​ការ​ស៊ើប​អង្កេត​របស់​អាមេរិក​ធ្វើ​ឲ្យ​ជន​ភៀស​ខ្លួន​ភូមា​ព្រួយ​បារម្ភ

រូបឯកសារ៖ Tin​ ដែល​ជា​ជន​ភៀសខ្លួន​មីយ៉ាន់ម៉ា​កាន់​សាសនា​គ្រិស្ត​ ចាក​ចេញ​ពី​សាលា​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ក្រោយ​ពេល​ដាក់​កូន​របស់​ខ្លួន​ឲ្យ​ចូល​រៀន (កាល​ពី​ឆ្នាំ​២០១៧)។ គាត់​បាន​គេច​ចេញ​ពី​ប្រទេស​ភូមា​ក្នុង​បំណង​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក។

នៅ​ពេល​ដែល​លិខិតរដ្ឋាភិបាល​អាមេរិក​កាលពី​ខែ​កុម្ភៈ បាន​កោះ​ហៅ​ជន​ភៀស​ខ្លួន​ភូមា​ជាង​១ពាន់​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ឲ្យ​មក​ធ្វើ​បទ​សម្ភាស​ផ្លូវ​ការ​នោះ មាន​ការ​ជជែក​តៗ​គ្នា​នៅ​ទូទាំង​សហគមន៍​ជន​អន្តោ​ប្រវេសន៍​ថា​ តើ​លិខិត​ទាំង​នោះ​ពិត​ប្រាកដ​ឬ​ទេ? តើ​ជន​ភៀស​ខ្លួន​ត្រូវ​ចូលរួម​ឬ​ទេ? តើ​រដ្ឋាភិបាល​ចង់​បាន​អ្វី​ពី​ការ​ជួប​ជាមួយ​នឹង​ជន​ភៀស​ខ្លួន​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស ​ដែល​អ្នក​ខ្លះ​បាន​រស់​នៅ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​រួច​ទៅ​ហើយ?

លិខិត​ដែល​ទីភ្នាក់ងារ​ផ្តល់​សញ្ជាតិ​និង​ផ្តល់​សេវា​ដល់​ជន​អន្តោ​ប្រវេសន៍​របស់​អាមេរិក​ឬ​ USCIS ដែល​ជា​ទីភ្នាក់ងារ​សហព័ន្ធ​ដែល​ធ្វើ​បទ​សម្ភាស​ជាមួយ​នឹង​ជន​ភៀស​ខ្លួន​នៅ​បរទេស​ និង​ជា​អ្នក​ត្រួត​ពិនិត្យ​ទៅ​លើ​ពាក្យ​សុំ​របស់​ជន​អន្តោប្រវេសន៍​នោះ​ គឺ​ជា​លិខិត​ពិត​ប្រាកដ។

ជន​ភៀស​ខ្លួន​មួយ​ចំនួន​ជ្រើស​រើស​ទៅ​ធ្វើ​បទ​សម្ភាស​ អាស្រ័យ​ទៅ​តាម​កន្លែង​ស្នាក់​នៅ​ឬ​ដំណើរ​ការ​នៃ​ការ​សុំ​ចូល​សញ្ជាតិ។ ការ​ខក​ខាន​ក្នុង​ការ​ធ្វើ​ទៅ​តាម​លិខិត​នោះ​អាច​នឹង​ធ្វើ​ដល់​ប៉ះ​ពាល់​ដំណើរ​ការ​នៃការ​ដាក់​ពាក្យ​សុំ​របស់​ជន​អន្តោ​ប្រវេសន៍​នោះ នេះ​បើ​យោង​តាម​លិខិត​ទាំង​នោះ។

