រដ្ឋសភា​សហរដ្ឋអាមេរិក​ទំនង​នឹង​បោះឆ្នោត​លើ​ការ​ចោទ​ប្រកាន់​ដក​ប្រធានាធិបតី​ចេញ​​ពី​តំណែង​នៅ​ចុង​ឆ្នាំ​នេះ

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ពេលចុះហត្ថលេខាលើបទបញ្ជាមួយនៅសេតវិមាន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

សវនាការ​ស៊ើប​អង្កេតដើម្បី​ចោទ​ប្រកាន់​ប្រធានាធិបតី​ដែល​បាន​ធ្វើ​ឡើង​ជា​សាធារណៈ​របស់​សមាជិក​រដ្ឋសភា​សហរដ្ឋអាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ផ្ដល់​នូវ​ព័ត៌មាន​លម្អិត​ថ្មីៗ​បន្ថែម​ទៀត​ទៅ​លើ​ការ​ចោទប្រកាន់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។

លោកត្រាំត្រូវ​បាន​ចោទប្រកាន់​ថា​ បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​លោក Joe Biden និង​កូនប្រុស ដែល​អាច​នឹង​ក្លាយ​ជា​គូ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ជាមួយ​នឹង​លោក ត្រាំ នៅ​ក្នុង​បោះឆ្នោត​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ។

ប៉ុន្តែ​ខណៈ​ដែល​អ្នក​តំណាងរាស្ត្រ​ធ្វើ​សេចក្ដីព្រាង​សំណើ​ដែល​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ចោទ​ប្រកាន់​ដក​ហូត​ប្រធានាធិបតី​ចេញពី​តំណែង ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​ដាក់​ឲ្យ​បោះឆ្នោត​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ ទាំង​ពួក​សាធារណរដ្ឋ​និង​ពួក​ប្រជាធិបតេយ្យ​នៅ​តែ​មាន​ការ​បែកខ្ញែក​គ្នា​ចំពោះ​ការចោទ​ប្រកាន់​ដកប្រធានាធិបតី​ចេញពី​តំណែង​នេះ។

កសិណ​សាក្សី​ចំនួន​១២​នាក់បាន​ផ្ដល់​សក្ខីកម្ម​ក្នុង​រយៈពេល​៥​ថ្ងៃ​នៅ​ក្នុង​សវនាការ​ស៊ើប​អង្កេតដើម្បី​ចោទ​ប្រកាន់​ប្រធានាធិបតី ​អំពី​រឿងរ៉ាវ​ដែល​ពួកគេ​បាន​ដឹង​ដោយ​ផ្ទាល់​ទាក់​ទិន​នឹង​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ និង​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា កន្លងទៅ​នេះ។ ​

លោក​វរសេនីយ៍ទោ Alexander Vindman នាយក​ក្រុមប្រឹក្សា​សន្តិសុខជាតិ​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប​បាន​និយាយ​ថា៖ «វា​មិន​ត្រឹមត្រូវ​នោះ​ទេ ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បរទេស​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​និង​ជា​គូ​ប្រជែង​ខាង​នយោបាយ​របស់​ខ្លួន​នោះ​»។​

កសិណសាក្សី​ទាំងអស់​នោះ​បាន​ប្រាប់​អ្នក​តំណាងរាស្ត្រ​ថា លោក Rudolph Giuliani ដែល​ជា​មេធាវី​ផ្ទាល់​របស់​លោក​ប្រធានាធិបតី​បាន​ដាក់​សម្ពាធ​ឲ្យ​ក្រុមមន្ត្រី​អ៊ុយក្រែន​ប្រកាស​បើក​ការ​ស៊ើបអង្កេត​មួយ។

លោក Gordon Sondland ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​សហភាព​អឺរ៉ុប​បាន​ថ្លែង​ថា៖ «យើង​ទាំងអស់​គ្នា​យល់​ថា ប្រសិន​បើ​យើង​បដិសេធ​មិន​ព្រម​ធ្វើការ​ជាមួយ​នឹង​លោក Giuliani ទេ​នោះ យើង​នឹង​បាត់បង់​ឱកាស​ដ៏​សំខាន់​មួយ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​អ៊ុយក្រែន។ ដូច្នេះ​យើង​ធ្វើ​តាម​បទបញ្ជា​របស់​លោក​ប្រធានាធិបតី»។

ប៉ុន្តែ​គ្មាន​សាក្សី​ណា​ម្នាក់​លើកឡើង​ថា ការ​ទាមទារ​របស់​លោក Giuliani មាន​ជាប់​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​នឹង​លោក ត្រាំ នោះ​ទេ។ សមាជិក​សភា​មក​ពី​គណបក្សសាធារណរដ្ឋ​បាន​អះអាង​ថា សេតវិមាន​មាន​ការ​ព្រួយបារម្ភ​អំពី​អំពើ​ពុករលួយ ដូច្នេះ​ហើយទើបបាន​ជា​ពន្យារ​ពេលផ្ដល់​ជំនួយ​យោធា​ដល់​ប្រទេស​អ៊ុយក្រែន។ ​

