ប្រធានគណៈកម្មាធិការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក លោក Davin Nunes បានជួបជាមួយនឹងប្រភពព័ត៌មានម្នាក់នៅក្នុងសេតវិមាន មុនពេលដែលលោកបានលាតត្រដាងកាលពីសប្តាហ៍មុនថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានគេលួចថតសំឡេងដោយអចេតនា។ នេះបើយោងតាមអ្នកនាំពាក្យរបស់លោក។
អ្នកនាំពាក្យ លោក Jack Langer បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា លោក Nunes បានជួបជាមួយនឹងប្រភពព័ត៌មានរបស់លោកនៅក្នុងបរិវេណសេតវិមាន ដើម្បីមានកន្លែងសុវត្ថិភាពមួយ ដែលលោកអាចមើលព័ត៌មានដែលប្រភពព័ត៌មានរបស់លោកផ្តល់ឲ្យបាន។
កាលពីលើកមុន លោក Nunes មិនបាននិយាយទេ ថាតើលោកបានជួបជាមួយនឹងប្រភពព័ត៌មាននេះនៅកន្លែងណា ហើយលោកនៅតែមិនទាន់បញ្ចេញអត្តសញ្ញាណរបស់គេដដែល។
លោក Sean Spicer អ្នកនាំពាក្យសេតវិមានបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា លោកមិនបានដឹងថា លោក Nunes បានទទួលព័ត៌មាននេះពីកន្លែងណានោះទេ ប៉ុន្តែលោកបាននិយាយថា លោក Nunes បាននិយាយថា ខ្លួនមិនបានជួបជាមួយនឹងនរណាម្នាក់ដែលជាបុគ្គលិករបស់សេតវិមាននោះទេ។ លោកបាននិយាយទៀតថា លោក Nunes ក៏បានបញ្ជាក់យ៉ាងច្បាស់ថា លោកមានប្រភពព័ត៌មានមួយចំនួនសម្រាប់ការចោទប្រកាន់នេះ៕