គោល​ដៅ​សំខាន់​នៃ​ការ​ស៊ើប​អង្កេត​ទៅ​លើ​លទ្ធ​ភាព​នៃ​ការ​ក្លែង​បន្លំ​អត្ត​សញ្ញាណ ដែល​ជន​ភៀស​ខ្លួន​២នាក់ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ប្រើប្រាស់​ឈ្មោះ​ដូច​គ្នា ដែល​ប្រហែល​ជា​បាន​កើត​ឡើង​កាលពី​ជិត​មួយ​ទសវត្សរ៍​មុន​នោះ​ នៅ​តែ​មាន​ភាព​មិន​ច្បាស់​លាស់​នៅ​មួយ​ខែ​ក្រោយ​មក។​ ទីភ្នាក់ងារ USCIS មិន​បាន​លើក​ឡើង​ថា​ តើមាន​បណ្តឹងបទ​ឧក្រិដ្ឋ​យ៉ាង​ណា​នោះ​ទេ ហើយ​ក្រុម​អ្នក​គាំទ្រ​ជន​ភៀស​ខ្លួន​មិន​ទាន់​បាន​រាយការណ៍​ពី​សកម្ម​ភាព​ទាំង​នោះ​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លិខិត​និង​បទ​សម្ភាស​បាន​បង្ក​ឲ្យ​មាន​ចម្ងល់ ហើយ​បាន​ធ្វើ​ឲ្យ​ជន​ភៀស​ខ្លួន​និង​ក្រុម​អ្នក​គាំទ្រ​របស់​ពួក​គេ​ស្ថិត​ក្នុង​ភាព​តានតឹង​ក្នុង​ពេល​មួយ​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​កាត់​បន្ថយ​កម្មវិធី​ជន​ភៀស​ខ្លួន​កាលពី​១៥ខែ​មុន។

អ្នកស្រី Jill Niswander នាយិកា​ផ្នែក​ទំនាក់​ទំនង​និង​មូល​និធិ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ឯ​មជ្ឈមណ្ឌល​គាំទ្រ​ជន​ជាតិ​ភាគ​តិច​ភូមា​នៅ​ក្នុង​រដ្ឋ Iowa ដែល​ជា​អង្គការ​គាំទ្រ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ទីក្រុង Des Moines រដ្ឋ​ Iowaនោះ​បាន​ថ្លែង​ថា ការ​ស្នើ​ឲ្យ​ចូល​សម្ភាស​របស់​ទីភ្នាក់ងារ USCIS បាន​បង្ក​ឲ្យ​សហគមន៍​ភូមា​មាន​ការ​ព្រួយ​បារម្ភ។

អ្នកស្រី​បាន​ថ្លែង​បា្រប់ VOA បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ក្នុង​រដ្ឋ​ Iowa បាន​រាយការណ៍​ដំបូង​គេ​អំពី​រឿង​នេះ​កាលពី​ចុង​ខែ​កុម្ភៈ​នោះ​ថា៖«មិន​ថា​លទ្ធផល​យ៉ាង​ណា​ទេ សំណើរ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​នៃ​មូលដ្ឋាន​គ្រឹះ​ដែល​អ្នក​ទាំង​នេះ​សម្រេច​បាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក»។​

អ្នក​ស្រី​បាន​ថ្លែង​បន្ថែម​ថា៖«វា​នឹង​មិន​ដូច​ដើមទេ។ ពួក​គេ​នឹង​តែង​តែ​រំពឹង​ទទួល​បាន​លិខិត​មួយ។ ពួកគេ​នឹង​តែង​តែ​ព្រួយ​បារម្ភ​ថា​រឿង​បែប​នេះ​នឹង​កើត​មាន​ឡើង​ម្តង​ទៀត។ ពិសេស​នៅ​ពេល​ដែល​គេ​ធ្វើ​ដូច្នេះ​ទៅ​កាន់​ក្រុម​មួយ​ដែល​ធ្លាប់​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​រដ្ឋាភិបាល»។

