ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan កាលពីថ្ងៃអាទិត្យបាននិយាយថាការបោះឆ្នោតនៅអ៊ីរ៉ង់ជ្រើសរើសលោក Ebrahim Raisi ដែលជាអ្នកប្រកាន់តឹងរ៉ឹងធ្វើជាប្រធានាធិបតីថ្មីនោះមិនសំខាន់ទេ ដោយលោកនិយាយថាទោះជានៅទីបំផុតសហរដ្ឋអាមេរិកនឹងចូលរួមក្នុងកតិកាសញ្ញាអន្តរជាតិបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់នោះក្តីគឺវានៅតែអាស្រ័យលើការសម្រេចចិត្តរបស់មេដឹកនាំកំពូលគឺលោក Ayatollah Ali Khamenei តែប៉ុណ្ណោះ។
លោក Raisi នឹងជំនួសលោក Hassan Rouhani ក្នុងពេល៦សប្តាហ៍ទៀតប៉ុន្តែលោក Sullivanបានប្រាប់ទូរទស្សន៍ ABC News ថាអ្នកណាជាប្រធានាធិបតីអ៊ីរ៉ង់គឺមិនសំខាន់ទេការណ៍ដែលសំខាន់ជាងនោះគឺថាតើប្រព័ន្ធទាំងមូលរបស់ពួកគេបានត្រៀមប្តេជ្ញាចិត្តបោះបង់ចោលលទ្ធភាពធ្វើអាវុធនុយក្លេអ៊ែរដែរឬទេ។
ជាមួយនឹងមហាអំណាចពិភពលោក៥ទៀតសហរដ្ឋអាមេរិកចូលរួមក្នុងកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ដើម្បីចរចាកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ក្នុងការរារាំងកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់។
អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះដោយនិយាយថាវាមិនតឹងតែងគ្រប់គ្រាន់សម្រាប់ប្រទេសអ៊ីរ៉ង់។លោក Trumpបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញប្រឆាំងរដ្ឋាភិបាលក្រុងតេហេរ៉ង់ដែលទណ្ឌកម្មទាំងនោះត្រូវបានដកចេញមុនពេលលោកឡើងកាន់អំណាច៕