គណៈកម្មាធិការផ្នែកស៊ើបការណ៍សម្ងាត់នៃសភាតំណាងរាស្ត្រអាមេរិកាំងបានប្រជុំបិទទ្វារកាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃក្រោយពីការស៊ើបអង្កេតរបស់ខ្លួនអំពីការចោទប្រកាន់ស្តីពីការលួចថតសំឡេងការសន្ទនាតាមទូរស័ព្ទទាក់ទិននឹងប្រធានាធិបតី Donald Trump និងអ្នកកាន់តំណែងមុនលោកគឺ លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា មានភាពច្របូកច្របល់។
លោក Devin Nunes សមាជិកសភាខាងគណបក្សសាធារណរដ្ឋ និងជាប្រធានគណៈកម្មាធិការនេះបានការពារការលាតត្រដាងរបស់លោកកាលពីថ្ងៃពុធដែលថាការលួចថតសំឡេងការសន្ទនាគ្នារវាងពួកភ្នាក់ងារបរទេស និងពួកមន្ត្រីរបស់លោក Trump នៅក្រោយការបោះឆ្នោតកាលពីខែវិច្ឆិកាបាននាំឱ្យមាន «ការប្រមូលដោយអចេតនា» នូវអត្ថាធិប្បាយធ្វើឡើងដោយពួកសហការីរបស់លោក Trump ហើយក៏អាចមានអត្ថាធិប្បាយដោយលោក Trump ផងដែរ។
លោក Nunes បាននិយាយជាមួយពួកអ្នកកាសែត និងលោកប្រធានាធិបតីអំពីសម្ភារៈនេះដោយមិនបាននិយាយប្រាប់សមាជិកណាម្នាក់ក្នុងបណ្តាសមាជិក២១នាក់ទៀតនៃគណៈកម្មាធិការនេះទេ។
នៅមុនទៅកាន់ការប្រជុំនៃគណៈកម្មាធិការនេះ លោក Nunes បាននិយាយថាការលាតត្រដាងរបស់លោក និងការនិយាយត្រួសៗប្រាប់លោក Trump នៅឯសេតវិមានជា «សេចក្តីសម្រេចផ្ទាល់ខ្លួន»។ លោកបាននិយាយអំពីជំនួបរបស់លោកជាមួយលោក Trump ថា «ខ្ញុំបានហៅទូរស័ព្ទទៅសេតវិមានថាខ្ញុំនឹងទៅទីនោះ»។
កាលពីថ្ងៃព្រហស្បតិ៍ លោក Sean Spicer អ្នកនាំពាក្យសេតវិមានបានការពារប្រធានគណៈកម្មាធិការនេះដែលបានទៅនិយាយត្រួសៗប្រាប់លោកប្រធានាធិបតីដោយមិនបានប្រាប់ព័ត៌មានទាំងនេះដល់ពួកសមាជិកឯទៀតៗនៃគណៈកម្មាធិការនេះជាមុន ដែលជាចំណាត់ការមួយនាំឱ្យពួកប្រជាធិបតេយ្យដែលជាក្រុមប្រឆាំងមានការខឹងសម្បា៕