អាមេរិក​ថា ​ចិន​កំពុង​បង្កើន​សមត្ថភាព​ឈ្លបយកការណ៍​របស់​ខ្លួន​ឲ្យ​ល្អ​ឥត​ខ្ចោះ

រូបឯកសារ៖ ផ្ទាំងបដា​ ដែល​មាន​ដាក់រូបប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

លោក Dan Coats នាយក​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​អាមេរិក បាន​ចាត់​ទុក​ការ​គំរាមកំហែង​របស់​ចិន​ថា​ជា​ចេតនា មាន​យុទ្ធសាស្ត្រ និង​មាន​លក្ខណៈ​ល្អិតល្អន់ ដែល​អនុញ្ញាត​​ឲ្យ​ចិន​អាច​គេច​ផុត​ពី​ក្រសែ​ភ្នែក​មហាជន​ ដែល​តាមដាន​ការ​កេងប្រវ័ញ្ច​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ។

ការ​វិវត្ត​ប្រសើរ​ឡើង​នៃ​ការ​ឈ្លប​យកការណ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ចិន គឺ​កាន់​តែ​បង្ក​ការ​គំរាមកំហែង​ដ៏​គ្រោះថ្នាក់​ដល់​សហរដ្ឋអាមេរិក​ និង​កាន់​តែ​គ្រោះថ្នាក់​ជាង​ការ​ប៉ុនប៉ង​របស់​រុស្ស៊ី​ក្នុង​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ទៅ​ទៀត។ នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​កំពូល​បំផុត​របស់​រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន។ មន្ត្រី​រូប​នេះ​បាន​ព្រមាន​ថា រដ្ឋាភិបាល​ក្រុង​ ប៉េកាំង កំពុង​តែ​ដើរ​លើ​មាគ៌ា​មួយ​ដែល​អាច​ឈាន​ដល់​ការ​នាំ​មុខ​គេ​នៅ​ក្នុង​សកលលោក។

លោក Dan Coats នាយក​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​អាមេរិក បាន​ចាត់​ទុក​ការ​គំរាមកំហែង​របស់​ចិន​ថា​ជា​ចេតនា មាន​យុទ្ធសាស្ត្រ និង​មាន​លក្ខណៈ​ល្អិតល្អន់ ដែល​អនុញ្ញាតឲ្យ​ចិន​អាច​គេច​ផុត​ពី​ក្រសែ​ភ្នែក​មហាជន​ ដែល​តាមដាន​ការ​កេងប្រវ័ញ្ច​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ។

លោក Coats ថ្លែង​ថា ការ​ព្រួយបារម្ភ​ភាគច្រើន​គឺ​កើតឡើង​ដោយសារ​ការ​កើនឡើង​ភាព​គឃ្លើន​របស់​ចិន ដែល​កេង​ចំណេញ​ពី​ទំនាក់ទំនង​ដែល​ស្ថិតស្ថេរ​គួរ​សម​ជាមួយ​នឹង​សហរដ្ឋអាមេរិក​និង​ពិភពលោក​ទាំង​មូល ដើម្បី​ធ្វើ​ឲ្យ​សមត្ថភាព​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង។

លោក​បាន​យោង​ទៅ​លើ​ការ​បង្ក្រាប​ដែល​កំពុង​តែ​បន្ត​កើតឡើង​របស់​ចិន ទៅ​លើ​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​តំបន់ Xinjiang ថា​ជា​ការ​ធ្វើ​តេស្ត​មួយ​ទៅ​លើ​សមត្ថភាព​ឈ្លប​យកការណ៍​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ខ្លួន។

ក្រុម​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​និង​អង្គការ​សិទ្ធិមនុស្ស​នានា​ប៉ាន់ស្មាន​ថា ចិន​បាន​ចាប់​ខ្លួន​រាប់​លាន​នាក់​ដែល​ប្រហែល​ជា​ជនជាតិ Uighurs និង​ជនជាតិ​ភាគតិច​កាន់សាសនា​ឥស្លាម​ដទៃទៀត ដោយ​រួម​ទាំង​ក្រុម​គ្រួសារ​និង​កុមារៗ ហើយ​បញ្ជូន​ពួកគេ​ទៅ​កាន់​មជ្ឈមណ្ឌល​អប់រំ​កែប្រែ​ឡើង​វិញ ដើម្បី​បង្ខំ​ឲ្យ​ពួកគេ​លះបង់​សាសនា​និង​វប្បធម៌​របស់​ខ្លួន។

