ចម្ងល់អំពីសារនៅលើប្រព័ន្ធ Twitter របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អំពីកូរ៉េខាងជើង ទំនងជាបង្ហាញអំពីភាពផ្ទុយគ្នាដែលអាចទៅរួចរវាងសេតវិមាន និងទីភ្នាក់ងារ CIA ពាក់ព័ន្ធនឹងការស្វែងយល់ឲ្យបានត្រឹមត្រូវអំពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។
អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Huckabee Sanders បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា មេដឹកនាំកូរ៉េខាងជើងមានសតិមិនប្រក្រតី នៅពេលដែលគេសួរលោកស្រីអំពីសារ Twitter ថ្មីចុងក្រោយបំផុតរបស់លោក Trump ទោះបីជាកន្លងមក មន្ត្រី CIA បានធ្វើការវាយតម្លៃជាសាធារណៈថា សម្រាប់គ្រោះថ្នាក់ទាំងឡាយ លោក Kim Jong Un «ជាបុគ្គលដែលមានសតិត្រឹមត្រូវបំផុត» ក៏ដោយ។
លោកស្រី Sanders បាននិយាយថា៖ «ប្រធានាធិបតី និងប្រជាពលរដ្ឋអាមេរិកាំងគួរតែព្រួយបារម្ភអំពីសតិមិនប្រក្រតីរបស់មេដឹកនាំកូរ៉េខាងជើង។ លោក Kim Jong Un បានគំរាមកំហែងមិនចេះចប់មិនចេះហើយ ហើយបានបាញ់សាកល្បងមីស៊ីលម្ដងហើយម្ដងទៀតអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។
លោក Trump បានសរសេរសារនៅលើ Twitter កាលពីថ្ងៃអង្គារយ៉ាងដូច្នេះថា៖ «សូមនរណាម្នាក់នៃរបបក្រីក្រអត់ឃ្លានរបស់លោក Kim Jong Un ប្រាប់លោក Kim Jong Un ថា ខ្ញុំក៏មានប៊ូតុងបញ្ជាគ្រាប់នុយក្លេអ៊ែរដែរ។ ប៉ុន្តែប៊ូតុងចុចរបស់ខ្ញុំ ធំជាង និងមានឥទ្ធិពលជាងប៊ូតុងចុចរបស់លោក Kim Jong Un ហើយប៊ូតុងចុចរបស់ខ្ញុំមានដំណើរការត្រឹមត្រូវ»។
លោក Trump បានសរសេរសារដូច្នេះ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងបានថ្លែងសុន្ទរកថាឆ្នាំថ្មីរបស់លោក ដោយអះអាងថា លោកមានប៊ូតុងបញ្ជាគ្រាប់នុយក្លេអ៊ែរនៅលើតុធ្វើការរបស់លោក។
ការវាយតម្លៃរបស់សេតវិមានទាំងនេះទំនងជាផ្ទុយទៅនឹងអ្វីដែលមន្ត្រី CIA បាននិយាយអស់រយៈពេលជាច្រើនខែមកហើយ ដែលថា ទោះបីជាការគំរាមកំហែងពីកូរ៉េខាងជើងមានលក្ខណៈខ្លាំងក្លាក៏ដោយ ក៏លោក Kim Jong Un មិនមែនជាមនុស្សមានសតិមិនប្រក្រតីនោះទេ៕