ភាព​បែក​បាក់​នៃ​កម្មវិធី​ជន​ភៀស​ខ្លួន​របស់​អាមេរិក

ការ​ស៊ើប​អង្កេត​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ភាព​ច្របូក​ច្របល់​រយៈ​មួយ​ឆ្នាំ​ដោយ​សារ​តែ​ការ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​របស់​ជន​ភៀស​ខ្លួន។ រដ្ឋបាល​លោក Trump បាន​កាត់​បន្ថយ​ការ​មក​ដល់​នៃ​ជន​ភៀសខ្លួន​ចំនួន​ជាង​ពាក់កណ្តាល មន្ត្រី​សំខាន់ៗ​ត្រូវ​បាន​តែង​តាំង​ឲ្យ​កាន់​តំណែង​ដទៃ​ទៀត​ឬ​បាន​ចូល​និវត្តន៍ ហើយ​ដូច​ដែល​ VOA បាន​រាយការណ៍​កាលពី​ខែ​មុន សញ្ជាតិ​របស់ជន​ភៀស​ខ្លួន​ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​មាន​ការ​ប្រែ​ប្រួល។

ក្រុម​គាំទ្រ​ជន​ភៀស​ខ្លួន​ភ័យ​ខ្លាច​ថា​ រដ្ឋបាល​លោក Trump នឹង​ប្រើប្រាស់​បញ្ហា​នា​ពេល​ថ្មីៗ​នេះ​របស់​ភូមា​ ដើម្បី​បន្ត​កាត់​បន្ថយ​កម្មវិធី​ទទួល​ជន​ភៀសខ្លួន។

ការ​ស៊ើប​អង្កេត​ទៅ​លើ​បញ្ហា​បន្លំ​អត្តសញ្ញាណ​មិន​មែន​ជា​លើក​ទីមួយ​ដែលអាមេរិក​បាន​ស៊ើប​អង្កេត​ទៅ​លើ​ដំណើរ​ការ​នៃ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ជន​ភៀស​ខ្លួន​ទេ។ រឿង​នេះកម្រ​កើត​ឡើង​ ហើយ​មាន​តិចតួច​នៅ​ពេល​វា​កើត​មាន​ឡើង។ ក៏​ប៉ុន្តែ​ ការ​ស្រាវជ្រាវ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើណិត​ទៅ​លើ​ការ​ក្លែង​បន្លំ​និង​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ជន​ភៀស​ខ្លួន​បាន​ទទួល​លទ្ធផលជា​ច្រើន​គ្រប់​បែប​យ៉ាង ដែល​ភាគ​ច្រើន​លើក​ឡើង​ពី​ហានិភ័យ​របស់​ជន​ភៀសខ្លួន​មក​កាន់​សហរដ្ឋ​អាមេរិក។ ប្រធានបទ​នេះ​ពេញ​និយម​ក្នុង​ចំណោម​បណ្តាញ​ព័ត៌មាន​អភិរក្ស​ជ្រុល​ក្លែង​ក្លាយ និង​ប្លុក​ដែល​ស្អប់​ខ្ពើម​ចំពោះ​ជន​បរទេស។

នៅ​ក្នុង​ប្លុក​មួយ​មាន​សេចក្តី​រាយការណ៍​ថា អាមេរិក​ផ្អាក​ទទួល​ជន​ភៀសខ្លួន​ពី​អាហ្វ្រិក​ខាង​កើត​បណ្តោះ​អាសន្ន​នៅ​ក្នុង​ឆ្នាំ២០០៨ បន្ទាប់​ពី​ជន​ភៀសខ្លួន​មួយ​ចំនួន​បាន​ធ្លាក់​ការ​ធ្វើ​តេស្ត​ DNA ដើម្បី​បញ្ជាក់​ថា ជា​សាច់ញាតិ​របស់​អ្នក​ធានា​ដូច​ដែល​ពួក​គេ​បាន​អះអាង​នៅ​ក្នុង​ឯកសារ​របស់​ពួកគេ។

