ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អំពើ​ហិង្សា​ផ្ទុះ​ឡើង​នៅ​ Ferguson​ ក្រោយ​ការ​សម្រេច​​របស់​​មហា​គណៈ​វិនិច្ឆ័យ


អ្នក​តវ៉ា​​ម្នាក់​លើក​ផ្ទាំង​សញ្ញា​ខាង​ក្រៅ​ហាង​លក់​ថ្នាំ​ពេទ្យ​ដែល​កំពុង​ឆេះ​ ក្រោយ​ក្រុម​គណៈវិនិច្ឆ័យ​​​បាន​សម្រេច​ថា​មិន​ធ្វើការ​កាត់ទោស​លើ​ការ​បាញ់​សម្លាប់​យុវជន​ស្បែកខ្មៅ​ឈ្មោះ ​Michael Brown ​ក្នុង​ទីក្រុង Ferguson រដ្ឋ Missouri កាល​ពី ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

នៅទីក្រុង ​Ferguson​ ​ស.រ.អា.មាន​ភាព​ចលាចល​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ ក្រោយក្រុម​មហាគណៈវិនិច្ឆ័យ (ការ​ជំនុំ​ជម្រះ​ដោយ​ក្រុម​ប្រជាជន) ​បាន​សម្រេច​ថា ​មិន​ធ្វើការ​កាត់ទោស​មន្ត្រី​ប៉ូលិស​ស្បែក​ស ដែល​បាន​បាញ់​សម្លាប់​យុវជន​ស្បែកខ្មៅ​ឈ្មោះ ​Michael Brown ​ដែល​អត់​មាន​អាវុធ​ក្នុងដៃ​នោះ។​

ការ​តវ៉ា​ដោយ​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​យប់​ថ្ងៃច័ន្ទ​ ​ក្រោយ​ពី​មន្ត្រី​នានា​ប្រកាស​ថា​ មិន​មាន​ការ​ចោទ​ប្រកាន់​លោក ​Darren Wilson​ មន្ត្រី​ប៉ូលិស ​ទាក់ទង​នឹង​ការ​បាញ់សម្លាប់​លោក​ Michael Brown ​អាយុ​១៨ឆ្នាំ។​

លោក​ Jon Belmar ​ប្រធាន​ប៉ូលិស​សង្កាត់ ​St. Louis County​ និយាយ​ថា​ យ៉ាង​តិច​មាន​អគារ​ជាង​១០​ត្រូវ​ដុត​បំផ្លាញ។ ​លោក​និយាយ​ថា​ មិនមាន​របាយការណ៍អំពី​មនុស្ស​រង​របួស​ទេ។​

លោក​ Jon Belmar​និយាយ​ថា​ កន្លែង​រក​ស៊ី​ទាំង​នោះ​ប្រហែល​ជា​មិន​អាច​បើក​ឡើង​វិញ​បាន​ទេ។​ នេះ​ជារឿង​ដ៏​គួរ​ឲ្យ​សោក​ស្តាយ។​ ព័ត៌មាន​ល្អគឺ​ថា ​ប៉ូលិស​មិន​បាន​បាញ់​កាំ​ភ្លើង​ទេ។​ តាម​លោក​ដឹង​ មិន​មាន​ប៉ូលិស​រង​របួស​ធ្ងន់ធ្ងរ​ទេ​ ទោះ​ជា​មាន​ការ​គប់​ដុំ​ថ្ម​មក​លើ​ប៉ូលិស​ក្តី។​ ប៉ូលិស​ល្បាត​ម្នាក់​ត្រូវ​ដប​ទឹក​ចំ​ក្បាល​ ​តែ​មិន​មាន​របួស​ធ្ងន់ធ្ងរ​ទេ៕

XS
SM
MD
LG