ការរាតត្បាតនៃជំងឺកូវីដ១៩បានធ្វើឲ្យមានវិបត្តិខ្វះគិលានុបដ្ឋាកដែលកំពុងបង្ខំឲ្យមន្ទីរពេទ្យជាច្រើននៅក្នុងសហរដ្ឋអាមេរិកប្រាក់ខែច្រើនៗដើម្បីជួយដោះស្រាយបញ្ហាអ្នកជំងឺនៅរដូវក្តៅនេះ។
មេដឹកនាំវិស័យសុខាភិបាលនិយាយថា បញ្ហាដែលកើនឡើងទ្វេដងដូចជា គិលានុបដ្ឋាក និងគិលានុបដ្ឋាយិកាឈប់ធ្វើការឬចូលនិវត្តន៍ អស់កម្លាំងឬខូចទឹកចិត្តដោយសារវិបត្តិនេះ។ គិលានុបដ្ឋាកនិងគិលានុបដ្ឋាយិកាជាច្រើនកំពុងចាកចេញទៅធ្វើការងារបណ្តោះអាសន្នជាមួយទីភ្នាក់ងារគ្រូពេទ្យចល័តដែលអាចឲ្យប្រាក់ខ្ពស់គឺ៥ពាន់ដុល្លារក្នុងមួយសប្តាហ៍។
វិបត្តិនេះបានទៅដល់ចំណុចមួយដែលក្រុមវេជ្ជបណ្ឌិតនិយាយថា៖ «ខ្ញុំប្រហែលឈប់ធ្វើជាវេជ្ជបណ្ឌិតហើយទៅធ្វើជាគិលានុបដ្ឋាកគិលានុបដ្ឋាយិកាវិញ»។ នេះបើតាមលោកវេជ្ជបណ្ឌិត Phillip Coupleប្រធានការិយាល័យវេជ្ជសាស្ត្រមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Augusta នៃរដ្ឋ Georgia ដែលគិលានុបដ្ឋាក និងគិលានុបដ្ឋាយិកាពី២០ទៅ៣០នាក់លាឈប់ពីការងារក្នុងមួយសប្តាហ៍ទៅធ្វើការងារចល័ត។
លោកវេជ្ជបណ្ឌិត Coule បាននិយាយទៀតថា៖ «ហើយបន្ទាប់មកយើងត្រូវឲ្យប្រាក់ខែច្រើនបំផុតដើម្បីយកបុគ្គលិកមកពីរដ្ឋផ្សេងទៀតមកធ្វើការឲ្យរដ្ឋរបស់យើង»។
អ្នកស្រី Sophia Morris អនុប្រធានក្រុមហ៊ុន Aya Healthcare ដែលជ្រើសរើសបុគ្គលិកថែទាំសុខភាពដែលមានទីតាំងនៅក្នុងទីក្រុង San Diego បាននិយាយថា ប្រាក់ឈ្នួលជាមធ្យមសម្រាប់គិលានុបដ្ឋាក និងគិលានុបដ្ឋាយិកាដែលធ្វើការក្នុងសេវាសុខភាពចល័តកើនពីប្រហែលពី១ពាន់ទៅ២ពាន់ដុល្លារក្នុងមួយសប្តាហ៍មុនពេលមានជំងឺរាតត្បាតនោះឥឡូវនេះឡើងដល់ប្រហែល៣ពាន់ទៅ៥ពាន់ដុល្លារក្នុងមួយសប្តាហ៍។អ្នកស្រីបាននិយាយទៀតថាក្រុមហ៊ុន Aya មានកន្លែងធ្វើការចំនួន៤៨.៨០០សម្រាប់គិលានុបដ្ឋាកគិលានុបដ្ឋាយិកាចល័ត៕