វិធានការ​ឈ្លប​យកការណ៍​

ប៉ុន្តែ​លោក Coats និយាយ​ថា មជ្ឈមណ្ឌល​អប់រំ​កែប្រែ​ឡើង​វិញ​នោះ​គឺ​គ្រាន់​តែ​ជា​ចំណុច​ចាប់ផ្តើម​តែ​ប៉ុណ្ណោះ។

លោក​បាន​ថ្លែង​ទៅ​កាន់​សន្និសីទ​ស្តី​ពី​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ​នៅ​ឯ​សាកលវិទ្យាល័យ The Citadel military ក្នុង​ទីក្រុង Charleston រដ្ឋ South Carolina កាល​ពី​ចុង​ខែ​ កញ្ញា ​ថា «ក្រុម​មន្ត្រី​ចិន​នៅ​ប៉ែក​ពាយព្យ​ប្រទេស​ ដែល​សំបូរ​ទៅ​ដោយ​អ្នក​កាន់​សាសនា​ឥស្លាម​បាន​ប្រើ​មធ្យោបាយ​ឈ្លបយកការណ៍​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ ដែល​អាច​ប្រមូល​ទិន្នន័យ DNA និង​ទិន្នន័យ​ជីវសាស្ត្រ​ដទៃទៀត​នៅ​ទូទាំង​តំបន់​នេះ​បាន ដោយ​មាន​ជំនួយ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​នានា​ដែល​នាំ​មុខ​គេ​ខាង​ប្រមូល​ទិន្នន័យ​ទាំង​នេះ»។

លោក​មាន​ប្រសាសន៍​ថា ចិន​ក៏​កំពុង​តែ​សាកល្បង​នូវ«កម្មវិធី​វាយ​តម្លៃ​ឥណទាន​សង្គម​មួយ» ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ឈ្លបយកការណ៍ ដើម្បី​កំណត់​អំពី​លទ្ធភាព​ទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារ ឱកាស​ទទួល​បាន​ការ​អប់រំ និងសេវា​ថែទាំ​សុខភាព។

លោក Coats បាន​ព្រមាន​ថា «លទ្ធផល​នៃ​កិច្ចខិតខំប្រឹងប្រែង​នេះ​គឺ​គ្មាន​អ្វី​ទេ ក្រៅ​ពី​ធ្វើ​ឲ្យប្រព័ន្ធ​ឈ្លបយកការណ៍​របស់​ចិន​ក្លាយ​ជា​ល្អ​ឥតខ្ចោះ​នៅ​ពេល​អនាគត​»។ លោក​បាន​បន្ថែម​ទៀត​ថា កិច្ចខិតខំប្រឹងប្រែង​នេះ​ក៏​ជា​ការ​«គំរាម​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា​របប​ផ្តាច់ការ​ដទៃទៀត​អាច​ប្រើ​វិធី​នេះ​ដែរ»។​ ​

​ការ​ព្យាយាម​ទាក់ទង​មន្ត្រី​នៅ​ស្ថានទូត​ចិន​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ដើម្បី​សុំ​ប្រតិកម្ម​ឆ្លើយតប​ចំពោះ​អត្ថាធិប្បាយ​របស់​លោក Coats មិន​ទទួល​បាន​ការ​ឆ្លើយតប​នោះ​ទេ ប៉ុន្តែ​មន្ត្រី​ចិន​កាល​ពី​មុន​បាន​ព្យាយាម​និយាយ​បន្ធូរបន្ថយ​ការ​ព្រួយបារម្ភ​នានា​អំពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​អ៊ីនធឺណិត​របស់​ខ្លួន​នៅ​ក្នុង​តំបន់ Xinjiang។ ​

មន្ត្រី​ចិន​ម្នាក់​បាន​អះអាង​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង ហ្សឺណែវ ប្រទេស ស្វីស ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​ឈ្លបយកការណ៍​របស់​ចិន​មិន​ផ្តល់​ផល​ប៉ះពាល់​ខ្លាំង​ដូច​ប្រព័ន្ធ​ឈ្លបយកការណ៍​ដែល​បស្ចិម​ប្រទេស ដូចជា​ប្រទេស​អង់គ្លេស ​ធ្លាប់​បាន​ប្រើប្រាស់​នោះ​ទេ។ ​

