ស.រ.អា​ដឹកនាំ​ការ​វាយប្រហារ​​តាម​អាកាសចេញ​​ពី​​តួកគី​ប្រឆាំង​​នឹង​ពួក​រដ្ឋឥស្លាម

រូបឯកសារ៖ ផ្សែង​ហុយឡើង​ទៅ​លើ​​ពី​អគារ​មួយ​ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​តាម​អាកាស​ដោយ​ស.រ.អា និង​ក្រុម​សម្ព័ន្ធ​មិត្ត​ក្នុង​ក្រុង Tikrit កាល​ពី​ថ្ងៃ​ទី២៧ ខែ​មិនា ឆ្នាំ​២០១៥។

ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា​ចេញ​ពី​ប្រទេស​តួកគី ត្រូវ​បាន​ធ្វើ​ជា​ថ្មី​ម្តង​ទៀត​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម​ បន្ទាប់​ពី​ដែនអាកាស​នៃ​ប្រទេស​នេះ​ត្រូវ​បានបិទក្រោយ​ពី​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​សុក្រ។

កិច្ចប្រតិបត្តិការ​តាម​អាកាស​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម​ត្រូវ​បានបង្អាក់​ជា​បណ្តោះអាសន្ន​ដោយ​រដ្ឋាភិបាលតួកគី​ បន្ទាប់​ពីការ​ប៉ុនប៉ង​ធ្វើរដ្ឋប្រហារនោះ។​

ដោយ​ប្រើពាក្យ​កាត់​ដើម្បី​ពណ៌នា​ពួក​រដ្ឋឥស្លាម លោក​ Peter Cook អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស​ស.រ.អា​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​និយាយ​ថា ​អាជ្ញាធរ​តួកគី​បាន​បើក​ជា​ថ្មីនូវ​ដែន​អាកាស​របស់​ខ្លួន​សម្រាប់កង​យន្តហោះ​យោធា​កាលពី​ថ្ងៃ​អាទិត្យ «ហើយ​កិច្ចប្រតិបត្តិការ​តាម​អាកាស​របស់​ក្រុម​ចម្រុះ​ប្រឆាំង​នឹង​ពួក​រដ្ឋឥស្លាម​ត្រូវ​បាន​ធ្វើជា​ថ្មី​ឡើង​វិញ​នៅក្នុង​មូលដ្ឋាន​ទាំងអស់​នៃ​កងទ័ព​អាកាស​ក្នុង​ប្រទេស​តួកគី»។

ប្រទេស​តួកគី​ ដែល​ជា​សម្ព័ន្ធ​មិត្ត​ធំ​មួយ​របស់​ស.រ.អា​នៅ​ក្នុង​តំបន់នោះ​ បាន​អនុញ្ញាត​ឲ្យ​ស.រ.អា​ប្រើប្រាស់​មូលដ្ឋាន​កង​ទ័ព​អាកាស​ Incirlik នៅ​ក្នុង​ក្រុង​ Adana ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ពួក​រដ្ឋឥស្លាម​។

លោក Cook បាន​និយាយ​ថា​ អាគារ​ស.រ.អា​នៅ​ក្នុង​មូលដ្ឋាន​កងទ័ព​អាកាស​នេះ​នៅ​តែ​ធ្វើប្រតិបត្តិការ​ដោយ​ប្រើ​កម្លាំង​ភ្លើង​អគ្គិសនី​ក្នុង​មូលដ្ឋាននោះ​ហើយ​សង្ឃឹម​ថា ​កម្លាំង​ភ្លើង​អគ្គិសនី​ពាណិជ្ជកម្ម​នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​ជា​ថ្មី​ឡើងវិញ។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ អាជ្ញាធរ​តួកគី​បាន​ឃាត់​ខ្លួន​ឧត្តមសេនីយ៍​ Bekir Ercan Van មេបញ្ជាការ​នៃ​មូលដ្ឋាន​កងទ័ព​អាកាស​ Incirlik ព្រម​ទាំង​ទាហាន១០នាក់ និង​នាយ​ប៉ូលិស​ម្នាក់​ដោយសារ​មុខ​នាទី​របស់ពួកគេ​ក្នុង​ការ​ប៉ុនប៉ង​រដ្ឋប្រហារ​ដែល​ទទួល​បរាជ័យ​នោះ។

ទី​ភ្នាក់ងារ​ព័ត៌មាន​ឯកជន DHA នៃ​ប្រទេស​តួកគី​បាន​បង្ហាញ​វីដេអូ​ពីឧត្តមសេនីយ៍​រូប​នេះ​ជាប់​ខ្នោះ នៅ​ពេល​លោក​បាន​ត្រូវ​រុញ​ច្រានចូលទៅក្នុង​រថយន្ត​មួយ​គ្រឿងនៅ​ខាង​ក្រៅ​សាលាក្តី​មួយ៕