តំណាងរាស្ត្រអាមេរិក ៣ រូបបានស្នើឱ្យមានការពិនិត្យពិច័យបន្ថែមទៀតលើកម្មវិធី NewsBreak ដែលជា app ប្រមូលផ្ដុំព័ត៌មានដ៏មានប្រជាប្រិយភាពមួយនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី ៥ ខែមិថុនាថា app នេះមានប្រភពមកពីចិននិងបានប្រើបច្ចេកវិទ្យា AI ដើម្បីផលិតព័ត៌មានក្លែងក្លាយជាច្រើន។
សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នេះផ្អែកលើឯកសារតុលាការដែលមិនត្រូវបានគេរាយការណ៍កាលពីមុនទាក់ទិននឹងការរំលោភសិទ្ធិម្ចាស់កម្មសិទ្ធិបញ្ញា សារអ៊ីមែលព្រមានអំពីកម្មសិទ្ធិបញ្ញា និងលិខិតមួយច្បាប់របស់ក្រុមហ៊ុនមួយកាលពីឆ្នាំ ២០២២ ដែលបញ្ជាក់អំពីការព្រួយបារម្ភអំពី «ព័ត៌មានដែលបង្កើតដោយបច្ចេកវិទ្យា AI» ដើម្បីកំណត់ករណីយ៉ាងតិចចំនួន ៤០ ដែលការប្រើប្រាស់របស់កម្មវិធី NewsBreak នូវបច្ចេកវិទ្យា AI ប៉ះពាល់ដល់សហគមន៍ដែលខ្លួនខិតខំបម្រើ។
សមាជិកព្រឹទ្ធសភាអាមេរិកខាងគណបក្សប្រជាធិបតេយ្យលោក Mark Warner ដែលធ្វើជាប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភា បាននិយាយថា៖ «រឿងតែមួយគត់ដែលគួរឱ្យភ័យខ្លាចជាងក្រុមហ៊ុនមួយដែលធ្វើការទាក់ទិននឹងព័ត៌មានដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI ដែលគ្មានការត្រួតពិនិត្យនោះ គឺក្រុមហ៊ុនមួយដែលមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយរដ្ឋាភិបាលបរទេសដែលជាគូប្រជែង [របស់សហរដ្ឋអាមេរិក]»។
លោកបានបន្ថែមថា៖ «នេះគឺជាឧទាហរណ៍មួយទៀតនៃការគំរាមកំហែងធ្ងន់ធ្ងរដែលបង្កឡើងដោយបច្ចេកវិទ្យាពីប្រទេសដែលអាចបង្កការគំរាមកំហែងចំពោះសហរដ្ឋអាមេរិក។ វាក៏ជាការរំឭកផងដែរថាយើងត្រូវការវិធីសាស្រ្តរួមមួយដើម្បីដោះស្រាយការគំរាមកំហែងនេះ។ យើងមិនអាចដោះស្រាយបញ្ហានេះជាមួយក្រុមហ៊ុនម្ដងមួយៗបានទេ»។
តំណាងរាស្ត្រទាំងនោះបានសម្ដែងការព្រួយបារម្ភអំពីទំនាក់ទំនងបច្ចុប្បន្ននិងកាលពីមុនរបស់ NewsBreak ជាមួយនឹងវិនិយោគិនចិន និងអំពីវត្តមានរបស់ក្រុមហ៊ុននេះនៅក្នុងប្រទេសចិនដែលវិស្វករជាច្រើនរបស់ក្រុមហ៊ុននេះស្ថិតនៅទីនោះ។
នៅក្នុងការឆ្លើយតបទៅនឹងសំណើសុំអត្ថាធិប្បាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters អំពីការលើកឡើងរបស់ក្រុមតំណាងរាស្ត្រទាំងនោះ NewsBreak ថា ខ្លួនគឺជាក្រុមហ៊ុនអាមេរិក។ អ្នកនាំពាក្យរបស់ក្រុមហ៊ុននេះបាននិយាយដូច្នេះថា៖ «NewsBreak គឺជាក្រុមហ៊ុនអាមេរិកនិងនៅតែជាក្រុមហ៊ុនអាមេរិក។ ការលើកឡើងណាមួយដែលផ្ទុយពីនេះគឺមិនពិតនោះទេ»។
NewsBreak ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៥ ក្នុងនាមជាបុត្តសម្ព័ន្ធមួយរបស់ YiDian ដែលជា app ប្រមូលផ្ដុំព័ត៌មានមួយរបស់ចិន។
ក្រុមហ៊ុនទាំងពីរនេះត្រូវបានបង្កើតឡើងដោយលោក Jeff Zheng ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន NewsBreak ហើយក្រុមហ៊ុនទាំងពីរនេះរួមគ្នាចុះបញ្ជីប៉ាតង់អាមេរិកនៅក្នុងឆ្នាំ ២០១៥ សម្រាប់ក្បួនដោះស្រាយ «Interest Engine» តាមកុំព្យូទ័រ ដែលស្នើនូវព័ត៌មានផ្អែកលើចំណាប់អារម្មណ៍និងទីតាំងរបស់អ្នកប្រើប្រាស់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា NewsBreak គឺជាក្រុមហ៊ុនទើបចាប់ផ្ដើមថ្មីមួយដែលគ្រប់គ្រងដោយឯកជន ដែលអ្នកឧបត្ថម្ភចម្បងៗគឺក្រុមហ៊ុន Francisco Partners នៅទីក្រុង San Francisco សហរដ្ឋអាមេរិក និងក្រុមហ៊ុន IDG Capital នៅទីក្រុងប៉េកាំង ប្រទេសចិន។
កាលពីខែកុម្ភៈ ក្រុមហ៊ុន IDG Capital ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះក្រុមហ៊ុនចិនរាប់សិបដែលក្រសួងការពារជាតិអាមេរិកថាកំពុងធ្វើការជាមួយនឹងយោធាចិន។
ក្រុមហ៊ុន IDG Capital បានបញ្ជាក់កាលពីមុនថា ខ្លួនមិនមានទំនាក់ទំនងជាមួយនឹងយោធាចិនទេ ហើយខ្លួនក៏មិនស្ថិតនៅក្នុងបញ្ជីឈ្មោះនោះដែរ។ ក្រុមហ៊ុននេះបដិសេធមិនផ្ដល់អត្ថាធិប្បាយទៅនឹងប្រតិកម្មរបស់ក្រុមតំណាងរាស្ត្រអាមេរិកនោះឡើយ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា