ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​លុប​ច្បាប់​ថែទាំ​សុខភាព Obamacare ត្រូវ​ផ្អាក


បាតុករ​តវ៉ា​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Donald Trump និង​គម្រោង​របស់​លោក​ក្នុង​ការ​លុប​ចោល​ច្បាប់ Obamacare នៅ​ខាង​ក្រៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។
បាតុករ​តវ៉ា​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Donald Trump និង​គម្រោង​របស់​លោក​ក្នុង​ការ​លុប​ចោល​ច្បាប់ Obamacare នៅ​ខាង​ក្រៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។

ប្រភព​ព័ត៌មាន​ពី​ខាង​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​និយាយ​ថា នឹង​គ្មាន​ការបោះឆ្នោត​នៅ​សភា​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ ម៉ោង​ក្នុង​សហរដ្ឋអាមេរិក ទៅ​លើ​ការ​លុបចោល​ច្បាប់ Affordable Care ដែល​គេ​ស្គាល់​ថា Obamacare នោះ​ទេ។

ប្រភព​ដែល​មិន​កំណត់​អត្តសញ្ញាណ​នេះ​បាន​និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​មួយ​ចំនួន​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ រយៈពេល​ប៉ុន្មាន​ម៉ោង​មុន​ពេល​ដែល​ការ​បោះឆ្នោត​មួយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ធ្វើ​ឡើង។​

សមាជិក​នៃ​ក្រុម​អ្នក​អភិរក្ស​និយម​របស់​សភា​ដែល​ប្រកាន់​ស្តាំ​និយមជ្រុល​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Freedom Caucus បាន​និយាយ​ក្រោយ​ប្រជុំ​មួយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី Donald Trump ថា ពួកគេ​មិន​អាច​ឈាន​ដល់​ការ​ឯកភាព​គ្នា​ទៅ​លើ​ថា​តើ​គួរ​លុបចោល Obamacare ឬ​យ៉ាង​ណា​នោះ​ទេ។ ​

លោក Mark Meadows សមាជិក​សភា​ និង​ជា​ប្រធាន​ក្រុម Freedom Caucus នេះ បាន​បញ្ជាក់​ថា ក្រុម​ការងារ​របស់​លោក ​និង​លោក​ប្រធានាធិបតី​មិន​អាច​ឈាន​ដល់ការ​ឯកភាព​គ្នា​ទៅ​លើ​បញ្ហា​នេះ​នោះ​ទេ។

ប៉ុន្តែ​សេតវិមាន​បកស្រាយ​ផ្សេង​ចំពោះ​កិច្ចប្រជុំ​របស់​លោក Trump ជាមួយ​នឹង​សមាជិក​សភា​អភិរក្ស​និយម ដោយ​បាន​បញ្ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា ភាគី​ទាំង​ពីរ​បាន​បោះជំហាន​ទៅ​មុខ​យ៉ាង​វិជ្ជមាន​មួយ​ជំហាន ឆ្ពោះ​ទៅ​រក​ការ​លុបចោល​ច្បាប់​ថែទាំ​សុខភាព​នេះ៕

XS
SM
MD
LG