ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជ្រុង​ម្ខាង​ទៀត​នៃ​រឿង​រ៉ាវ​នៅ​ក្រុង Ferguson


ផ្លាក​សញ្ញា​​​មួយ​លើក​ទឹក​ចិត្ត​​ក្រុង​ Ferguson ត្រូវ​គេ​ដាក់​នៅ​កន្លែង​ជួប​ជុំ​គ្នា​មួយ​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​សីហា​ឆ្នាំ​២០១៤ ​ត្រង់​ចំណុច​ដែល​យុវជន Michael Brown ត្រូវ​បាន​គេ​បាញ់​ស្លាប់។ (Gesell Tobias/VOA)
ផ្លាក​សញ្ញា​​​មួយ​លើក​ទឹក​ចិត្ត​​ក្រុង​ Ferguson ត្រូវ​គេ​ដាក់​នៅ​កន្លែង​ជួប​ជុំ​គ្នា​មួយ​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​សីហា​ឆ្នាំ​២០១៤ ​ត្រង់​ចំណុច​ដែល​យុវជន Michael Brown ត្រូវ​បាន​គេ​បាញ់​ស្លាប់។ (Gesell Tobias/VOA)

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ រឿងពាក់ព័ន្ធ​នឹង​រឿង​ក្មេង​ជំទង់​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់​ដែល​ត្រៀមចូល​រៀន​នៅ​សាកលវិទ្យាល័យ​ និង​ការ​ស្លាប់​របស់​គេ​ដោយ​ប៉ូលិស​ស្បែក​ស បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ដ៏​សំខាន់​នៅ​សង្កាត់​ Ferguson ជាយក្រុង St. Lous នៃ​រដ្ឋ Missouri។

ក្នុង​អំឡុង​ថ្ងៃ​ដ៏​ក្តៅ​ហួត​ហែង​មួយ​ សហគមន៍​ឯ​ជាយ​ក្រុង Ferguson នៃ​រដ្ឋ Missouri មួយ​នេះ​ព្យាយាម​វិល​ទៅ​រក​ភាពស្ងប់​ស្ងាត់​វិញ បន្ទាប់​ពី​ការ​ស្លាប់​របស់​ក្មេង​ជំទង់​អាមេរិក​ស្បែក​ខ្មៅ​ដែល​គ្មាន​ប្រដាប់​ដោយ​អាវុធ​ម្នាក់​ឈ្មោះ លោក ម៉ៃឃើល ប្រោន (Michael Brown) ដែល​ត្រូវ​បាន​បាញ់​ប្រហារ​ដោយ​ប៉ូលីស​ស្បែក​ស​ ដារ៉េន​ វីលសុន (Darren Wilson) កាល​ពី​ថ្ងៃ​ទី០៩ ខែសីហា​កន្លង​ទៅ​នេះ។

យោង​តាម​ស្ថិតិ​ជំរឿន​ចុង​ក្រោយ​និង​ទិន្នន័យ​ឆ្នាំ​២០១០ ទីក្រុង​ជាយ​ក្រុង Ferguson មាន​ពលរដ្ឋ​រស់​នៅ​ចំនួន​ ២១.០០០ នាក់​ ហើយ​ក្នុង​ចំណោម​នោះ ៦៧.៤% ជា​ជនជាតិ​ស្បែក​ខ្មៅ​ ប៉ុន្តែ​ក៏​មាន​ជនជាតិ​ស្បែក​ស​ ជនជាតិ​មាន​កំណើត​ពី​អាមេរិក​ឡាទីន (hispanics) និង​ជនជាតិ​អាស៊ី​មួយ​ចំនួន​រស់​នៅ​ទីនោះ​ដែរ។

នៅ​ពេល​ដែល​គេ​ធ្វើ​ដំណើរ​តាម​ដង​វិថី​នៃ​សង្កាត់​មួយ​នេះ​នៅ​ជាយ​ក្រុង​ St Louis រដ្ឋ​ Missouri អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​នោះ​គឺ​ ទ្វារ​បង្អួច​កញ្ចក់​នៃ​ហាង​ខ្លះត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ក្តារ​ឈើ​នៅ​ឡើយ ប៉ុន្តែ​ហាង​ភាគច្រើន​បាន​ចាប់​បើក​ឡើង​វិញ​ជូន​សាធារណជន​ហើយ បន្ទាប់​ពី​មាន​ការ​ចូល​លួចប្លន់​ និង​បាតុកម្ម​តវ៉ា​ដ៏​ខ្លាំង​ក្លា។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ទៀត​នោះ​គឺ ភាព​រស់​រាយ​រាក់ទាក់​របស់​ប្រជាជន​នៅ​ទីនោះ។ ពួក​គេ​តែង​រីករាយ​នឹង​ជួយនៅ​ពេល​ដែល​មាន​អ្នក​ធ្វើ​ដំណើរ​សុំ​ឲ្យ​បង្ហាញ​ផ្លូវ ពិសេស​ពេល​ដែល​មានអ្នក​យកព័ត៌មាន​ចុះ​ទៅជជែក​ជាមួយ​ម្តងៗ។