លោក Coats មិនមែន​ជា​មន្ត្រី​អាមេរិក​ដំបូងដែល​ព្រមាន​អំពី​ការ​គំរាមកំហែង​ពី​ចិន​នោះ​ទេ ប៉ុន្តែ​ការព្រមាន​របស់​លោក​គឺ​ស្ថិត​ក្នុង​ចំណោម​ការ​ព្រមាន​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ និង​ឆ្លុះបញ្ចាំង​ពី​ការ​កើន​ឡើង​ការ​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​ក្រុង ប៉េកាំង គ្រោង​យក​ឈ្នះ​លើ​សហរដ្ឋអាមេរិក​លើ​ផ្នែក​ឈ្លបយកព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ។ ​

«ការ​ព្រួយបារម្ភ​ដ៏​ធំ»

លោក​ឧត្តមសេនីយ៍ឯក Robert Ashley នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​យោធា​អាមេរិក​ថ្លែង​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ​នៅ​ពេល​ថ្មីៗ​នេះ ថា «តើ​ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ចិន​ដែរ​ឬ​ទេ? ពិត​ណាស់ ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ចំពោះ​សមត្ថភាព​របស់​ចិន​ក្នុង​វិស័យ​អ៊ីនធឺណិត​នេះ»។ លោក​ថ្លែង​សំដៅ​ដល់​ការ​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​ក្រុង ប៉េកាំង អាច​ប្រើប្រាស់​ផលិតផល​ចិន​ដើម្បី​ឈ្លប​យក​ការណ៍​លើ​ពលរដ្ឋ​អាមេរិកាំង​បាន។ ​

ក្រសួង​ការពារ​ប្រទេស​អាមេរិក​បាន​ហាម​ឃាត់​មិន​ឲ្យ​លក់​ទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន​Huawei Technologies និង​ក្រុមហ៊ុន ZTE របស់​ចិន សម្រាប់​ប្រើប្រាស់​នៅ​មូលដ្ឋាន​យោធា​របស់​ខ្លួន​ទេ ដោយសារ​តែ​ខ្លាច​មាន​ហានិភ័យ​នានា​ចំពោះ​សន្តិសុខ​។ ប្រទេស អូស្ត្រាលី ដែល​ជា​ដៃគូ​ស៊ើបការណ៍​សម្ងាត់និង​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​អាមេរិក ក៏​បាន​ហាមឃាត់​មិនឲ្យ​ក្រុមហ៊ុន​ទាំងពីរ​នេះ​ផ្គត់ផ្គង់​សម្ភារៈ​ទូរគមនាគមន៍​ផង​ដែរ។ ​

មន្ត្រី​យោធា​នានា​ដូចជា​លោក Ashley កាន់​តែ​ព្រួយបារម្ភ​អំពី​ការ​កើន​ឡើង​នៃ​ផលិតផល​ចិន​នៅ​ក្នុង​សង្វាក់​ផ្គត់ផ្គង់ និង​ផលប៉ះពាល់​ដែល​អាច​កើត​មាន​ទាំង​នៅ​ក្នុង​ផ្នែក​យោធា​និង​មិនមែន​យោធា។

លោក Ashley មាន​ប្រសាសន៍​ថា «ការ​ព្រួយបារម្ភ​ធំ​ជាង​នេះ​របស់​ខ្ញុំ​ប្រហែល​មិនមែន​ជា​សមរភូមិ​នៅ​អវកាស​ទេ»។

សមាជិក​សភា​អាមេរិក​ក៏​សម្តែង​ការ​ព្រួយបារម្ភ​ស្រដៀង​គ្នា​នេះ​ដែរ។

លោក Marco Rubio សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​ថ្លែង​ថ្លែង​អំពី​ប្រទេស​ចិន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ខែ មិថុនា ​ថា៖ «សាក​ស្រមៃ​មើល​ពិភពលោក​នេះ​ក្នុង​រយៈពេល​១៥​ឬ​២០​ឆ្នាំ​ទៅ​មុខ​ទៀត ដែល​បណ្តាញ​ទំនាក់ទំនង​របស់​សហរដ្ឋអាមេរិក​ទាំងមូល​ត្រូវ​ភ្ជាប់​ជាមួយ​នឹង​ឧបករណ៍​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​មួយ ដែល​អាច​បញ្ជា​ពី​ចម្ងាយ​បាន។ នោះ​វា​នឹង​ក្លាយ​ជា​ការ​គំរាមកំហែង​មួយ​ដែល​សហរដ្ឋអាមេរិក​មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក»។

