ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានសន្និដ្ឋានកាលពីថ្ងៃពុធថា ការិយាល័យប៉ូលិសនៅទីក្រុង Ferguson រដ្ឋ Missouri ភាគកណ្តាលឈៀងខាងលិចសហរដ្ឋអាមេរិកបានរំលោភជាទៀងទាត់លើសិទ្ធិតាមរដ្ឋធម្មនុញ្ញរបស់ពលរដ្ឋអាមេរិកស្បែកខ្មៅ ដោយក្រុមប៉ូលិសបានប្រើកម្លាំងហួសហេតុប្រឆាំងនឹងជនស្បែកខ្មៅហើយចាប់ខ្លួនពួកគេដោយមិនមានហេតុផលច្បាស់លាស់។
របាយការណ៍នេះជាលទ្ធផលនៃការស៊ើបអង្កេតរយៈពេល៦ខែ ដែលត្រូវបានគេចាប់ផ្តើមកាលពីឆ្នាំមុននៅក្រោយពេលមន្ត្រីប៉ូលិសស្បែកសមួយរូបបានបាញ់ស្លាប់ក្មេងជំទង់អាមេរិកស្បែកខ្មៅមួយរូបគឺ Michael Brown ក្នុងអំឡុងពេលមានការប្រទាញប្រទង់គ្នានៅតាមផ្លូវ។
ថ្វីបើមន្ត្រីសហព័ន្ធបានធ្វើការសន្និដ្ឋានចំពោះការិយាល័យប៉ូលិសក្រុង Ferguson យ៉ាងដូច្នេះក្តី ក៏មន្ត្រីសហព័ន្ធប្រកាសថា ពួកគេសម្រេចថានឹងមិនធ្វើការចោទប្រកាន់បទល្មើសទាក់ទងសិទ្ធិពលរដ្ឋចំពោះមន្ត្រីប៉ូលិសលោក Darren Wilson ទេដែលលោកបានលាលែងពីការិយាល័យប៉ូលិស Ferguson រួចទៅហើយ។ ក្រសួងយុត្តិធម៌អាមេរិកសន្និដ្ឋានថា មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងការអះអាងរបស់លោក Wilson ថាលោកមានការភិតភ័យដល់អាយុជីវិតក្នុងអំឡុងឧប្បត្តិហេតុនោះ។ ម៉្យាងទៀត ក៏មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថា យុវជន Brown បានលើកដៃទាំងពីរឡើងនៅពេលត្រូវលោក Wilson បាញ់។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ មហាគណៈវិនិច្ឆ័យមួយរបស់នៃរដ្ឋ Missouri ក៏បានសម្រេចឲ្យលោក Wilson រួចពីចោទប្រកាន់នៅក្នុងការស្លាប់របស់យុវជន Michael Brown។ សេចក្តីសម្រេចនេះបានបណ្តាលលឲ្យមានបាតុកម្មតវ៉ាយ៉ាងខ្លាំងពីពលរដ្ឋស្បែកខ្មៅដែលមានចំនួនភាគច្រើននៅសហគមន៍ Ferguson ក្បែរក្រុង St.Louis ក៏ដូចជានាំឲ្យមានបាតុកម្មនៅទូទាំងសហរដ្ឋអាមេរិកដែរ។
ក្រោយការធ្វើការសម្ភាសន៍មនុស្សរាប់រាយនាក់និងពិនិត្យមើលឯកសារប៉ូលិសនិងឯកសារផ្សេងទៀតចំនួនជាង៣ម៉ឺន៥ពាន់សន្លឹក ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានរកឃើញថា ថ្វីបើជនស្បែកខ្មៅមានចំនួន៦៧ភាគរយនៃប្រជាជាសរុបរបស់ក្រុង Ferguson ក្តី ក៏៩៣ភាគរយនៃការចាប់ខ្លួនត្រូវបានធ្វើចំពោះជនស្បែកខ្មៅ។ របាយការណ៍នេះក៏និយាយដែរថា ៨៥ភាគរយនៃការឃាត់រថយន្តតាមផ្លូវ ធ្វើឡើងចំពោះអ្នកបើកបរស្បែកខ្មៅ ហើយ៩០ភាគរយនៃការផាកពិន័យចរាចរណ៍ក៏ធ្វើឡើងចំពោះជនស្បែកខ្មៅដែរ។
របាយការណ៍នោះក៏ទម្លាយឲ្យដឹងថាមន្ត្រីប៉ូលិស Ferguson តែងប្រើគណនីអ៊ីម៉ែលការងារជាទៀតទាត់ដើម្បីបញ្ជូនសារកំប្លែងដែលមានខ្លឹមសារប្រកាន់ពូជសាសន៍។ ជាឧទាហរណ៍ នៅក្នុងសារអេឡិកត្រូនិកមួយដែលសរសេរកាលពីខែវិច្ឆិកា ឆ្នាំ២០០៨ ក្រោយពីលោក Barack Obama បានឈ្នះការបោះឆ្នោតជាប្រធានាធិបតី មន្ត្រីក្រុងមួយរូបបានសរសេរថា លោក Obama នឹងមិនបានកាន់តំណែងយូរទេ ដោយមន្ត្រីនោះចោទសួរថា៖ «ចុះមានបុរសស្បែកខ្មៅណាដែលមានការងារជាប់លាប់ហួសពី៤ឆ្នាំនោះ?»
ក្រុមមន្ត្រីក្រុង Ferguson ថ្លែងថា ពួកគេកំពុងពិនិត្យរបាយការណ៍នេះ ហើយមន្ត្រីក្រសួងយុត្តិធម៌កំពុងចរចាជាមួយអាជ្ញាធរក្រុងដើម្បីកែប្រែបែបបទនៃការអនុវត្តន៍របស់មន្ត្រី។ ក៏បុន្តែ ប្រសិនបើភាគីទាំងពីរមិនអាចឈានដល់ការព្រមព្រៀងមួយទេ នោះក្រសួងយុត្តិធម៌អាចចាត់វិធានការប្តឹងអាជ្ញាធរក្រុង Ferguson ដើម្បីទទួលបទបញ្ជាតុលាការមួយដែលតម្រូវឲ្យមានការផ្លាស់ប្តូរ។ កន្លងមករដ្ឋាភិបាលអាមេរិកធ្លាប់ចាត់វិធានការផ្លូវច្បាប់បែបនេះប្រឆាំងនឹងការិយាល័យប៉ូលិសផ្សេងទៀត៕