រដ្ឋសភាសហរដ្ឋអាមេរិកដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យគ្រោងនឹងបោះឆ្នោតនៅថ្ងៃអង្គារនេះលើសេចក្ដីសម្រេចមួយដើម្បី «ថ្កោលទោសទស្សនៈបែបប្រកាន់ពូជសាសន៍របស់លោកប្រធានាធិបតី Donald Trump ដែលធ្វើឡើងសំដៅលើសមាជិកសភា»។ សេចក្ដីសម្រេចនេះគឺជាការឆ្លើយតបចំពោះសារហូរហែរបស់លោក Trump នៅលើ Twitter ដែលវាយប្រហារលើសមាជិកសភា ៤ នាក់ ដែលមិនមែនស្បែកស»។
លោក Steny Hoyer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភា បានប្រកាសអំពីការបោះឆ្នោតនេះ និងបាននិយាយថា លោកសង្ឃឹមថា សមាជិកសភាខាងគណបក្សសាធារណរដ្ឋនឹង «ផ្ដល់អាទិភាពលើជាតិមុនគណបក្ស» ហើយនឹងបោះឆ្នោតគាំទ្រវិធានការនេះរួមជាមួយនឹងសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ។
អត្ថបទនៃសេចក្ដីសម្រេចនេះ «រិះគន់ខ្លាំងៗលើទស្សនៈបែបប្រកាន់ពូជសាសន៍របស់លោកប្រធានាធិបតី Donald Trump ដែលទស្សនៈទាំងនេះបានធ្វើឲ្យដូចជាត្រឹមត្រូវតាមច្បាប់ និងបានបង្កើនការភ័យខ្លាច និងការស្អប់គុំកួនលើពលរដ្ឋអាមេរិកាំងថ្មី និងពលរដ្ឋដែលមិនមែនស្បែកស ដោយលោកបាននិយាយថា ពលរដ្ឋអាមេរិកាំងដែលជាជនអន្តោប្រវេសន៍ និងអ្នកដែលលោកយល់ថាជាជនអន្តោប្រវេសន៍គួរតែត្រឡប់ទៅកាន់ប្រទេសផ្សេងវិញ ដោយលោកសំដៅលើជនអន្តោប្រវេសន៍ និងអ្នកសុំសិទ្ធិជ្រកកោនថាជា «អ្នកឈ្លានពាន» ហើយលោកបាននិយាយថា សមាជិកសភាដែលជាជនអន្តោប្រវេសន៍ (ឬក៏សមាជិកសភាណាដែលត្រូវបានសន្និដ្ឋានដោយយល់ច្រឡំថាជាជនអន្តោប្រវេសន៍) មិនអាចធ្វើជាសមាជិកសភា ឬក៏រស់នៅក្នុងសហរដ្ឋអាមេរិកបាន»។
សមាជិកសភាដែលលោក Trump វាយប្រហារដោយពាក្យសម្ដីនេះគឺអ្នកស្រី Ilhan Omar អ្នកស្រី Alexandria Ocasio-Cortez អ្នកស្រី Ayana Pressley និងអ្នកស្រី Rashida Tlaib៕