សេចក្តីព្រាងច្បាប់តាក់តែងឡើងដោយសមាជិកសភាពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ កាន់តែឈានទៅមុខ ដោយទាំងរដ្ឋសភានិងព្រឹទ្ធសភាសហរដ្ឋអាមេរិក គ្រោងនឹងធ្វើការបោះឆ្នោតសម្រេចលើសេចក្តីព្រាងច្បាប់ទាំងពីរនេះ នៅសប្តាហ៍ក្រោយ។
គណៈកម្មាធិការតុលាការនៃរដ្ឋសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយបក្សប្រជាធិបតេយ្យ កាលពីថ្ងៃពុធ បានអនុម័តសំណើនេះ ដែលនឹងបញ្ជូនបន្តទៅឲ្យរដ្ឋសភាទាំងមូល បោះឆ្នោតលើសេចក្តីព្រាងច្បាប់ដែលនឹងហាមឃាត់ប៉ូលិសមិនឲ្យប្រើវិធីច្របាច់ក រឹតត្បិតករណីដែលប៉ូលិសអាចរួចទោស ដែលទាំងនេះនឹងធ្វើឲ្យពលរដ្ឋរងគ្រោះមានលទ្ធភាពច្រើនជាងមុន ក្នុងការប្តឹងទារសំណងពីមន្ត្រីប៉ូលិស។
ប្រធានព្រឹទ្ធសភាលោក Mitch McConnell ថ្លែងកាលពីថ្ងៃពុធថា សេចក្តីព្រាងច្បាប់ដែលស្នើឡើងដោយបក្សសាធារណរដ្ឋ ក៏នឹងឈានដល់ការបោះឆ្នោត។
សេចក្តីព្រាងច្បាប់ថ្មីនេះនឹងតម្រូវឲ្យអាជ្ញាធរថ្នាក់រដ្ឋ និងមូលដ្ឋាន ត្រូវរាយការណ៍ទៅក្រសួងយុត្តិធម៌នូវរាល់ការប្រើដីកាដែលអនុញ្ញាតឲ្យប៉ូលិសចូលឆែកឆេរកន្លែងសង្ស័យជនឧក្រិដ្ឋ ដោយមិនប្រាប់ជាមុន។ សេចក្តីព្រាងច្បាប់នេះក៏នឹងរឹតត្បិតថវិកាដល់ស្ថាប័នប៉ូលិសណា ដែលមិនមានគោលនយោបាយហាមឃាត់ការប្រើវិធីច្របាច់ក។
ទាំងបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យគាំទ្រឲ្យមានការបង្កើតគណៈកម្មការមួយ ដែលនឹងសិក្សាឫសគល់នៃឧក្រិដ្ឋកម្ម ដែលត្រូវគេប្រព្រឹត្តនៅក្នុងសហគមន៍ពលរដ្ឋភាគតិច។
សកម្មភាពប្រញាប់ប្រញាល់របស់ស្ថាប័នសភាអាមេរិកក្នុងការសម្រេចលើសេចក្តីព្រាងច្បាប់កំណែទម្រង់ស្ថាប័នប៉ូលិសនេះ កើតមានឡើង ខណៈមានការបន្តធ្វើបាតុកម្មទូទាំងសហរដ្ឋអាមេរិក ដើម្បីទាមទារយុត្តិធម៌ឲ្យលោក George Floyd ពលរដ្ឋអាមេរិកស្បែកខ្មៅ ដែលបានស្លាប់ក្រោមសមត្ថកិច្ចប៉ូលិសស្បែកសក្រុង Minneapolis កាលពីថ្ងៃទី២៥ ខែឧសភា៕