នេះ​ជាសហគមន៍​មួយ​ដែល​ចង់​ចែក​រំលែក​ពី​អារម្មណ៍​របស់​ពួក​គេ​ ដែល​មាន​របួស​ផ្លូវ​ចិត្ត​ ហើយ​ដែល​ត្រូវ​បន្សល់​ទុក​ពី​ព្រឹត្តិការណ៍​ការ​ស្លាប់​មួយ​ដែល​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ថ្នាក់ជាតិ​និង​អន្តរជាតិ។​

កន្លង​ទៅ​ថ្មីៗ​នេះ​ ប្រសិន​បើ​គេ​ឮ​ពាក្យ Ferguson គេ​នឹង​នឹក​ឃើញ​ដល់​បាតុកម្ម​ប្តឹង​តវ៉ា​ និង​ការ​លួច​ប្លន់។ តែ​ខណៈ​នេះ​ រឿង​ជាក់​ស្តែង​នៅ​ទី​នេះ​គឺ​ជា​រឿង​ផ្សេង​មួយ​ទៀត។​

ទិដ្ឋភាពហាង​សាំង​ដែល​ត្រូវ​បំផ្លាញ​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​សីហា​ឆ្នាំ​២០១៤ គឺ​នៅត្រង់​ចំណុច​ដែល​យុវជន Michael Brown ត្រូវ​បាន​គេ​បាញ់​ស្លាប់។ (Gesell Tobias/VOA)
ទិដ្ឋភាពហាង​សាំង​ដែល​ត្រូវ​បំផ្លាញ​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​សីហា​ឆ្នាំ​២០១៤ គឺ​នៅត្រង់​ចំណុច​ដែល​យុវជន Michael Brown ត្រូវ​បាន​គេ​បាញ់​ស្លាប់។ (Gesell Tobias/VOA)

​ជា​បណ្តើរៗ ទីក្រុង​មួយ​នេះ​បាន​ប្រែ​ទៅ​ជា​រក​ភាព​ស្ងប់ស្ងាត់​ដូច​សព្វ​មួយ​ដង ដូច​កាល​ពី​មុន​ថ្ងៃ​ទី​៩ ខែ​សីហា។ ក៏​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ធំ​ ពិត​ជា​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​មួយ។ នោះ​គឺ​ការ​ផ្លាស់​ប្តូរ​អាកប្បកិរិយា​របស់​ក្រុម​ប៉ូលីស (ស្បែកស) ទៅ​លើ​ពលរដ្ឋ​ស្បែក​ខ្មៅ។

លោក​ ម៉ាក (Mark) ដែល​ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ទី​ក្រុង Ferguson ដែល​សុំ​មិន​បញ្ចេញ​ត្រកូល​ បាន​និយាយ​ថា​ «ស្ថានភាព​នៅ​ទីនេះ​ពិត​ជា​អាក្រក់​ធ្ងន់ធ្ងរ​ ហើយ​វា​ក្លាយ​ទៅ​ជា​យ៉ាង​នេះ​ដោយ​សារ​តែ​ជា​ទូទៅ​ក្មេង​ប្រុស​ជនជាតិ​អាមេរិកស្បែក​ខ្មៅ​ គឺ​ជា​មុខ​ព្រួញ។ ពួកគេ​ត្រូវ​រង​ការ​ចំអក​ ភាព​មិន​ទុក​ចិត្ត និង​មិន​គួរ​ឲ្យ​រាប់អាន និង​ការ​មិន​ឲ្យ​តម្លៃ។ ហើយបញ្ហា​នេះ​នៅ​តែ​បន្ត​ដោយសារ​តែ​របៀប​ដែល​សង្គម​ទាំង​មូល​មើល​ឃើញ​ពួក​គេ​នៅ​សហរដ្ឋអាមេរិក»។

ក្នុង​ពេល​ដែល​កំពុង​ជជែក​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ មាន​មនុស្ស​ជាច្រើន​ចង់​ប្រើប្រាស់អ្វីពួក​គេហៅ​ថា​ជា​ពេលវេលា​នៃ​ការ​ឈឺចាប់​នេះ​ ឲ្យ​ជា​ឱកាស​សម្រាប់​សហគមន៍​ទាំង​មូល​រួប​រួម​គ្នា​ជា​ធ្លុង​មួយ ហើយ​បញ្ជៀស​ព្រឹត្តិការណ៍​ដដែល​នេះ​នៅ​ថ្ងៃ​អនាគត។