របាយការណ៍​មួយ​កាលពី​ខែ​កក្កដា ឆ្នាំ២០១៧ របស់​ការិយាល័យ​គណនេយ្យ​របស់​រដ្ឋាភិបាល​បាន​រក​ឃើញ​ថា សរុប​មក ក្រសួង​ការបរទេស​អាមេរិក​ ទីភ្នាក់ងារ ​USCIS និង​ដៃគូ​របស់​ពួកគេ​បាន​ចេញ​វិធានការ​ប្រឆាំង​នឹង​ការ​ក្លែង​បន្លំ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​បុគ្គលិក​និង​ពាក្យ​សុំ​ក្លែង​បន្លំ ដែល​ករណី​ទាំង​ពីរ​នេះ​ធ្លាប់​កើត​មាន​ឡើង ប៉ុន្តែ​អាច​នឹង​មាន​ហានិភ័យ​នៃ​ការ​ក្លែង​បន្លំ​បន្ថែម​ទៀត។

លក្ខណៈ​ខុស​គ្នា​រវាង​ការ​ស៊ើប​អង្កេត​ទៅ​លើ​ជន​ភៀសខ្លួន​ភូមា​នា​ពេល​បច្ចុប្បន្ន​និង​កាលពី​មុន​គឺ​នៅ​ត្រង់​ថា ជនភៀស​ខ្លួន​ដែល​ត្រូវ​សួរ​ចម្លើយ​មិន​មែន​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ប៉ុន្តែ​បាន​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​រួច​ទៅ​ហើយ។

បើ​ទោះ​បី​ជា​បញ្ហា​កើត​ឡើង​ចេញ​ពី​ទឹកដី​ប្រទេស​ម៉ាឡេស៊ី​ក៏​ដោយ​ក្តី នៅ​ពេល​ដែល​ជន​ភៀស​ខ្លួន​ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​ប្រព័ន្ធ​របស់​អង្គការ​សហប្រជាជាតិ វា​នៅ​តែ​មាន​ភាព​មិន​ច្បាស់​លាស់​ថា​ តើ​កំហុស​ទាំង​នោះ​កើត​មាន​ឡើង​ដោយ​របៀប​ណា ​តើ​មាន​ប្រព័ន្ធ​សម្រាប់​ទិញ​អត្ត​សញ្ញាណ​ប័ណ្ណ​សម្រាប់​ជន​ភៀស​ខ្លួន ឬ​មាន​កំហុស​នៅ​ក្នុង​ការ​បញ្ចូល​ទិន្នន័យ​ប្រញាប់​ប្រញាល​ ឬ​ក៏​ជន​ភៀស​ខ្លួន​បន្លំ​អត្ត​សញ្ញាណ​ធ្វើ​ជា​ជន​ភៀស​ខ្លួន​ដទៃ​ទៀត​ដើម្បី​ប៉ុនប៉ង​ចាក​ចេញ​ពី​ប្រទេស​ដែល​គំរាម​កំហែង​ដល់​ពួក​គេ​ឬ​យ៉ាង​ណា​នោះ។

លិខិត​ដែល​កំណត់​គោលដៅ​

ការ​ស៊ើប​អង្កេត​របស់​ទីភ្នាក់ងារ​ USCIS ផ្តោត​ទៅ​លើ​ក្រុម​ជនភៀស​ខ្លួន​មួយ​ក្រុម​តូច ដែល​ក្រុម​មន្ត្រី​ជន​ភៀស​ខ្លួន​របស់​អាមេរិក​បាន​ផ្ញើរ​លិខិត​ទៅ​កាន់​សមាជិក​សហគមន៍​ Chin ដែល​ចូល​មក​អាមេរិក​តាម​រយៈ​បណ្តាញ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ពី​ប្រហែល​ឆ្នាំ២០០៩ ដល់​ឆ្នាំ​២០១៣។

សហគមន៍ Chin មាន​ចំនួន​ប្រមាណ​១ភាគ៤ ក្នុង​ចំណោម​ជនភៀស​ខ្លួន​និង​ជន​សុំ​សិទ្ធិ​ជ្រកកោន​ភូមា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ នៅ​ចុង​ទសវត្សរ៍​២ពាន់ ពួក​គេ​បាន​រង​គ្រោះ​ដោយ​សារ​តែ​ការ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ប្រទេស​មួយ​អនុម័ត​កិច្ច​ព្រមព្រៀង​ជន​ភៀស​ខ្លួន​ ហើយ​ដែល​ជា​ច្រើន​លើក​ច្រើន​សារ​មិន​ស្វាគមន៍​ជន​ភៀស​ខ្លួន។

