អាមេរិក​ចោទ​ជនជាតិ​ចិន​ថា លួច​ទិន្នន័យ​ពី​កម្ពុជា​ទាក់​ទង​នឹង​ការពិភាក្សា​អំពី​ទន្លេ​មេគង្គ

ជនជាតិចិន ៤នាក់ ដែលមាន ៣នាក់ជាមន្ត្រីរដ្ឋចិនត្រូវបានចោទប្រកាន់ជាផ្លូវការដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកពីការលួចទិន្នន័យរសើបនិងសម្ងាត់ពីស្ថាប័នរដ្ឋនិងឯកជន។ (ក្រសួងយុត្តិធម៌អាមេរិក)

ក្រសួង​យុត្តិធម៌​អាមេរិក បាន​ចោទ​ប្រកាន់​ជន​ជាតិចិន៤​នាក់ ទាក់​ទង​នឹង​ការ​លួច​ទិន្ន​ន័យ​រសើប​និង​សម្ងាត់​ពី​ស្ថាប័ន​រដ្ឋ​និង​ឯក​ជន​ក្នុង​ប្រទេស​មួយ​ចំនួន ក្នុង​នោះ​ក៏មាន​ការលួច​ទិន្នន័យ​ពី​ស្ថាប័ន​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ពាក់​ព័ន្ធ​នឹង​ការ​ពិភាក្សា​លើបញ្ហា​ទន្លេ​មេគង្គ។

កាល​ពី​ថ្ងៃ​ចន្ទ ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ដែល​បង្ហោះ​នៅ​លើ​គេហ​ទំព័រ​របស់​ក្រសួង​ថា ​ប្រទេស​រង​គ្រោះ​ក្នុងយុទ្ធនាការ​លួច​យក​ទិន្នន័យ​ពី​សំណាក់​ជន​ជាតិ​ចិន​៤​នាក់​ដែល​មាន​៣នាក់​ជា​មន្ត្រី​ស្ថាប័ន​រដ្ឋ​ចិន មាន​ដូច​ជា​អាមេរិក អូស្ត្រាលី កម្ពុជា កាណាដា អាល្លឺ​ម៉ង់ ឥណ្ឌូ​ណេស៊ី និង​ម៉ាឡេស៊ីជា​ដើម។ ការ​លួច​នោះ​ មាន​ទិន្ន​ន័យ​ពាក់​ព័ន្ធ​នឹង​អាកាស​ចរណ៍ ការ​ពារ​ជាតិ អប់រំ រដ្ឋាភិបាល សុខាភិបាល និង​ផ្នែក​ផ្លូវ​ទឹក​ជា​ដើម។

សេចក្តី​សម្រេច​នៃ​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​យុត្តិធម៌​អាមេរិក​ដែលវីអូអេ​ទទួល​បាន ឲ្យ​ដឹង​ថា​ ​មុន ​ឬ​ក្រោយ​ខែ​មករា ឆ្នាំ២០១៨ សមាជិក​នៃ​បណ្តាញ​លួច​នោះ បានជ្រៀត​ចូល​លួច​ក្នុងបណ្តាញ​របស់ក្រសួង​មួយ​នៅ​កម្ពុជា ដែល​ក្រសួង​យុត្តិធម៌​អាមេរិក​ មិនបាន​បញ្ជាក់ឈ្មោះ​នោះទេ។ ឯកសារ​របស់​អាមេរិក​បញ្ជាក់​ថា​ ការ​ជ្រៀត​ចូល​នោះ បាន​លួច​យក​ទិន្នន័យ​ទាក់​ទង​នឹង​ការ​ពិភាក្សា​គ្នា​រវាង​រដ្ឋាភិបាល​ចិន និង​កម្ពុជា លើ​ការ​ប្រើ​ប្រាស់​ទន្លេ​មេគង្គ។

មុន ​ឬ​ប្រហែល​ខែ​មករា ឆ្នាំ២០១៨ ក្រុម​នោះ ​បាន​ជួល​អ្នក​បក​ប្រែ​ភាសា​ជន​ជាតិ​ខ្មែរ ដើម្បី​បក​ប្រែ​ទិន្ន​ន័យ​ដែល​លួច​បាន​នោះ ដែល​ពួកគេ​ បាន​ដាក់​លេខសម្ងាត់​ការពារ​ «goodperson»។ នេះ​បើ​តាម​សេចក្តីសម្រេច​នៃ​ក្រសួង​យុត្តិធម៌​អាមេរិក។

អាគារទីស្នាក់ការ​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ ដែលមានទីតាំង​នៅក្នុង​រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

