កាលពីថ្ងៃពុធម្សិលមិញ រដ្ឋសភាសហរដ្ឋអាមេរិកបានបោះឆ្នោតជំទាស់នឹងសេចក្ដីសម្រេចមួយដែលចង់ពិចារណាភ្លាមៗនៅក្នុងការចាប់ផ្ដើមដំណើរការចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
សមាជិកនៃរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបានបោះឆ្នោតក្នុងសំឡេង ៣៣២ ទល់នឹង ៩៥ ដើម្បីប្រឆាំងនឹងសេចក្ដីសម្រេចនេះ។
លោក Trump បានហៅការជជែកដេញដោលអំពីដំណើរការចោទប្រកាន់ទម្លាក់លោកពីតំណែងនេះថាជា «ផែនការគួរឲ្យចង់សើច និងខាតពេលវេលាជាទីបំផុត»។ លោកបានប្រកាសថា រឿងដំណើរការចោទប្រកាន់ទម្លាក់លោកពីតំណែងនេះបានចប់ហើយ។ លោកបាននិយាយថា ដំណើរការនេះ «មិនគួរត្រូវបានអនុញ្ញាតឲ្យកើតឡើងចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកណាម្នាក់ម្ដងទៀតនោះឡើយ»។
ប៉ុន្តែគ្មានអ្វីមួយអាចរារាំងសមាជិកណាម្នាក់នៅក្នុងរដ្ឋសភាមិនឲ្យស្នើសេចក្ដីសម្រេចណាមួយទៀតនៅពេលអនាគតបានទេ។
សេចក្ដីសម្រេចនេះត្រូវបានស្នើឡើងដោយសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Texas លោក Al Green ទោះបីជាមានការប្រឆាំងពីប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi និងសមាជិកគណបក្សប្រជាធិបតេយ្យផ្សេងទៀតក៏ដោយ ដោយសមាជិកសភាផ្សេងទៀតចង់គាំទ្រឲ្យមានការស៊ើបអង្កេតចំពោះទំនាក់ទំនងរបស់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump ជាមួយនឹងប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០១៦ រឿងពន្ធប្រាក់ចំណូល និងរឿងហិរញ្ញវត្ថុផ្សេងទៀតរបស់លោក Trump។
រដ្ឋសភាក៏ចង់ដឹងផងដែរថាតើលោក Trump មានបានរារាំងដំណើរការស៊ើបអង្កេតរបស់លោករដ្ឋអាជ្ញាពិសេស Robert Mueller អំពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៦ ដែរឬក៏យ៉ាងណានោះ៕