កាលពីថ្ងៃច័ន្ទនេះ សហរដ្ឋអាមេរិក និងវៀតណាមបានព្រមព្រៀងគ្នាដើម្បីពង្រឹងទំនាក់ទំនងរវាងអតីតសត្រូវទាំងពីរ ដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសបញ្ចប់ទណ្ឌកម្មមិនលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យវៀតណាម។
លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើពិធីត្រួតពលវៀតណាម ដែលជាផ្នែកមួយនៃពិធីស្វាគមន៍នៃដំណើរទស្សនកិច្ចលើកទី១របស់លោកទៅកាន់ប្រទេសនោះ។
ក្រោយមក លោក អូបាម៉ា បានប្រគល់អំណោយដែលវៀតណាមចង់បានជាទីបំផុតពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននោះ គឺការលុបចោលការដាក់ទណ្ឌកម្មលក់អាវុធឲ្យវៀតណាម។
វៀតណាមថ្លែងអំណរគុណយ៉ាងខ្លាំងដល់ការសម្រេចរបស់អាមេរិក ដើម្បីលុបចោលទាំងស្រុងនូវការហាមឃាត់ការលក់អាវុធប្រល័យជីវិតឲ្យវៀតណាមដែលជាភស្តុតាងដ៏ច្បាស់លាស់ថា ប្រទេសទាំងពីរបានធ្វើឲ្យមានទំនាក់ទំនងប្រក្រតីឡើងវិញ។
វៀតណាមបានប្រយ័ត្នចំពោះការកើនឡើងនូវការទាមទារសមុទ្រដោយចិន ដែលជាប្រទេសជិតខាងខ្លួននៅភាគខាងជើងដែលធំជាងខ្លួន២៩ដង។
ប្រទេសទាំងពីរមានជម្លោះទឹកដីក្នុងសមុទ្រចិនខាងត្បូង ដែលនាំឲ្យមានទំនាក់ទំនងតានតឹងរវាងរដ្ឋាភិបាលកុម្មុយនិស្តទាំង២ក្នុងក្រុងហាណូយ និងក្រុងប៉េកាំង។
ប៉ុន្តែ លោកប្រធានាធិបតី អូបាម៉ា និយាយថា ការសម្រេចអនុញ្ញាតលក់អាវុធទៅឲ្យវៀតណាមមិនមែនដោយសារបញ្ហាចិនទេ ទោះជាពួកអាជ្ញាធរចិនទំនងមិនទទួលយកការបកស្រាយនោះក៏ដោយ។
លោកថា៖ «ដោយសារកិច្ចការដែលយើងខិតខំធ្វើជាមួយគ្នាទាំងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មសន្តិសុខ និងមនុស្សធម៌ វាជាការត្រឹមត្រូវ ក្នុងការលុបចោលការហាមឃាត់ការលក់អាវុធទាំងស្រុងនោះ»។
ប្រទេសទាំងពីរទទួលស្គាល់ថា ខ្លួនមានការខ្វែងគំនិតក្នុងបញ្ហាសំខាន់ៗដូចជាប្រវត្តិសិទ្ធិមនុស្សមិនល្អរបស់វៀតណាមជាដើម។
នៅថ្ងៃអង្គារ លោក អូបាម៉ា ត្រូវគេរំពឹងថា នឹងជួបជាមួយសមាជិកនៃអង្គការសង្គមស៊ីវិលក្នុងរដ្ឋធានីហាណូយ មុនពេលចាកចេញទៅកាន់ក្រុងហូជីមិញ ដែលដំណើរទស្សនកិច្ចនៅទីនោះទំនងផ្តោតលើចំណងទាក់ទងពាណិជ្ជកម្ម។
សេតវិមាន ឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជិត៣ដងក្នុងរយៈពេល៧ឆ្នាំចុងក្រោយ ហើយឥឡូវនេះឡើងដល់៤៥ពាន់លានដុល្លារក្នុងមួយឆ្នាំ៕
ប្រែសម្រួលដោយជឹង ប៉ូជីន