លោក Kevin McCarthy មេដឹកនាំ​សំឡេង​ភាគតិច​នៅ​ក្នុង​រដ្ឋសភា​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា លោក​ប្រធានាធិបតី​មាន​ភាពជឿជាក់​ជាង​មុន​ទៅ​លើ​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ុយក្រែន ជាង​រដ្ឋាភិបាល​ដែល​បាន​ជាប់​ឆ្នោត​កាល​ពី​លើក​មុន។​ លោក ត្រាំ ចង់​ឲ្យ​ប្រាកដ​ថា មាន​ការ​ផ្លាស់ប្ដូរ​ប្រាកដ​មែន»។ ​

សវនាការ​ស៊ើប​អង្កេតដើម្បី​ចោទ​ប្រកាន់​ប្រធានាធិបតី​នេះ​បញ្ជាក់​ថា លោក ត្រាំ បាន​ប្រព្រឹត្ត​ខុសឆ្គង​ដោយ​បំពាន​អំណាច​របស់​លោក ហើយ​កំហុស​ឆ្គង​នេះ​អាច​ដកលោក​ចេញ​ពី​តំណែង​បាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​សហរដ្ឋអាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ៖​ «នៅ​ពេល​យើង​ឃើញ​មាន​ការ​បំពាន​រដ្ឋធម្មនុញ្ញ យើង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​តែ​ពី​ចាត់​វិធានការ​ជាក់​ស្តែង​នោះ​ទេ។ ឥឡូវ​នេះ ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​ប្រធានាធិបតី​បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ការ​ធ្វើ​ដូច្នេះ​បាន​បន្ទាប​តម្លៃ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​ ដោយ​លោក​បាន​ផ្អឹប​ជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ុយក្រែន និង​ផ្ដល់​អត្ថប្រយោជន៍​ឲ្យ​ពួក​រុស្ស៊ី។ អ្វី​ដែល​លោក​បាន​ធ្វើ​កំពុង​តែ​បន្ទាប​តម្លៃ​នៃ​ភាពសុចរិត​នៃ​ការ​បោះឆ្នោត​របស់​យើង»។

កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ទៅ​លើ​ការ​ចោទ​ប្រកាន់​ដកប្រធានាធិបតី​ចេញពី​តំណែង​នៅ​ក្នុង​រដ្ឋសភា​អាមេរិក​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។ លោក Jerry Nadler ប្រធាន​គណៈកម្មាធិការ​តុលាការ​របស់​រដ្ឋសភា​នឹងទទួល​ខុស​ត្រូវ​លើ​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​បន្ត​ពី​លោក Adam Schiff ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​របស់​រដ្ឋសភា ដើម្បី​សរសេរ​សេចក្ដីព្រាង​សំណើ​ដែល​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ចោទ​ប្រកាន់​ដកប្រធានាធិបតី​ចេញពី​តំណែង​នេះ។ ​

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៅតែ​ត្រូវ​និយាយ​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​អាមេរិកាំង​ឲ្យ​ជឿ​លើ​រឿង​នេះ​បន្ថែម​ទៀត​។

លោក Hans Noel នៃ​សាកលវិទ្យាល័យ Georgetown បាន​ថ្លែង​ថា៖ «ប្រហែល​ជា​មាន​រឿង​ជាច្រើន​ដែល​ពិបាក​យល់ ​ដូចជា​រឿង​ចោទ​ប្រកាន់​ដកប្រធានាធិបតី​ចេញពី​តំណែង​នេះ​ដែរ។ រឿង​លម្អិត​នៃ​ការ​ចោទប្រកាន់​នេះ​ពិបាក​នឹង​យល់​ណាស់ ដូចជា​ថា​តើ​លោក ត្រាំ គាំទ្រ​អ៊ុយក្រែន ឬ​ប្រឆាំង​នឹង​អ៊ុយក្រែន? តើ​រឿង​អ្វី​ដែល​បាន​កើតឡើង​ឲ្យ​ពិត​ប្រាកដ? វា​ពិបាក​សម្រាប់​ឲ្យ​អ្នក​បោះឆ្នោត​យល់​ណាស់ ហេតុដូច្នេះ​ហើយ​បាន​ជា​អ្នក​បោះ​ឆ្នោត​ភាគច្រើន​នឹង​ស្វែង​រក​ប្រភព​ព័ត៌មាន​ដែល​គួរ​ទុក​ចិត្ត​បាន​ ​ឲ្យ​ជួយ​បកស្រាយ​អំពី​រឿង​នេះ។ ​ពួក​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ស្វែងរក​ប្រភព​ព័ត៌មាន​ពី​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ ហើយ​ពួក​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​នឹង​ស្វែងរក​ប្រភព​ព័ត៌មាន​ពី​សមាជិក​គណបក្ស​សាធារណរដ្ឋ»។

ការ​គាំទ្រ​ពី​សាធារណជន​ចំពោះ​ការ​ចោទប្រកាន់​ដកតំណែង​លោក ត្រាំ បាន​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​សង្ឃឹម​ថា និន្នាការ​នេះ​នឹង​បន្ដ ខណៈ​ដែល​ពួកគេ​ត្រៀម​ខ្លួន​ដើម្បី​បន្ត​ទៅ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋសភា​ទៅ​លើសេចក្ដីព្រាង​សំណើ​ដែល​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង​នេះ ហើយ​សវនាការ​នៅ​ក្នុង​ព្រឹទ្ធសភា​ទំនង​ជា​នឹង​ធ្វើ​ឡើង​នៅ​ដើម​ឆ្នាំ​ក្រោយ​៕​

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា​