Nessel មានប្រសាសន៍ទៀតថា៖ «លោក នឹងត្រូវបានសុំមិនឲ្យវិលត្រឡប់មកកាន់រោងចក្រណានៅក្នុងរដ្ឋរបស់លោកស្រី យើង នឹងត្រូវចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុនណាដែលអនុញ្ញាតឲ្យមានដំណើរទស្សនកិច្ចនេះកើតនៅថ្ងៃអនាគត»៕