អត្ថបទមួយនៅលើគេហទំព័រកាសែត The Washington Post កាលពីយប់ថ្ងៃព្រហស្បតិ៍ សរសេរថាមន្ត្រីសហព័ន្ធកំពុងស៊ើបអង្កេតរបាយការណ៍ដែលថាវ៉ាក់សាំង Moderna បង្ការជំងឺកូវីដ១៩អាចមានជាប់ពាក់ព័ន្ធទៅនឹងការរលាកសាច់ដុំបេះដូងរបស់មនុស្សក្មេងពេញវ័យគឺខ្លាំងជាងការវាយតម្លៃពីពេលមុន។
កាសែតនេះបានដកស្រង់ប្រភពមិនចេញឈ្មោះដែលគេមិនអនុញ្ញាតឲ្យនិយាយអំពីការស៊ើបអង្កេតដោយទីភ្នាក់ងារចំណីអាហារនិងឱសថនិងទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺ (CDC) សហរដ្ឋអាមេរិក។
កាសែតនេះបានរាយការណ៍ថាសហរដ្ឋអាមេរិកកំពុងប្រើទិន្នន័យមកពីប្រទេសកាណាដាដែលថាមនុស្សក្មេងៗជាពិសេសមនុស្សប្រុស«អាយុក្រោម៣០ឆ្នាំ»ដែលបានចាក់វ៉ាក់សាំង Moderna ប្រឈមហានិភ័យជំងឺបេះដូងច្រើនជាងដែលអ្នកដែលចាក់វ៉ាក់សាំង Pfizer។
កាសែត The Washington Post បានប្រាប់ឲ្យដឹងទៀតថាក្រុមមន្ត្រីនៃទីភ្នាក់ងារចំណីអាហារនិងឱសថ និងទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺ (CDC) សហរដ្ឋអាមេរិកក៏កំពុង«ពិនិត្យមើលទិន្នន័យពីសហរដ្ឋអាមេរិកដើម្បីព្យាយាមកំណត់ថាតើមានភស្តុតាងនៃកំណើនហានិភ័យនៅក្នុងចំណោមប្រជាពលរដ្ឋសហរដ្ឋអាមេរិកដែរឬទេ»។
កាលពីខែមិថុនាក្រុមមន្ត្រីសហព័ន្ធទទួលស្គាល់ថា«ទំនងជាមានការទាក់ទិន»រវាងវ៉ាក់សាំង Moderna និង Pfizer ជាមួយនឹងការរលាកសាច់ដុំបេះដូងនៅក្នុងចំណោមមនុស្សចាស់និងក្មេងៗ។នេះតាមសេចក្តីរាយការណ៍របស់កាសែត The Washington Post។
សេចក្តីរាយការណ៍នោះបានបញ្ជាក់ថាផលប៉ះពាល់នៃការរលាកសាច់ដុំបេះដូងដោយសារវ៉ាក់សាំងModerna «ជាការកម្របំផុត»៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press, Agence France-Presse និងReuters)