តំណាងរាស្ត្រ​អាមេរិក ប្រញាប់ប្រញាល់​ជួយ​សេដ្ឋកិច្ច​ដែល​រងផលប៉ះពាល់​ខ្លាំង​ដោយសារ​វីរុស​កូរ៉ូណា

លោក Steven Mnuchin រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​ដើរ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​លោក Chuck Schumer នៅ​ក្នុង​កិច្ចចរចា​មយយ​លើ​កញ្ចប់​ជួយ​សង្គ្រោះ​មួយ​នៅ​វិមាន​សភា Capitol កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​កំពុង​ប្រញាប់ប្រញាល់​ដើម្បី​បង្កើត​កញ្ចប់​ជួយ​សង្គ្រោះ​ដ៏​ធំ​មួយ​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​អាមេរិក​ដែលរងគ្រោះ​កាន់តែ​ធ្ងន់ធ្ងរ​ដោយសារ​ការខិតខំ​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩​នេះ។

ទីផ្សារ​ភាគហ៊ុន​បាន​ធ្លាក់​ចុះ​ជាថ្មី​ម្តងទៀត​កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​ពី​ការ​ខាតបង់​កាលពី​សប្តាហ៍​មុន​ដែល​បាន​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ផលចំណេញ​ស្ទើរតែ​ទាំងអស់​ដែលគេ​បាន​កត់ទុក​ក្នុង​ពេល​លោក ​ដូណាល់ ត្រាំ ​កាន់តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដោយសារ​តែ​សកម្មភាព​នៅ​តាម​ទីសាធារណៈ​ទូទាំង​ប្រទេស​បាន​ផ្អាក។

ដោយ​រោងចក្រ​សហគ្រាស​ ភោជនីយដ្ឋាន និង​សាលារៀន​ត្រូវ​បិទទ្វារ ​និង​ឧស្សាហកម្ម​ទាំងមូល​នៅ​ដើរ​តតេះតតះ​ កម្មករ​កំពុង​ប្រឈមមុខ​នឹង​ការបញ្ឈប់​ពី​ការងារ ការ​កាត់​បន្ថយ​ការងារ​ជាច្រើន​ម៉ោង​ ឬ​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ដ៏ពិបាក​ក្នុងការ​ធ្វើ​ការ​ពេល​មាន​ជំងឺ ​ប្រសិន​បើ​ពួកគេ​ខ្វះ​ការ​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ពេល​ឈឺ​ដោយ​ទទួល​បាន​ប្រាក់​ខែ។

ទោះបីជា​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​វិជ្ជមាន​ត្រូវ​បាន​រកឃើញ​ក្នុង​ចំណោម​សមាជិក​សភា​នៅក្នុង​សភា​ទាំងពីរ​ដែល​បាន​បង្ខំ​ឱ្យ​មាន​វិធានការ​ផ្តាច់ខ្លួន​ក៏​ដោយ ក៏​មេដឹកនាំ​ប្រជាធិបតេយ្យ​ និង​សាធារណរដ្ឋ​បាន​និយាយ​ថា​ សមាជិក​សភា​ត្រូវតែ​ស្នាក់នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​បញ្ចប់​ការងារ​លើ​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច។

លោក Chuck Schumer មេដឹកនាំ​ក្រុម​សំឡេង​ភាគតិច​នៃ​ព្រឹទ្ទសភា​មក​ពី​ទីក្រុង​ញូវយ៉ក បាន​និយាយ​នៅ​ក្នុង​សាល​ប្រជុំ​ព្រឹទ្ធសភា​កាល​ពី​សប្តាហ៍​មុន​ថា «មេរោគ​នេះ​កំពុង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​យើង​ធ្លាក់​ចុះ។ យើង​កំពុង​រំពឹង​ថា​នឹង​មាន​វិបត្តិ​សេដ្ឋកិច្ច»។

ក្រុម​សមាជិក​សភា​ និង​សេតវិមាន​បាន​រៀបចំ​ផែនការ​ជា​ដំណាក់កាល​ដើម្បី​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​អាមេរិក។

ដំណាក់កាល​ទី១​គឺ​សមាជិក​រដ្ឋសភា​ ដំបូង​ផ្តោត​លើ​ការ​ផ្តល់​ថវិកា​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​សុខភាព​សាធារណៈ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​វីរុស​កូរ៉ូណា​នេះ ដោយ​បាន​អនុម័ត​កញ្ចប់​ថវិកា​ចំនួន​៨ពាន់​៣​រយ​លាន​ដុល្លារ​កាល​ពី​ដើម​ខែ​នេះ៕