​មេដឹកនាំអាមេរិក​ដែលបម្រើការ​ក្នុង​សង្គ្រាមវៀតណាម​ក្រឡេកមើល​អតីតកាល​និង​អនាគត

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក John Kerry (ស្តាំ) ទស្សនា​ភូមិ Kien Vang ក្នុង​ប្រទេស​វៀតណាម​ នៅ​តាម​ដង​ទន្លេ​ដី​សណ្តរ​នៃ​ទន្លេ​មេគង្គ កាល​ពីឆ្នាំ២០១៣។

មន្ត្រី​អាមេរិកាំង​ពី​អតីតកាល​និងបច្ចុប្បន្ន​បីរូប​ដែល​បាន​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​វៀតណាម​កំពុង​ឆ្លុះ​បញ្ចាំង​ទៅ​លើ​ជម្លោះ​ ក្នុង​ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ក្រឡេក​មើល​ទៅ​លើ​ស្ថានការណ៍​បច្ចុប្បន្ន​និង​អនាគត។

មន្ត្រី​អាមេរិកាំង​ពី​អតីតកាល​និងបច្ចុប្បន្ន​បីរូប​ដែល​បាន​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​វៀតណាម​កំពុង​ឆ្លុះ​បញ្ចាំង​ទៅ​លើ​ជម្លោះ​ ក្នុង​ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ក្រឡេក​មើល​ទៅ​លើ​ស្ថានការណ៍​បច្ចុប្បន្ន​និង​អនាគត។

នៅ​ក្នុង​បទ​វិចារណកថា​បញ្ចេញ​យោបល់​រួម​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៤​ ខែ​ឧសភា​នៅ​ក្នុង​កាសែត​ The New York Times ​លោក​ John Kerry​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ លោក​ John McCain សមាជិក​ព្រឹទ្ធសភា​ និង​លោក​ Bob Kerrey អតីត​សមាជិក​ព្រឹទ្ធសភា​បាន​សរសេរ​បទ​វិចារណកថា​នេះ​ ក្នុង​ខណៈ​ពេល​ដែល​អាមេរិក​កំពុង​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​វៀតណាម​ថា​ វា​មាន​សារៈ​សំខាន់​ក្នុង​ការ​ចងចាំ​នូវ​មេរៀន​ពី​សង្គ្រៀម​ដែល​បាន​ឆក់​យក​ជីវិត​ពលរដ្ឋ​អាមេរិកាំង​ជាង​ ៥៨.០០០នាក់​ និង​ជីវិត​ពលរដ្ឋ​វៀតណាម​ជិត​មួយ​លាន​នាក់។​

បើ​ទោះ​បី​ជា​មាន​ចម្លើយ​ងាយស្រួល​ពីរ​បី​ចំពោះ​សំណួរ​អំពី​មេរៀន​ពី​សង្គ្រាម​ទាំង​នេះ​ ពួក​គេ​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖«ពួក​យើង​មិន​ត្រូវ​ច្រឡំសង្គ្រាម​ជាមួយ​នឹងកងទ័ព​នោះ​ទេ»។​ ពួក​គេ​និយាយ​បន្ថែម​ដោយ​សំដៅ​យ៉ាង​ច្បាស់លាស់​ទៅ​លើ​អ្វី​ដែលអតីត​ទាហាន​ច្បាំង​នៅ​ក្នុង​សង្គ្រាម​វៀតណាមបាន​ប្រឈម​មុខ​នៅ​ពេល​ដែល​ពួក​គេ​វិល​ត្រឡប់​មក​ពី​ផ្ទះ​វិញ​ពី​សង្គ្រាម​វៀត​ណាម​ដ៏​ចម្រូងចម្រាស​នេះក្នុង​អំឡុង​ទសវត្សរ៍​ ១៩៦០ និង​ ១៩៧០ ថា​៖«អតីតទាហាន​អាមេរិក​សាកសម​នឹង​ទទួល​បាន​ការ​គោរព​ គុណ​បំណាច់​ និង​ការ​គាំទ្រ​ដ៏​ខ្ពង់​ខ្ពស់​ពី​យើង​ នៅ​ពេល​ណា​ឬ​កន្លែង​ណា​ក៏​ដោយ​ដែល​ពួក​យើង​ទៅ​បម្រើ»។​ ​

ពួក​គេ​ក៏​បាន​លើក​ឡើង​ពី​តម្រូវ​ការ​ឲ្យ​មេដឹកនាំ​ត្រូវមាន​ភាព​ស្មោះត្រង់​ជា​មួយ​នឹង​សភា​និង​សាធារណជន​របស់​អាមេរិក​ អំពី​គម្រោង​យោធា​ ដែល​ជា​សេចក្តី​ប្រកាស​មួយ​ដែល​ត្រូវ​បាន​លើក​ឡើង​ប៉ុន្មាន​ទសវត្សរ៍​បន្ទាប់​ពី​បាន​ហៅ​កង​ទ័ព​ដំបូង​របស់​អាមេរិក​ដែលបានបញ្ជូន​ទៅ​វៀតណាមថា​ជា​ «ការ​ជួយ​សង្គ្រោះ​គ្រាមានទឹក​ជំនន់»។​