សេចក្តី​សម្រេច​ឲ្យ​ដឹង​ទៀត​ថា ​ការ​លួច​ទិន្នន័យ​ពាក់​ព័ន្ធ​នឹង​ទន្លេ​មេគង្គ​បាន​កើត​ឡើង​ម្តង​ទៀត គឺ​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ ឬប្រហាក់​ប្រហែល​នៃ​កាល​បរិច្ឆេទ​នោះ ដែល​ពេល​នោះ​ ចិន និង​ប្រទេស​មួយ​ចំនួន រួម​មាន​កម្ពុជា​ផង​ដែរ បាន​ពិភាក្សា​គ្នា​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ទន្លេ​មេគង្គ។ ក្រុម​ចោរ​បច្ចេក​វិទ្យា​នោះ [hackers] ​បាន​ចូល​យក​ទិន្នន័យពី​ប្រព័ន្ធ​មួយ​ដែល​ដំណើរ​ការ​ដោយ​ក្រសួង​មួយ​របស់​កម្ពុជា​ ហើយ​បាន​ដាក់​ទិន្នន័យ​នៅ ​Domain6 ដែល​ការពារ​ដោយ​លេខ​សម្ងាត់​«good​person»ដដែល។

ក្រសួង​យុត្តិធម៌​អាមេរិក​បាន​បញ្ជាក់​ថា ​បុគ្គល​៣​នាក់​ក្នុង​ចំណោម​៤​នាក់​នោះ ​ដែល​រង​ការ​ចោទ​ប្រកាន់ ប៉ុន្តែ​មិន​ទាន់ចាប់​ខ្លួន​នោះ​ទេ ធ្វើ​ការ​នៅ​ក្រសួង​សន្តិ​សុខ​រដ្ឋ​ចិន​នៃ​ខេត្ត​ហៃ​ណាន់ ​(Hainan)។ ពួកគេ​មាន​ឈ្មោះ ទីង ស៊ាវ​យ៉ាង​ (Ding Xiaoyang) ជឹង ឈីង​មីន (Cheng Qingmin) និង ​ជូ អ៊ីន​មីន(Zhu Yunmin)។ បើ​ទោះ​ជន​ទាំង​នោះ ​មិន​មាន​វត្ត​មាន​លើ​ទឹក​ដី​អាមេរិក ការ​ចោទ​ប្រកាន់​របស់​ក្រសួង​យុត្តិធម៌​អាមេរិក​នេះ ត្រូវ​បាន​មើល​ឃើញ​ថា​ ជា​កិច្ច​ប្រឹង​ប្រែង​មួយ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ចិន​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្ម​ភាព​ដែល​បាន​ធ្វើ​ខុស។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ ដែល​ស្ថិត​ក្នុង​កាល​បរិច្ឆេទ​នៃ​ការ​លួច​ទិន្នន័យ​នោះ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មេគង្គ-ឡាន​ឆាង លើក​ទី​ពីរ ដែល​និយាយ​អំពី«ទន្លេ​របស់​យើង​ ដើម្បី​សន្តិភាព​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព»។ ពេល​នោះ ក៏​មាន​ការ​សម្រេច​នូវ​សេចក្តី​ថ្លែង​ការណ៍​ទីក្រុង​ភ្នំពេញ​ផង​ដែរ។

ក្នុង​ក្រប​ខណ្ឌ​ទន្លេ​មេគង្គ​នេះ ប្រទេស​ចិន​និង​សមាជិក​អាស៊ាន​ដែល​នៅ​ជាប់​ទន្លេ​មេគង្គ​ រួម​មាន​កម្ពុជា ថៃ ឡាវ វៀតណាម និង​មីយ៉ាន់ម៉ា បាន​ផ្ដួច​ផ្ដើម​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ-ឡាន​ឆាង កាល​ពី​ឆ្នាំ​២០​១៤។

លោក មាស ប៉ូ អ្នក​នាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​លោក​មិន​មាន​ព័ត៌មាន​ទាក់​ទង​នឹង​សេចក្តី​សម្រេច​នេះ​ទេ ដោយ​ស្នើ​ឲ្យ​សួរទៅ​លោក សូ វិសុទ្ធី ជា​រដ្ឋ​លេខាធិការ​របស់​ក្រសួង​ទទួល​បន្ទុក​លើ​កិច្ច​ការ​នេះ។

លោក សូ វិសុទ្ធី ប្រាប់​វីអូអេ​ថាក្រសួង​មិន​មាន​អ្វី​អត្ថាធិប្បាយ​លើ​សេចក្តី​សម្រេច​នេះ​ទេ។ ប៉ុន្តែ​លោក​ថា​លោក​នឹង​ពិនិត្យ​មើលលើ​បញ្ហា​នេះ។

លោក​បញ្ជាក់​ថា៖ «បាទ​ខ្ញុំ​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ដែរ ហើយ​ខ្ញុំ​សូម​ពិនិត្យ​មើល​ទាក់​ទង​នឹង​ចំណុច​ហ្នឹង​បន្ថែម​ទៀត»។

