សហរដ្ឋអាមេរិកបានចាត់ទុកប្រទេសស្វីសនិងវៀតណាមជាប្រទេសក្រឡុករូបិយវត្ថុ ដោយបានចោទប្រកាន់ប្រទេសទាំងពីរថាបានជ្រៀតជ្រែកនៅក្នុងទីផ្សារប្តូរប្រាក់បរទេស។
ប្រទេសទាំងពីរនេះត្រូវបានចាត់ទុកជាប្រទេសក្រឡុករូបិយវត្ថុដូចនេះកាលពីថ្ងៃពុធម្សិលមិញនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក។ របាយការណ៍នេះមានគោលបំណងបញ្ឈប់ប្រទេសនានាមិនឲ្យក្រឡុករូបិយវត្ថុរបស់ខ្លួនដើម្បីកេងផលចំណេញមិនត្រឹមត្រូវខាងពាណិជ្ជកម្ម។
នេះគឺជាលើកទីមួយហើយដែលសហរដ្ឋអាមេរិកបានចាត់ទុកប្រទេសផ្សេងទៀតជាប្រទេសក្រឡុករូបិយវត្ថុ ចាប់តាំងពីខែសីហា ឆ្នាំ ២០១៩ មក ដែលនៅពេលនោះ ប្រទេសចិនត្រូវបានចាត់ទុកថាជាប្រទេសក្រឡុករូបិយវត្ថុនៅពេលដែលប្រទេសនេះពាក់ព័ន្ធនឹងការចរចាពាណិជ្ជកម្មដ៏តឹងតែងជាមួយសហរដ្ឋអាមេរិក។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានទម្លាក់ចោលការចាត់ទុកបែបនេះចំពោះប្រទេសចិននៅខែមករា បន្ទាប់ពីប្រទេសទាំងពីរឈានដល់ការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក៏ប៉ុន្តែប្រាក់យ័នរបស់ចិននៅតែស្ថិតក្នុងបញ្ជីរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកអំពីរូបិយវត្ថុដែលត្រូវឃ្លាំមើលដដែល។
របាយការណ៍នេះបានបញ្ជាក់បន្ថែមថា ប្រទេសស្វីសនិងវៀតណាមជាប្រទេសដែលត្រូវនឹងលក្ខខណ្ឌចំនួន ៣ សម្រាប់ចាត់ទុកថាជាប្រទេសក្រឡុករូបិយវត្ថុ ដែលនេះជាវិធានការមួយដែលនឹងឈានដល់ការចរចាពាណិជ្ជកម្មនៅឆ្នាំក្រោយ។ ប្រសិនបើមិនសម្រេចបានកិច្ចព្រមព្រៀងទេ សហរដ្ឋអាមេរិកអាចដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសទាំងពីរនេះ។
ប្រទេសផ្សេងទៀតដែលស្ថិតនៅក្នុងបញ្ជីឃ្លាំមើលរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកមានដូចជាប្រទេសឥណ្ឌា អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង អាល្លឺម៉ង់ សិង្ហបុរី ម៉ាឡេស៊ី ថៃ និងកោះតៃវ៉ាន់ជាដើម៕