ការ​ស្លាប់​របស់​យុវជន Brown បាន​កើត​ឡើង​នៅ​ក្បែរ​អគារ​ផ្ទះ​ល្វែង។ នៅ​ថ្ងៃ​អាទិត្យ​ជុំវិញ​អគារ​ស្នាក់​នៅ​ គេ​ឃើញ​មាន​ប្រជាជន​បាន​ចែកចាយអាហារ​គ្នា​ ដូច​ជាសាច់ក្រក​ (hot dogs) ដំឡូង​បារាំង​បំពង និង​ទឹក។ ព្រម​គ្នា​នេះ​ដែរ លោក​ ចន​ បុនស៍ (John Bonds) ដែល​កំពុង​អាំង​សាច់ក្រក​ hot dogបាន​ប្រាប់​វីអូអេ​ថា លោក​យក​ពេលវេលា​នេះ​ជា​ឱកាស​ដើម្បី​បង្រួបបង្រួម​សហគមន៍​ Ferguson ក៏​ដូច​ជា​សហគមន៍​ស្បែក​ខ្មៅ​នានា​នៃ​ក្រុង St Louis ដែល​លោក​ថា​ពី​មុន​មក​មិន​ដែល​ត្រូវ​គ្នា​ទេ។

លោក Bonds និយាយថា៖ «កាល​ពី​មុន​ យើង​មិន​ចូល​ចិត្ត​គ្នា​ទាល់​តែ​សោះ​ មិន​ដឹង​មូលហេតុ​ទេ តែ​ក្រោយ​ពី​ឧប្បត្តិហេតុ​ផ្ទុះ​ឡើង យើង​ក៏រួបរួម​គ្នា»។

អាជ្ថាធរ​បាន​និយាយ​ថា លោក​ប៉ូលិស​ ដារ៉េន​ វីលសុន (Darren Wilson) បាន​បាញ់​ប្រោន ដើម្បី​ការពារ​ខ្លួន។ ស្នងការ​ប៉ូលីស​ក៏​បាន​បញ្ចេញ​ជា​សាធារណ​នូវ​វីដេអូពី​កាមេរ៉ា​សុវត្ថិភាព​ ដែល​បង្ហាញ​អំពី​ក្មេង​ជំទង់​នោះ​ទំនង​ជា​កំពុង​ប្លន់​ហាង​នៅ​ Ferguson គឺ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​នៅ​មុន​ការ​ស្លាប់​របស់​គេ។ បើ​យោង​តាម​អាជ្ញាធរ​ពង្រឹង​ច្បាប់ លោក​វីលសុន​បាន​ធ្វើ​សកម្មភាព​ឆ្លើយ​តប​នឹង​អំពើ​ប្លន់​នេះ។

កាល​ពី​ថ្ងៃ​ពុធ​ទី២០ ខែ​សីហា​ គណៈវិនិច្ឆ័យ (តុលាការ​ពលរដ្ឋ) ដែល​មាន​ជនជាតិ​ស្បែក​ស​ ៩នាក់ និង​ជនជាតិ​ស្បែក​ខ្មៅ​៣នាក់​បាន​កោះ​ប្រជុំ​ ដើម្បី​ពិចារណា​លើភស្តុតាង​ដែល​ត្រូវ​ផ្តល់​ដោយ​រដ្ឋអាជ្ញា​ក្រុង St. Louis មុន​នឹង​សម្រេច​ថា​តើ​គួរ​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការលើ​មន្ត្រី​ប៉ូលីស​នោះ​ទេ។ មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សហគមន៍​មិន​ជឿជាក់​ទៅ​លើ​ការ​ស៊ើបអង្កេត​ក្នុង​ស្រុក​ទេ តែ​ពួក​គេ​ជឿជាក់​ទៅ​លើ​ការ​ស៊ើប​អង្កេត​របស់​សហព័ន្ធ​ ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​ក្រសួង​យុត្តិធម៌​និង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ FBI។

​តុលាការ​គណៈវិនិច្ឆ័យ​អាច​ចំណាយ​ពេល​រាប់​សប្តាហ៍​ទៀត​ទម្រាំ​អាច​ឈាន​ដល់​សេចក្តី​សម្រេច​ចុង​ក្រោយ។ រហូត​ដល់​ពេល​នោះ នឹង​មិន​មាន​នរណា​ម្នាក់​អាច​ដឹង​ពី​ទិដ្ឋភាព​ទាំង​ស្រុង​នៃ​រឿង​ដែល​បាន​កើត​ឡើង​នៅ Ferguson នៅ​មុន​ថ្ងៃ​ត្រង់​ថ្ងៃ​ទី៩​ ខែ​សីហា​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ ខាន់ សុគុំមនោ

XS
SM
MD
LG