ក្រសួង​យុត្តិធម៌​អាមេរិក​បើក​ការ​ស៊ើបអង្កេត​អំពី​ការ​ចោទប្រកាន់​ការ​បំពាន​ផ្លូវភេទ​របស់​អាចារ្យ​សាសនា​គ្រិស្ត​ទៅ​លើ​កុមារ​

កុមារី Carolyn Fortney បាន​រួច​ជីវិត​ពី​ការ​រំលោភបំពាន​ផ្លូវភេទ​ពី​អាចារ្យនៃ​សាសនា​រ៉ូម៉ាំង​កាតូលិក​ កំពុង​រង់ចាំ​សាលក្រម​របស់​រដ្ឋ​ Pennsylvania កាលពី​ថ្ងៃទី​១៧ ខែ តុលា ឆ្នាំ ២០១៨។

ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ចាប់ផ្តើម​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​ចោទប្រកាន់​អំពី​ការ​បំពាន​ផ្លូវភេទលើ​កុមារ​នៅ​ក្នុង​ព្រះវិហារ​សាសនា​គ្រិស្ត​និកាយ​រ៉ូម៉ាំង កាតូលិក នៅ​រដ្ឋ Pennsylvania ដែល​ស្ថិត​នៅ​ប៉ែក​ខាង​កើត​សហរដ្ឋអាមេរិក។ នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​អ្នក​ដែល​បាន​ដឹង​អំពី​ការ​ស៊ើបអង្កេត​នេះ។​

ប្រភព​ព័ត៌មាន ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា ការិយាល័យ​របស់​រដ្ឋអាជ្ញា​អាមេរិក​នៅ​ក្នុង​ក្រុង Philadelphia កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ចេញ​ដីកាកោះ​ហៅ​នានា នៅ​ទូទាំង​រដ្ឋ។

​ពី​ដំបូង​ឡើយ ការ​ស៊ើបអង្កេត​នោះ​ត្រូវ​បាន​រាយការណ៍​ដោយ​បណ្តាញ​សារព័ត៌មាន Associated Press ហើយ​បន្ទាប់​មក​របាយការណ៍​មួយ​របស់​ចៅក្រម​ក្នុង​រដ្ឋ Pennsylvania កាល​ពី​ខែ សីហា បាន​គូសបញ្ជាក់​ថា អាចារ្យ​សាសនា​គ្រិស្ត​និកាយ​កាតូលិក​ជាង​៣០០​នាក់​នៅ​ក្នុង​រដ្ឋ​នេះ បាន​បំពាន​ផ្លូវ​ភេទ​កុមារ​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ ហើយ​ថា មេដឹកនាំ​ព្រះវិហារ​សាសនា​គ្រិស្ត​ទាំង​នោះ​ព្យាយាម​បិទបាំង​រឿង​នេះ៕