រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pat Shanahan បាននិយាយ ថាសហរដ្ឋអាមេរិកកំពុងព្យាយាមកសាង «ឯកភាពអន្តរជាតិ» ក្នុងតំបន់មជ្ឈិមបូព៌ា ក្រោយពីមានការវាយប្រហារមួយទៅលើកប៉ាល់ដឹកប្រេងពីរគ្រឿងក្នុងឈូងសមុទ្រអូម៉ង់។
លោក Shanahan មានប្រសាសន៍ កាលពីថ្ងៃសុក្រថា៖ «យើងចាំបាច់ត្រូវរៀបចំផែនការបម្រុងទុកជាមុន ប្រសិនបើស្ថានការណ៍កាន់តែដុនដាបជាងនេះ ប៉ុន្តែយើងក៏ចាំបាច់ត្រូវពង្រីកការគាំទ្ររបស់យើងចំពោះស្ថានការណ៍អន្តរជាតិមួយនេះ»។
សហរដ្ឋអាមេរិកបានបន្ទោសប្រទេសអ៊ីរ៉ង់ ចំពោះការវាយប្រហារកប៉ាល់ដឹកប្រេងនោះ ហើយយោធាអាមេរិក ក៏បានផ្ដល់វីដេអូ ដែលពួកគេនិយាយថាបង្ហាញពីមនុស្សនៅលើនាវាល្បាតអ៊ីរ៉ង់មួយគ្រឿង បានដកគ្រាប់បែកកំណត់ម៉ោងដែលមិនទាន់ផ្ទុះចេញពីតួកប៉ាល់ Kokuka Courageous ដែលជាកប៉ាល់មួយក្នុងចំណោមកប៉ាល់ដឹកប្រេងទាំងពីរដែលរងការវាយប្រហារ។
កប៉ាល់នោះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Kokuka Sangyo ដែលជាក្រុមហ៊ុនដឹកជញ្ជូនរបស់ជប៉ុន។ កប៉ាល់ដឹកប្រេងមួយទៀតឈ្មោះ Front Altair ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Frontline ដែលជាក្រុមហ៊ុនន័រវែស។
នាយកប្រតិបត្តិក្រុមហ៊ុន Frontline គឺលោក Robert Hvide Macleod បានថ្លែងប្រាប់VOA ថា ក្រុមហ៊ុនរបស់លោក កំពុងទាក់ទងគ្នាយ៉ាងជាប់លាប់ជាមួយក្រុមនាវិក ដែលត្រូវបានឃាត់ខ្លួនក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែពួកគេកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងល្អ៕