ការ​អនុវត្ត​នៃ​ការ​បន្ទាប​ខ្លួន​ទទួល​យក​ចំណេះដឹង​ពី​វប្បធម៌​បរទេស»​ និង​យក​ឈ្នះ​លើ​ភាព​ខុស​គ្នា​ ដែល​បង្ហាញ​ឲ្យ​ឃើញ​នៅ​សប្តាហ៍​នេះ​ នៅ​ក្នុង​ប្រទេស​វៀតណាម​គឺ​សិ្ថត​ក្នុង​ចំណោម​មេរៀន​ដទៃ​ទៀត​ដែល​អាមេរិក​បាន​រៀន​ពី​សង្គ្រាម​ ដែល​បាន​ផ្ទុះ​ឡើង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ពី​ឆ្នាំ​ ១៩៥៥​ ដល់​ឆ្នាំ​ ១៩៧៥។

លោក​ Kerry​ លោក​ McCain និង​លោក​ Kerrey មាន​មោទនភាព​ចំពោះ​ការ​ជ្រោម​ជ្រែង​របស់​ពួក​គេ​ ទៅលើ​ការ​បន្ត​ទំនាក់​ទំនង​ការទូត​ធម្មតា​ជា​ថ្មី​ម្តង​ទៀត​រវាង​អាមេរិក​និង​វៀតណាម​កាល​ពី​ ២០ឆ្នាំ​មុន។​ ឧទាហរណ៍​ ពលរដ្ឋ​អាមេរិកាំង​តិច​ជាង​ ៦ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​ជា​រៀង​រាល់​ឆ្នាំ​កាល​ពី​ ២០ឆ្នាំ​មុន​ ប្រៀបធៀប​ជា​មួយ​នឹង​ចំនួន​កន្លះ​លាន​នាក់​នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ជា​មួយ​វៀតណាម​មាន​ចំនួន​ លើស​ពី​២០ឆ្នាំ​មុន​ជិត​ ១០០ដង​ នៃ​ចំនួន​ទឹក​ប្រាក់​ ៤៥០លាន​ដុល្លារ។​

ក្នុង​ខណៈ​ពេល​ដែល​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​នៅ​សប្តាហ៍នេះ​ អតីតទាហាន​ទាំង​បី​រូប​នេះ​បាន​រៀបរាប់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ អូបាម៉ា ក្នុង​ការ​កសាង​ទំនាក់​ទំនង​ថា​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ដែល​គ្រប​ដណ្តប់​លើ​វិស័យសន្តិសុខ​ ពាណិជ្ជកម្ម​ ការ​វិនិយោគ​ បរិស្ថាន​និង​សេរីភាព​សាសនា​និង​សិទ្ធិ​មនុស្ស»។

ដោយ​សំឡឹង​ឆ្ពោះ​ទៅ​មុខ​ ពួក​គេ​បាន​សរសេរ​ថា​៖«ផល​ប្រយោជន៍​រួម​»​ និង«ទំនាក់​ទំនង​ដ៏​ស្អិត​រមួត»​ ដូច​ជា​ទំនាក់​ទំនង​គ្រួសារ​ ហើយ​និង​ការ​ចង់​បាន​នូវ​សេរីភាព​ នឹង​ជួយ​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ។​

លោក​ John Kerry គឺ​ជា​មន្ត្រី​កង​ទ័ព​ជើង​ទឹក​នៅ​វៀតណាម​នៅ​ពេល​នោះ។​ លោក​ McCain ក៏​ជា​មន្ត្រី​កង​ទ័ព​ជើង​ទឹក​នៅ​វៀតណាម​នៅ​ពេល​នោះ​ដែរ​ ប៉ុន្តែ​លោក​បាន​ ​ជាប់​គុកជា​ឈ្លើយ​សង្គ្រាម​នៅវៀតណាម​ខាង​ជើង​អស់​រយៈ​ពេល​ ៥ឆ្នាំ​កន្លះ។​ លោក​ Bob Kerrey បាន​ឈ្នះ​មេដាយ​កិត្តិយស​សម្រាប់​ការបម្រើ​កងទ័ព​ជើង​ទឹក​ SEAL ​នៅ​ក្នុង​ប្រទេស​វៀតណាម៕

ប្រែ​សម្រួល​ដោយ​ ស្រេង​ លក្ខិណា​