រដ្ឋសភា​សហរដ្ឋ​អាមេរិក​អនុម័ត​សំណើ​ច្បាប់​ដាក់​ទណ្ឌកម្ម​តួកគី​រឿង​លុកលុយ​ក្នុង​​ស៊ីរី

រូបឯកសារ៖ ​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​លោក David Satterfield ក្នុង​ជំនួបជាមួយនាយករដ្ឋមន្រ្តីលីបង់នៅក្រុងបេរ៉ូត ប្រទេសលីបង់ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។​

ក្រសួង​ការបរទេស​តួកគី​​បាន​បញ្ជាក់​ថា ខ្លួន​បាន​កោះ​ហៅ​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​លោក David Satterfield បន្ទាប់ពី​រដ្ឋសភា​អាមេរិក​បាន​អនុម័ត​លើ​សំណើ​ច្បាប់​នេះ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

នៅ​ថ្ងៃ​ពុធ​នេះ ប្រទេស​តួកគី​បាន​ជំទាស់​ទៅ​នឹង​សំណើ​ច្បាប់​មួយ​ដែល​បាន​អនុម័ត​ដោយ​រដ្ឋសភា​សហរដ្ឋ​អាមេរិក។ សំណើ​ច្បាប់​នោះ​ស្នើ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​តួកគី​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​លុកលុយ​របស់​ទួរគី​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី និង​ស្នើ​នូវ​វិធានការ​មួយ​ដែល​ទទួល​ស្គាល់​ការ​សម្លាប់​ជនជាតិ​អាមេនី​ដែល​ធ្វើ​ឡើង​ដោយ​ពួក​ទួរគី​នៅ​សម័យ Ottomon ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍។

ក្រសួង​ការបរទេស​តួកគីបាន​បញ្ជាក់​ថា ខ្លួន​បាន​កោះ​ហៅ​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​លោក David Satterfield បន្ទាប់ពី​រដ្ឋសភា​អាមេរិក​បាន​អនុម័ត​លើ​សំណើ​ច្បាប់​នេះ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

វិធានការ​ដែល​បាន​ស្នើ​ដោយ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​លោក Eliot Engel ដែល​ជា​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ New York និង​ដោយ​លោក Michael McCaul ដែល​ជា​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Texas នេះនឹង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​តួកគីដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​សម្រេច​ធ្វើ​ការ​លុកលុយ​ចូល​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី និង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​របស់​ពួក Kurd។

រដ្ឋសភា​សហរដ្ឋ​អាមេរិក​អនុម័ត​សំណើ​ច្បាប់​នេះ​ក្នុង​សំឡេង ៤០៣ ទល់​នឹង ១៦។

ក្រសួង​ការបរទេស​តួកគី​បាន​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ថា វិធានការ​របស់​សហរដ្ឋ​អាមេរិក​នេះ «ផ្ទុយ​ពី​ស្មារតី​របស់​សម្ព័ន្ធ​ភាព​អង្គការ​អូតង់‍»។

ក្រសួង​នេះ​បាន​បន្ថែម​ថា សមាជិក​រដ្ឋសភា​អាមេរិក​ទទួល​ស្គាល់​ពួក «ភេរវករ‍» Kurd ដោយ​គ្មាន​ការ​ពិចារណា​គ្រប់​ជ្រុងជ្រោយ។ ប្រទេស​តួកគីចាត់ទុក​ពួក Kurd នៅ​ប្រទេស​ស៊ីរី​ថា​ជា​សម្ព័ន្ធ​មិត្ត​របស់​ពួក​ផ្ដាច់​ខ្លួន Kurd ក្នុង​ប្រទេស​តួកគី​ ដែល​បាន​វាយ​ប្រយុទ្ធ​ដើម្បី​ស្វ័យភាព​អស់​រយៈពេល ៣ ទសវត្សរ៍​មក​ហើយ៕