ការ​បាត់​បង់​ការ​ងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​កើន​ឡើង ដោយសារ​មេរោគ​កូរ៉ូណា​បង្ខំ​ឲ្យ​អាជីវម្ម​បិទ​ទ្វារ

នេះ​ជា​ប្រាក់​ទឹក​តែ​ និង​ប្រាក់​បៀវត្សរ៍​ចុង​ក្រោយ​របស់​បុគ្គលិក​ដែល​ត្រូវ​ហាង​កាហ្វេ Farley’s East បញ្ឈប់​ពី​ការងារ ដោយសារ​តែ​ត្រូវ​បិទ​ទ្វារ​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា នៅ​ក្នុង​ក្រុង Oakland រដ្ឋ California កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

ការ​ទាម​ទារ​​ប្រាក់​អត្ថប្រយោជន៍​ដោយ​សារ​ការ​អត់​ការ​ងារ​ធ្វើ​បាន​កើន​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក កាល​ពី​ពេល​ថ្មីៗ​នេះ ខណៈពេល​ដែល​សេដ្ឋកិច្ច​កំពុង​រង​ការ​ប៉ះ​ពាល់​​ដោយ​សារ​ការ​​ឆ្លង​រាល​ដាល​​​នៃ​មេ​រោគ​កូរ៉ូណា។

ក្រសួង​ការងារ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មីនា​កន្លង​ទៅ​នេះ​ថា ពលរដ្ឋ​អាមេរិកាំង​ប្រមាណ ២ សែន ៨ ម៉ឺន ១ ពាន់​នាក់ បាន​ស្នើ​សុំ​ទាម​ទារ​ប្រាក់​អត្ថប្រយោជន៍​ដោយ​សារ​ការ​អត់​ការ​ងារ​ធ្វើ ដែល​ជា​ការ​កើន​ឡើង​ចំនួន ៧ ម៉ឺន​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​សប្ដាហ៍​កន្លង​ទៅ។ តួ​លេខ​ថ្មី​នេះ គឺ​ជា​តួលេខ​ខ្ពស់​ជាង​គេ​បំផុត​ ក្នុង​រយៈពេល​ពីរឆ្នាំ​កន្លះ​កន្លង​មក​នេះ។

សេដ្ឋវិទូ​បាន​ប៉ាន់​ប្រមាណ​ថា ពល​រដ្ឋអាមេរិក​ជាង​មួយ​លាន​នាក់​ នឹង​ត្រូវ​បាត់​បង់​ការ​ងារ​របស់​ពួក​គេក្នុង​បំដាច់​ខែ​មីនា​នេះ។

បុគ្គលិក​ទទួល​ប្រាក់​ឈ្នួល​តាម​ម៉ោង នៅ​តាម​ហាង​លក់​រាយ សណ្ឋាគារ និង​ភោជនីយដ្ឋាន ត្រូវ​គេ​រំពឹង​ថា ជា​ជន​ដែល​ងាយ​រង​គ្រោះ​ជាង​គេ​សម្រាប់​ការ​កាត់​បុគ្គលិក​ចេញ ដោយ​សារ​តែ​មាន​ការ​បិទ​អាជីវកម្ម​ដោយ​ស្ម័គ្រចិត្ត ឬ​ក៏​បិទ​តាម​បញ្ជា​របស់​រដ្ឋ និង​អជ្ញាធរ​មូល​ដ្ឋាន ដើម្បី​ព្យាយាម​រារាំង​មិន​ឲ្យ​មាន​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា។

រដ្ឋ​នីមួយៗ​កំពុង​រាយ​ការណ៍​អំពី​កំណើន​ខ្លាំង​នៃការ​ទាម​ទារ​ប្រាក់​អត្ថប្រយោជន៍​ដោយ​សារ​ការ​អត់​ការ​ងារ​ធ្វើ ដោយ​ជា​ទូទៅ អាជ្ញាធរ​គ្រាន់​តែ​ផ្ដល់​ឲ្យ​នូវ​ប្រាក់​មួយ​ចំនួន​តូច​បណ្ដោះអាសន្ន​សម្រាប់​អ្នក​អត់​ការ​ងារ​ធ្វើ​ប៉ុណ្ណោះ ហើយ​ចំនួន​ទឹក​ប្រាក់​នោះ​គឺ​តិច​តួច​បំផុត បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រាក់​ដែល​ពួក​គេ​ទទួល​បាន​ពី​ការ​ប្រកប​ការ​ងារ​ធម្មតា​របស់​ពួក​គេ។

នៅ​ក្នុង​រដ្ឋ Virginia ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក គេ​ឃើញ​មាន​ការ​កើន​ឡើង​ចំនួន ៣៣ ដង នៃ​ការ​ទាម​ទារ​ប្រាក់​អត្ថប្រយោជន៍​កាល​ពី​សប្ដាហ៍​មុន ដោយ​សារ​ការ​អត់​ការ​ងារ​ធ្វើ។ ចំណែក​ឯ​រដ្ឋ Pennsylvania នៅ​ភាគ​ខាង​កើត និង​រដ្ឋ Colorado នៅ​ភាគ​ខាង​លិច​វិញ ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ការ​កើន​ឡើង ២០ ដង នៃការ​ទាម​ទាម​ប្រាក់​អត្ថ​ប្រយោជន៍​នេះ។

ទាំង​រដ្ឋាភិបាល​សហព័ន្ធ អាជ្ញាធរ​ប្រចាំ​រដ្ឋ​នីមួយៗ និង​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​អាជីវកម្ម​នា​នា បាន​បិទ​ទីតាំង​របស់​ពួក​គេ និង​បាន​បញ្ជា​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ធ្វើ​ការ​ពី​ផ្ទះ។

ដូច្នេះ​ហើយ ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ស្មើ​នឹង ៧០% នៃ​សេដ្ឋកិច្ច​របស់​ប្រទេស ដែល​ជា​សេដ្ឋកិច្ច​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក គឺ​នឹង​ធ្លាក់​ចុះ​ដោយ​មិន​អាច​ជៀស​បាន នៅ​ពេល​ដែល​ប្រជាពលដ្ឋ​ព្រួយ​បារម្ភ​អំពី​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​អ្នក​ដែល​ខ្លួន​មិន​ស្គាល់ ដោយ​គេ​មិន​ដឹង​ថា​តើ​អ្នក​នោះ​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ឬ​ក៏​អត់​នោះ៕

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា