ក្រុមហ៊ុនទូរគមនាគមន៍របស់ចិនឈ្មោះ ZTE បានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុនដែលកំពុងជាប់គាំងមួយនេះអាចត្រឡប់ចូលក្នុងទីផ្សារអាជីវកម្មវិញបាន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Reuters។
ក្រុមហ៊ុន ZTE ស្ទើរតែនឹងបិទទ្វារទៅហើយបន្ទាប់ពីរដ្ឋបាលរបស់លោក ត្រាំ បានកាត់ផ្តាច់មិនឲ្យមានការនាំចេញគ្រឿងបន្លាស់ដែលផលិតនៅសហរដ្ឋអាមេរិកដើម្បីផ្តត់ផ្គង់ដល់ក្រុមហ៊ុនមួយនេះ។ យោងតាមសម្តីរបស់អ្នកជំនាញម្នាក់បានថ្លែងថាក្រុមហ៊ុន ZTE ត្រូវបានគេចាប់បានដោយផ្ទាល់នៅពេលដែលក្រុមហ៊ុននេះបានយកបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកដាក់នៅក្នុងទំនិញដែលលក់ទៅឲ្យប្រទេសនានាដែលកំពុងទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិករួមមានអ៊ីរ៉ង និងកូរ៉េខាងជើងជាដើម។
ក្រុមហ៊ុន ZTE ពឹងផ្អែកទាំងស្រុងលើការផ្គត់ផ្គង់ទំនិញមួយចំនួនដែលប្រើប្រាស់បច្ចេកវិទ្យាពីសហរដ្ឋអាមេរិក។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Reuters បានឲ្យដឹងថាកិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យក្រុមហ៊ុន ZTE អាចធ្វើប្រតិបត្តិការឡើងវិញរួមទាំងការពិន័យប្រាក់ចំនួន១ពាន់លានដុល្លារ ត្រួតពិនិត្យនៅក្នុងរោងច្រករបស់ខ្លួនជាប្រចាំ និងផ្លាស់ប្តូរក្រុមការងារប្រតិបត្តិរបស់ក្រុមហ៊ុន។
ទាំងក្រុមហ៊ុន ZTE និងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកមិនបានបញ្ជាក់អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅឡើយទេ។
ក៏ប៉ុន្តែយោងតាមសេចក្តីរាយការណ៍ថា សមាជិកសភាសហរដ្ឋអាមេរិកមានការខឹងសម្បាដែលរដ្ឋបាលរបស់លោក ត្រាំ អនុញ្ញាតឲ្យក្រុមហ៊ុន ZTE អាចបន្តប្រើប្រាស់ទំនិញដែលផលិតនៅសហរដ្ឋអាមេរិកនេះ។
សមាជិកសភាខាងគណបក្សប្រជាធិតេយ្យលោក Mark Warner បានថ្លែងថា៖ «ប្រសិនបើសេចក្តីរាយការណ៍នេះជាការពិតមែននោះ នេះគឺជាកំហុសដ៏ធំមួយ។ សកម្មភាពរបស់ក្រុមហ៊ុន ZTE គឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក»៕