ការ​ប្រញាប់​ប្រញាល់​ក្នុង​ការ​ចុះ​ឈ្មោះ​ជន​ភៀស​ខ្លួន​ដែល​កំពុង​ភៀស​ខ្លួន​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ក្រោយ​មក​ត្រូវ​ជាប់​ឃុំ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ប្រហែល​នាំ​ឲ្យ​មាន​បញ្ហា​ឈ្មោះ ឯកសារ​អត្តសញ្ញាណប័ណ្ណ ហើយ​នាំ​ឲ្យ​មាន​អត្តសញ្ញាណ​ជាន់​គ្នា។

ពលករ​ជា​ជន​ភៀស​ខ្លួន​តាំង​ទី​លំនៅ​ជា​ថ្មី​ជា​ច្រើន​បាន​ថ្លែង​ថា ពួក​គេ​យល់​ដែល​ការ​ស៊ើប​អង្កេត​មាន​ការ​ចូល​ពាក់​ព័ន្ធ​របស់​ជន​ភៀស​ខ្លួន​ដែល​បាន​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ ក្រោយ​ទិញ​អត្ត​សញ្ញាណ​របស់​ជន​ភៀស​ខ្លួន​ដទៃ​ទៀត​ ឬ​ប្រើប្រាស់​ឈ្មោះ​ក្លែង​ក្លាយ​ ឬ​បើ​ក្នុង​ន័យ​ស្រាល​ជាង​នេះ ប្រហែល​ជា​ពួក​គេ​សរសេរ​ឈ្មោះ​ពួកគេ​ផ្សេង​ពី​នេះ​នៅ​លើ​ឯកសារ​ផ្សេង​ទៀត។

អ្នក​បក​ប្រែ​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​បទ​សម្ភាស​មួយ​ក្នុង​ចំណោម​បទ​សម្ភាស​ជា​ច្រើន​បាន​ប្រាប់ VOA ថា ជន​ភៀស​ខ្លួន​មួយ​រូប​ត្រូវ​បាន​សាកសួរ​ថា តើ​អ្នកស្រី​បាន​ទិញ​អត្ត​សញ្ញាណ​របស់​ជន​ភៀស​ខ្លួន​មួយ​រូប​ឬ។ អ្នកស្រី​បាន​ឆ្លើយ​ថា «ទេ» នេះ​បើ​យោង​តាម​អ្នក​បក​ប្រែ។

​ក្រុម​អ្នក​គាំទ្រ​ជន​ភៀស​ខ្លួន​ថ្លែង​ថា អ្នក​ដែល​ត្រូវ​បាន​សម្ភាស​មួយ​ចំនួន​ត្រូវ​បាន​សុំ​ឲ្យ​ចុះ​ហត្ថលេខា​ទៅ​លើ​លិខិត​ដើម្បី​ស្បថ​ក្នុង​ពេល​ធ្វើ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ឆ្លើយ​តប​របស់​ពួកគេ។

អ្នកស្រី Gen Langh អ្នក​បក​ប្រែ​មួយ​រូប​នៅ​មជ្ឈមណ្ឌល EMBARC ក្នុង​រដ្ឋ Iowa ធ្លាប់​បាន​ចូលរួម​ស្តាប់​ការ​សម្ភាស​ជន​ភៀស​ខ្លួន​រយៈ​ពេល​២ម៉ោង​កន្លះ។