គោលដៅ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

របាយការណ៍​មួយ​របស់​មជ្ឈមណ្ឌល​ជាតិ​អាមេរិក​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​ស៊ើបការណ៍​សម្ងាត់​និង​សន្តិសុខ​ ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​កាល​ពី​ខែ​ កក្កដា ឆ្នាំ ២០១៨ បាន​រក​ឃើញ​ថា ខណៈ​ដែល​ប្រតិបត្តិការ​អ៊ីនធឺណិត​របស់​ចិន​មាន​ភាព​យឺតយ៉ាវ​ ចាប់​តាំង​ពី​មាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​នឹង​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ​២០១៥​មក រដ្ឋាភិបាល​ក្រុង ប៉េកាំង «នៅ​តែ​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​ឈ្លបយកការណ៍​តាម​អ៊ីនធឺណិត ដើម្បី​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​របស់​ខ្លួន»។

​ប្រតិបត្តិការ​របស់​ចិន​ភាគច្រើន​យក​ក្រុមហ៊ុន​ចុះ​កុង​ត្រា​ជាមួយ​នឹង​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក ក្រុមហ៊ុន​ព័ត៌មាន​វិទ្យា និង​ទំនាក់ទំនង ជា​គោលដៅ ដែល​«ផលិតផល​និង​សេវាកម្ម​របស់​ក្រុមហ៊ុន​ទាំង​នោះ​គាំទ្រ​ដល់​បណ្តាញ​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​នៅ​ទូទាំង​ពិភពលោក»។

ក្រុម​មន្ត្រី​អាមេរិក​ជឿ​ថា សកម្មភាព​ព្យាបាទ​ខាង​អ៊ីនធឺណិត​របស់​ចិន​កំពុង​តែ​កើន​ឡើង។ ​

លោក David Bowdich នាយករង​នៃ​ទីភ្នាក់ងារ​ប៉ូលិស FBI និយាយ​កាល​ពី​ចុង​ខែ​ កញ្ញា ​ថា «ចិន​កំពុង​តែ​ពង្រីក​ការ​ឈ្លបយកការណ៍​របស់​ខ្លួន»។ លោក​បាន​ហៅ​ចិន​ថា​ជា​ការ​គំរាមកំហែង​កំពូល​ចំពោះ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ស៊ើបការណ៍​សម្ងាត់​។ ​

លោក Bowdich ​ថ្លែង​ថា «យើង​រយល់​ឃើញ​ថា ចិន​កំពុង​លួច​យក​គំនិត​និង​កម្មសិទ្ធិបញ្ញា​របស់​យើង និង​ព្យាយាម​លួច​យក​គំនិត​ច្នៃប្រឌិត​ថ្មី​របស់​យើង»។ ​លោក​បាន​ហៅ​កិច្ចខិតខំប្រឹងប្រែង​របស់​ចិន​ថា «មាន​ប្រសិទ្ធភាព​ខ្ពស់​ខ្លាំង​ណាស់»។

ក្រុម​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ក៏​កំពុង​តែ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ថា កិច្ចខិតខំ​ប្រឹងប្រែង​របស់​ចិន​កាន់​តែ​គឃ្លើន​និង​ធ្វើ​តាម​យុទ្ធសាស្ត្រ​ច្បាស់លាស់។

ប្រទេស​ចិន​«ឈប់​លាក់បាំង​សក្តានុពល​របស់​ខ្លួន​ទៀត​ហើយ ហើយ​ខំ​ប្រឹងប្រែង​បង្កើន​ល្បឿន»។ នេះ​បើ​យោង​តាម​ការ​ព្រមាន​របស់​លោក Coats ដែល​ជា​នាយក​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ជាតិ​អាមេរិក កាល​ពី​ចុង​ខែ កញ្ញា។

លោក​ថ្លែង​ថា «រដ្ឋាភិបាល​ក្រុង ប៉េកាំង កំពុង​តែ​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​សេចក្តីថ្លៃថ្នូរ​ដែល​ថា​ដែល​សហគមន៍​អន្តរជាតិ​ប្រឹងប្រែង​សម្រេច​បាន​ ដែល​ក្នុង​នោះ​មាន​ដូចជា​ការ​ការពារ​ព័ត៌មាន​ឯកជន​ លំហូរ​ព័ត៌មាន​ដោយ​សេរី និង​ការ​ការពារ​ការ​សម្ងាត់​ផ្នែក​ពាណិជ្ជកម្ម​ជា​ដើម»៕

​ប្រែសម្រួល​ដោយ​ ហុង ចិន្តា