រដ្ឋសភាសហរដ្ឋអាមេរិក បានប្តឹងទម្លាក់លោកប្រធានាធិបតី Donald Trump ចេញពីតំណែងកាលពីថ្ងៃពុធម្សិលមិញដោយបានប្រកាសថា លោកប្រធានាធិបតីបានញុះញង់ឲ្យមានការបះបោរកាលពីសប្តាហ៍មុន នៅពេលដែលលោកបានអង្វរសុំពួកអ្នកគាំទ្រលោករាប់ពាន់នាក់ឲ្យដើរឆ្ពោះទៅកាន់វិមានសភា ដើម្បីព្យាយាមប្រែក្រឡាស់ការចាញ់ឆ្នោតរបស់លោក ហើយដែលព្រឹត្តិការណ៍នេះ បានបណ្តាលឲ្យមានបាតុកម្មដែលបានក្លាយជាការវឹកវរដ៏ប្រល័យ។
ការបោះឆ្នោតដោយសំឡេងភាគច្រើន ២៣២ ទល់នឹង ១៩៧ សំឡេងដើម្បីប្តឹងទម្លាក់លោកចេញពីតំណែង ដែលនៅសល់តែមួយសប្តាហ៍ទៀតនៃការកាន់តំណែងរបស់លោក Trump ជាមេដឹកនាំសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងដោយសមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យដែលមានការចូលរួមដោយក្រុមគណបក្សសាធារណរដ្ឋចំនួន១០រូប។
ការបោះឆ្នោតរបស់រដ្ឋសភានេះ បានធ្វើឲ្យលោក Trump មានកេរ្តិ៍ឈ្មោះខុសពីគេ និងធ្វើឲ្យលោកក្លាយជាប្រធានាធិបតីលើកទី១នៅក្នុងប្រវត្តិសាស្ត្រ ២៤៥ ឆ្នាំរបស់សហរដ្ឋអាមេរិក ដែលត្រូវបានប្តឹងទម្លាក់ចេញពីតំណែងចំនួន២លើក។
កាលពីឆ្នាំទៅ លោកបានត្រូវព្រឹទ្ធសភាឱ្យរួចផុតពីការចោទប្រកាន់នៅក្នុងរឿងក្តីប្តឹងទម្លាក់ចេញពីតំណែងដាច់ដោយពីគ្នា ហើយឥឡូវនេះ នឹងប្រឈមការកាត់ទោសថ្មីក្នុងប៉ុន្មានសប្តាហ៍ទៀត បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ត្រូវស្បថចូលកាន់តំណែងនៅថ្ងៃពុធសប្តាហ៍ក្រោយ។ គេត្រូវការសំឡេងឆ្នោត ២ភាគ៣ នៅក្នុងព្រឹទ្ធសភាដែលបែកបាក់ខាងនយោបាយរបស់អាមេរិក ដើម្បីអាចកាត់ទោសលោកបាន។ ប្រសិនបើមានទោស លោកអាចត្រូវរារាំងមិនឲ្យកាន់តំណែងសហព័ន្ធទៅអនាគត។
ភ្លាមៗបន្ទាប់ពីការបោះឆ្នោត មេដឹកនាំសំឡេងភាគច្រើនព្រឹទ្ធសភាលោក Mitch McConnell បានច្រានចោលម្តងទៀតពីលទ្ធភាពនៃការកាត់ទោសភ្លាមៗ។
ដោយឡែក ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា លោកប្រធានាធិបតី Donald Trump ដែលត្រូវបានគេសរសេរឡើងវិញនៅក្នុងសៀវភៅប្រវត្តិសាស្ត្រថា ជាប្រធានាធិបតីត្រូវបានគេប្តឹងទម្លាក់ចេញពីតំណែងលើកទី២នោះ ភាគច្រើនបានស្ថិតនៅតែម្នាក់ឯង និងរក្សាការស្ងៀមស្ងាត់។
អស់រយៈពេលជាង៤ឆ្នាំមកនេះ លោក Trump បានក្តោបក្តាប់ចំណាប់អារម្មណ៍ព័ត៌មានរបស់ប្រទេសជាតិ ជាងប្រធានាធិបតីអាមេរិកមុនៗណាទាំងអស់។ ប៉ុន្តែពេលដែលកេរ្តិ៍ឈ្មោះរបស់លោក ត្រូវបានចារកាលពីថ្ងៃពុធជាប្រធានាធិបតីតែមួយគត់ដែលត្រូវបានចោទប្រកាន់២ដងពីបទឧក្រិដ្ឋកម្ម ឬបទល្មើសមជ្ឈិមដ៏ធ្ងន់ធ្ងរនោះ គេមិនសូវបានឮពីលោកទេ។ ពេលនេះគណនីបណ្តាញសង្គមរបស់លោក ក៏ត្រូវបានបិទ ឬផ្អាកដែរ។
លោក Trump បានស្ថិតនៅក្នុងសេតវិមានដែលស្ទើរតែគ្មានមនុស្សនៅ ពេលដែលដំណើរការនៃប្តឹងទម្លាក់លោកបានធ្វើឡើងនៅវិមានសភា។ នៅទីនោះ ការខូចខាតមកពីកុបកម្មកាលពីសប្តាហ៍មុន ជាការធ្វើឲ្យនឹកឃើញដល់ការបះបោរដែលលោកប្រធានាធិបតីបានរងការចោទប្រកាន់ពីការញុះញង់។
នៅទីបំផុត គេបានឮពីលោក បន្ទាប់ពីការបោះឆ្នោតប៉ុន្មានម៉ោងមក នៅក្នុងវីដេអូមួយដែលបានថ្កោលទោសការបះបោរនៅឯវិមានសភា ហើយបានព្រមានពួកអ្នកគាំទ្រលោកកុំឲ្យចូលរួមក្នុងអំពើហិង្សាតទៅទៀត។
លោក Trump បាននិយាយថា៖ «ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា ខ្ញុំថ្កោលទោសអំពើហិង្សាដែលយើងបានឃើញកាលពីសប្តាហ៍មុន»។ លោកបានបន្ថែមទៀតថា អ្នកគាំទ្រពិតរបស់លោកមិនអាចគាំទ្រអំពើហិង្សានយោបាយនេះទេ។
វាជាខ្លឹមសារដែលលោក Trump ភាគច្រើនមិនបានលើកឡើងទេកាលពីមួយសប្តាហ៍មុន នៅពេលដែលកុបករ សម្រុកចូលទៅកាន់វិមានសភាដើម្បីរារាំងសភាមិនឲ្យប្រកាសជ័យជម្នះរបស់លោក Biden៕