អ្នកស្រី Langh បាន​ប្រាប់ VOA ថា៖«ខ្ញុំ​មាន​អារម្មណ៍​ភ័យ​បន្តិច នៅ​ពេល​ដែល​មេធាវី​សាកសួរ​ទៅ​កាន់​មន្ត្រី​ទីភ្នាក់ងារ USCIS អំពី​របៀប​ដែល​ពួក​គេ​នឹង​ប្រើប្រាស់​ព័ត៌មាន​ដែល​ពួកគេ​ទទួល​បាន​ពី​ការ​សម្ភាស​ទាំង​នោះ។ អ្នក​ដឹង​ទេ ពួកគេ​មិន​បានប្រាប់​នោះ​ទេ ពួក​គេ​គ្រាន់​តែ​ប្រាប់​ថា ពួក​គេ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត។ ជន​ភៀស​ខ្លួន​មាន​អារម្មណ៍​មិន​សូវ​ស្រួល​នោះ​ទេ។ តើ​ពួក​គេ​នឹង​ធ្វើ​អ្វី​ចំពោះ​ព័ត៌មាន​ទាំង​នោះ? តើ​ពួកគេ​នឹង​ប្រើ​ព័ត៌មាន​ទាំង​នោះ​ដើម្បី​ប្រឆាំង​នឹង​ជន​ភៀស​ខ្លួន​វិញ​ឬ? ខ្ញុំ​សង្ឃឹម​ថា ពួកគេ​មាន​ភាព​ច្បាស់​លាស់​ជាង​នេះ​អំពី​របៀប​ដែល​ពួកគេ​នឹង​ប្រើ​ប្រាស់​ព័ត៌មាន​ទាំង​នោះ»។

បណ្តាញ​ច្បាប់​សម្រាប់​ជន​អន្តោប្រវេសន៍​កាតូលិក​ Catholic Legal Immigration Network ឬ​ហៅ​កាត់​ថា CLINICទទួល​លិខិត​ស្បថ​សច្ចា​របស់​ជន​ភៀស​ខ្លួន​ម្នាក់​ដែល​បាន​ចូល​សម្ភាស​ជាមួយ​នឹង​ទីភ្នាក់ងារ​ USCIS។

ឯកសារ​ដែល​មាន​សំណួរ​មួយ​ចំនួន​និង​ចម្លើយ​ទាំង​អស់ត្រូវ​បាន​លប់​នោះ​ បាន​បង្ហាញ សំណួរ​មួយ​ជួរ​ដែល​ផ្តោត​ទៅ​លើ​ឈ្មោះ​ជន​ភៀស​ខ្លួន ដំណើរ​ការ​ចុះ​ឈ្មោះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ឯកសារ​បញ្ជាក់​អត្តសញ្ញាណ និង​ព័ត៌មាន​ប្រវត្តិរូប​សំខាន់ៗ​ផ្សេង​ទៀត។

តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​នេះ​ទៀត?

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ពី​ទីភ្នាក់ងារ USCIS បទ​សម្ភាស​នឹង​សម្រេច​ទៅ​លើ​សុពលភាព​នៃ​ព័ត៌មាន​ដែល​ត្រូវ​បាន​កត់​ត្រា​និង​ផល​ប៉ះពាល់​ដែល​ព័ត៌មាន​ទាំង​នោះ​មាន​ទៅ​លើ​ស្ថានការណ៍​របស់​ជន​អន្តោប្រវេសន៍​នា​ពេល​បច្ចុប្បន្ន​និង​អតីតកាល ឬ​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ស្ថានភាព​អន្តោប្រវេសន៍​នា​ពេល​អនាគត។

នៅ​ពេល​ត្រូវ​បាន​សាកសួរ​កាលពី​ដើម​ខែ​មីនា អំពី​ការ​ស៊ើប​អង្កេត​ទៅ​លើ​ជន​ភៀស​ខ្លួន​ភូមា ឈិន ទីភ្នាក់ងារ USCIS បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ខ្លី​មួយ​ទៅ​កាន់​ VOA តាម​រយៈ​ការ​ឆ្លើយ​តប​តាម​អ៊ីម៉ែល​មួយ។

