សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​រដ្ឋ​របស់​ប្រទេស​ចិន

លោក Wilbur Ross រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ថ្លែង​ទៅ​កាន់​បុគ្គលិក​ខ្លួន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨។

រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​របស់​រដ្ឋាភិបាល​ចិន ដោយ​ចោទ​ប្រកាន់​ក្រុមហ៊ុន​នោះ​ថា​បាន​លួច​បច្ចេកវិទ្យា​របស់​សហរដ្ឋ​អាមេរិក។

រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​របស់​រដ្ឋាភិបាល​ចិន ដោយ​ចោទ​ប្រកាន់​ក្រុមហ៊ុន​នោះ​ថា​បាន​លួច​បច្ចេកវិទ្យា​របស់​សហរដ្ឋ​អាមេរិក។

ទណ្ឌកម្ម​ថ្មី​នេះ​គឺ​កាត់ផ្ដាច់​ការ​ផ្គត់ផ្គង់​ទៅ​ឲ្យ​ក្រុមហ៊ុន China's Fujian Jinhua Integrated Circuit ដែល​ជា​ក្រុមហ៊ុន​ផលិត semiconductor ដែល​ជា​ធាតុ​ផ្សំ​អេឡិចត្រូនិក។

លោក Wilbur Ross រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា៖ «នៅ​ពេល​ណា​ដែល​ក្រុមហ៊ុន​បរទេស​មួយ​ប្រឡូក​នៅ​ក្នុង​សកម្មភាព​ដែល​ផ្ទុយ​នឹង​ផល​ប្រយោជន៍​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក យើង​នឹង​ចាត់​វិធានការ​ខ្លាំងក្លា​ដើម្បី​ការពារ​សន្តិសុខ​ជាតិ​យើង។ ការ​បញ្ចូល​ក្រុមហ៊ុន Jinhua នេះ ទៅ​ក្នុង​បញ្ជី​អង្គភាព​បរទេស​ដែល​ត្រូវ​បាន​ហាម​ឃាត់ នឹង​ដាក់​កំហិត​ដល់​ក្រុមហ៊ុន​នេះ​មិន​ឲ្យ​មាន​លទ្ធភាព​គំរាមកំហែង​ដល់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សម្រាប់​ផ្នែក​សំខាន់ៗ​នានា​នៅ​ក្នុង​ប្រព័ន្ធ​យោធា​របស់​យើង‍»។

ក្រុមហ៊ុន​អាមេរិក​ណា​ដែល​ចង់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ក្រុមហ៊ុន​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​អង្គភាព​បរទេស​ដែល​ត្រូវ​បាន​ហាម​ឃាត់​នេះ ចាំបាច់​តម្រូវ​ឲ្យ​មាន​ប័ណ្ណ​អនុញ្ញាត​ពី​មន្ត្រី​អាមេរិក។

សេតវិមាន​មាន​ការ​ព្រួយ​បារម្ភ​ថា ប្រទេស​ចិន​អាច​បញ្ចេញ​លក់​បន្ទះ Chip កុំព្យូទ័រ​ដែល​មាន​តម្លៃ​ថោក​នៅ​ពាសពេញ​ទីផ្សារ​សាកលលោក និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ដែល​ផ្គត់ផ្គង់​ដល់​ផ្នែក​យោធា និង​ផ្នែក​ផ្សេងៗ​ទៀត​គ្មាន​ទី​ផ្សារ។

កន្លង​មក សហរដ្ឋ​អាមេរិក​ស្ទើរតែ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍ ZTE របស់​ចិន គ្មាន​ទីផ្សារ នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​នេះ ដោយសារតែ​ក្រុមហ៊ុន​នេះ​លក់​ទំនិញ​ដែល​មាន​គ្រឿង​ផលិត​នៅ​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​ប្រទេស​អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង៕