លោក​ក៏​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​សំណួរ​ផ្សេងៗ​ទាក់​ទង​ថា​តើ​មាន​ការ​ប៉ុន​ប៉ង​លួច​ទិន្នន័យ​ពី​ស្ថាប័ន​រដ្ឋ​ផ្សេង​ៗ​ក្នុង​ប្រទេស​កម្ពុជា​ឬ​យ៉ាង​ណា​កាល​ពី​កន្លង​ទៅ។

ចំណែក​លោក កុយ គួង អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរ​ទេស​កម្ពុជា ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេ​ក្រាម ​[Telegram] នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក​មិន​មាន​ព័ត៌មាន​ទាក់​ទង​នឹង​ការ​លួច​ទិន្នន័យ​នេះ​ទេ។

អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​នៅ​ភ្នំពេញ លោក Chad Roedemeier បាន​បដិសេធ​មិន​អត្ថាធិប្បា​យ​បន្ថែម​ពី​លើ​ការ​សម្រេច​របស់​ក្រសួង​យុត្តិធម៌​អាមេរិក។

វីអូអេ​ មិន​អាច​សុំ​ការ​ឆ្លើយ​តបតាម​សារ​អ៊ីមែល​ពី​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ទេ។

កាល​ពី​ពេល​ថ្មីៗ​នេះ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​មួយ​ចំនួន​ទៀត កំពុង​តែ​ចោទ​ប្រកាន់​ក្រសួង​សន្ដិសុខ​រដ្ឋ​របស់​ប្រទេស​ចិន​ថា​ កំពុង​ជួល​អ្នក​លួច​ព័ត៌មាន​តាម​កុំព្យូទ័រ ដើម្បី​ធ្វើ​ប្រតិបត្តិការ​លួច​ព័ត៌​មាន​លើ​កុំព្យូទ័រ​នៅ​ទូទាំង​សាកល​លោក។ ប៉ុន្តែ​ចិន​បាន​បដិ​សេធ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​ខ្លួន​មិន​បាន​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ទាំង​អស់​នោះ​ទេ។

រូបឯកសារ៖ រូបថតមួយ បង្ហាញជនអនាមិកម្នាក់កំពុងប្រើកុំព្យូរទ័រ។

លោក ង៉ែត ម៉ូសេ អ្នក​ប្រឹក្សា​ឯករាជ្យ​លើ​កិច្ចការ​សន្ដិសុខ​ប្រព័ន្ធ​ឌីជីថល បាន​ចោទ​ជា​សំណួរ​ថា​តើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ដឹង​អំពី​ការ​លួច​ទិន្នន័យ​នេះ​ឬ​យ៉ាង​ណា និង​បាន​ចាត់​វិធាន​ការ​បែប​ណា កាល​ពី​ឆ្នាំ​២០១៨។ លោក​បន្ថែម​ថា​ការ​ការពារ​ទិន្នន័យ​របស់​រដ្ឋជា​រឿង​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ដែល​លោក​ចោទ​ជា​សំណួរ​ទៅ​លើ​សមត្ថ​ភាព​របស់​កម្ពុជា​ក្នុង​ការ​ការពារ​ទិន្នន័យ ទាក់​ទង​នឹង​កង្វះ​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​សន្តិ​សុខ ក្រប​ខណ្ឌ​ផ្លូវ​ច្បាប់ និង​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​ការ​ប្រើប្រាស់​នៅ​មាន​កម្រិត​«ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ទៅ​ជា​Target​ [គោលដៅ​] ក្នុង​ការ​វាយ​ប្រហារ»។

លោក​បន្ថែម​ថា៖ «ទីពីរ​គឺ​ផ្នែក​ផ្ទៃ​ក្នុង​នៅ​ក្នុង​ប្រទេស​យើង ថា​តើយើ​ង​មាន​មនុស្ស​គ្រប់គ្រាន់​ដើម្បី​ការពារ​ទិន្នន័យ​ទាំង​អស់​ហ្នឹង​នៅ? ទិន្នន័យ​ដែល​យើង​យើង​ហៅ​ថា​ជា​ទិន្នន័យ​របស់​ប្រទេស​ជាតិ ដើម្បី​ការពារ​សន្តិសុខ​ជាតិ​របស់​យើង​កុំ​ឲ្យ​លេច​ធ្លាយ​ទៅ​ប្រទេស​ខាង​ក្រៅ​អញ្ចឹង​ទៅ»។

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២០ ក្រសួង​ប្រៃ​សណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា​មាន​កំណើន​នៃ​ការ​វាយ​ប្រហារ​លើ​បណ្ដាញ​តេឡេក្រាម(Telegram)​ពី​សំណាក់​ក្រុម​ឧក្រិដ្ឋជន​ហេគ​ឃ័រ [Hackers] ដែល​ព្យាយាម​លួច​យក​ទិន្នន័យ​នានា៕