ទីភ្នាក់ងារ​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​អំពី​ព័ត៌មាន​អំពី​អត្តសញ្ញាណ​និង​ប្រវត្តិរូប​ដែល​ត្រូវ​បាន​ផ្តល់​ដល់​ទីភ្នាក់ងារ USCIS ក្នុង​ករណី​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ជន​ភៀស​ខ្លួន​ភូមា រួម​បញ្ចូល​ទាំង​ជន​ភៀស​ខ្លួន​ជា​ច្រើន​ដែល​បាន​តាំង​ទីលំនៅ​ជា​ថ្មី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក»។

ទីភ្នាក់ងារ​នេះ​បាន​បដិសេធ​មិន​ឆ្លើយ​តប​នឹង​សំណួរ​ជា​បន្ត​ ដោយ​លើក​ឡើង​ថា​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត ហើយ​ទីភ្នាក់ងារ​នេះ​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ដើម្បី​បញ្ជាក់​ពី​ពេល​វេលា​ដែល​ការ​ស៊ើប​អង្កេត​នេះ​បាន​ចាប់​ផ្តើម​នោះ​ទេ។

ក្រសួង​ការ​បរទេស​អាមេរិក​ដែល​មើល​ការ​ខុស​ត្រូវ​ទៅ​លើ​ផ្នែក​ខ្លះ​នៃ​កម្មវិធី​ជន​ភៀស​ខ្លួន​របស់​អាមេរិក​បាន​បដិសេធ​មិន​ផ្តល់​អត្ថា​ធិប្បាយ​ក្នុង​រឿង​នេះ ហើយ​បាន​បញ្ជូន​សំណួរ​ទៅ​ឲ្យ​ទីភ្នាក់ងារ USCISវិញ។

​ទីភ្នាក់ងារ​ USCIS មិន​បាន​ឆ្លើយ​នឹង​សំណួរ​ថា​តើ​ការ​ស៊ើប​អង្កេត​នេះ​មាន​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​ឆ្នាំ​២០១៤ ដែល​ត្រូវ​បាន​ស៊ើប​អង្កេត​ដោយ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន។

ឆ្នាំ​នោះ អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន UNHCR បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​រក​ឃើញ​ករណី​ជា​ច្រើន​ដែល​សង្ស័យ​ថា​មាន​ការ​ក្លែង​បន្លំ​នៅ​ក្នុង​សហគមន៍​ជន​ភៀស​ខ្លួន​មួយ​ចំនួន​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា។ ទីភ្នាក់ងារ​ USCIS មិន​បាន​បញ្ជាក់​ថា​តើ​ករណី​ទាំង​នោះ​ជា​មូល​ហេតុ​ជំរុញ​ឲ្យ​មាន​ការ​ផ្ញើរ​សំបុត្រ​ទៅ​កាន់​ជន​ភៀស​ខ្លួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នោះ​ទេ។

នៅ​ពេល​ដែល​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​ពី​បញ្ហា​នោះ​កាលពី​៤ឆ្នាំ​មុន​បន្ទាប់​ពី​មាន​ការ​ត្រួត​ពិនិត្យ​ផ្ទៃ​ក្នុង​មួយ​នោះ ​ទីភ្នាក់ងារ​នេះបាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ចាត់​វិធានការ​ប្រឆាំង​ជាមួយ​ជន​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​បាន​បំពាន​ដំណើរ​ការ​មនុស្ស​ធម៌។

លោក Chris Boian អ្នក​នាំពាក្យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ថ្លែង​ថា៖«យើង​បាន​ប្រាប់​ភ្លាមៗ​ទៅ​កាន់​រដ្ឋាភិបាល​ប្រទេស​ដែល​អនុញ្ញាតិ​ឲ្យ​ជន​ភៀស​ខ្លួន​តាំង​ទីលំនៅ​ជា​ថ្មី​នោះ​ រួម​បញ្ចូល​ទាំង​សហរដ្ឋ​អាមេរិក‍។

លោក Boian បាន​ថ្លែង​បន្ថែម​ថា ទីភ្នាក់ងារ​ជន​ភៀសខ្លួន​ក្រោយ​មក​បាន​កែ​ប្រែ​ដំណើរ​ការ​ចុះ​បញ្ជី​ដែល​ត្រួត​ពិនិត្យ​យ៉ាង​លម្អិត​ ហើយ​បាន​បន្ថែម​ការ​ផ្តិត​ម្រាម​ដៃ​ឌីជីថល​ផង​ដែរ។

ក្មេងៗ​ជន​ភៀស​ខ្លួន​មីយ៉ាន់ម៉ាតម្រង់ជួរ​នៅ​ទីក្រុង​ Houston រដ្ឋ Texas។

ការ​ស្លន់​ស្លោ

គេ​មិន​ដឹង​ច្បាស់​ថា នៅ​ពេល​ណា​ដែល​ទីភ្នាក់ងារ USCIS បាន​ចាប់​ផ្តើម​ដឹង​អំពី​បញ្ហា​នេះ ហើយ​នៅ​ពេល​ណា​ដែល​អាមេរិក​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​បញ្ហា​អត្តសញ្ញាណ​ជាន់​គ្នា​នេះ។

អ្នក​ស្រី Langh អ្នក​បក​ប្រែ​នៅ​មជ្ឈមណ្ឌល EMBARC ថ្លែង​ថា មាន​ពាក្យ​ចចាម​អារ៉ាម​នៅ​ទូទាំង​សហគមន៍​ថា ជន​ភៀស​ខ្លួន​មួយ​ចំនួន​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ។

អ្នកស្រី​បាន​ថ្លែង​ថា៖«សហគមន៍​នេះ​កំពុង​ច្រួល​ច្របល់។ ហើយ​ពួក​គេ​មិន​ទាំង​ដឹង​ពី​របៀប​ក្នុង​ការ​បង្ហាញ​ពី​អារម្មណ៍​ភ័យ​ខ្លាច​របស់​ពួកគេ​ផង។ ពួកគេ​គ្រាន់​តែ​ខ្លាច​រដ្ឋាភិបាល​បញ្ជូន​ពួក​គេ​ទៅ​វិញ ឬ​ចាប់​ពួក​គេ​ដាក់​គុក‍»។

ប៉ុន្តែ​ទោះ​បីពួកគេ​រង​ពាក្យ​បណ្តឹង​ពី​បទ​ឧក្រិដ្ឋ​ក៏​ដោយ ក៏​ការ​បណ្តេញ​ពួក​គេ​ចេញ​ពី​សហរដ្ឋ​អាមេរិក​គឺ​ជា​ការ​លំបាក។ មីយ៉ាន់ម៉ា​ស្ថិត​ក្នុង​បញ្ជី​ប្រទេស​ដែល«រឹង​រូស‍» មិន​ព្រម​ទទួល​យក​ជន​ដែល​អាមេរិក​បណ្តេញ​ទៅ​កាន់​ប្រទេស​កំណើត​វិញ‍។

អ្នកស្រី​ Reena Arya មេធាវី​មួយ​រូប​នៅ​ឯ​បណ្តាញ​ច្បាប់​សម្រាប់​ជន​អន្តោប្រវេសន៍​កាតូលិក​ Catholic Legal Immigration Network ដែល​ធ្វើ​ការ​ជាមួយ​នឹង​ជន​ភៀសខ្លួន​នៅ​បរទេ​បាន​ថ្លែង​ថា៖«វា​អាច​ជា​កំហុស​តូច​មួយ​របស់​មនុស្ស។ វា​មិន​មែន​មាន​ន័យ​ថា ជន​ភៀស​ខ្លួន​មិន​គួរ​ចូល​មក​អាមេរិក​និង​មាន​អារម្មណ៍​ថា​មិន​ត្រូវ​បាន​ទទួល​ស្វាគមន៍​នោះ​ទេ។ គ្មាន​ប្រព័ន្ធ​ណា​មួយ​ល្អ​ឥត​ខ្ចោះ​ទេ ហើយ​មិន​គួរ​ណា​មាន​ការ​សង្ស័យ​ទៅ​លើ​មនុស្ស​គ្រប់​គ្នា​ដែល​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ‍​នោះ​ទេ‍»៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា